លោក ម៉មសូណង់ដូ សុំ​ឲ្យ​ព្រះសង្ឃ​ ប៊ុតប៊ុនតិញ សឹក​ខណៈ​លោក​ប្ដឹង​ទារ ១ ម៉ឺន​រៀល

ភ្នំពេញៈ លោក ម៉ម សូណង់ដូ ដែលជាអ្នកនយោបាយ និងជាប្រធានវិទ្យុសំបុកឃ្មុំពីម្សិលមិញបានអំពាវនាវឲ្យសកម្មជនសង្ឃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សឹកបន្ទាប់ពីលោកបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពីករណីបណ្តឹងបទបរិហារកេរ្តិ៍របស់លោកទៅលើព្រះតេជគុណ ប៊ុត ប៊ុនតិញ។

លោក សូណង់ដូ ដែលជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានដាក់ពាក្យបណ្តឹងនេះជាការឆ្លើយតបនឹងវីដេអូមួយដែលបង្ហោះលើហ្វេសប៊ុកព្រះតេជគុណប៊ុនតិញកាលពីខែមេសា ឆ្នាំមុន។

Loading...

លោក ម៉ម សូណង់ដូ កាលពីម្សិលមិញបានប្រាប់អ្នកយកព័ត៌មានថាលោកបានដាក់ពាក្យបណ្តឹងទៅលើព្រះតេជគុណ ប៊ុនតិញ ដោយសារលោកចង់បង្ហាញសាធារណជនថាលោកសង្ឃអង្គនេះ «គ្មានសីលធម៌»។

«ការបរិហារកេរ្តិ៍នេះគឺជាការពិត។ គាត់បង្កើតសេណារីយោមួយដែលមិនពិតដោយថាខ្ញុំបានចរចាដើម្បីតំណែងមួយជាមួយលោក កឹម សុខា និងលោក សម រង្ស៊ី ដើម្បីក្លាយជាតំណាងរាស្រ្ត…សម្រាប់ខ្លួនខ្ញុំផ្ទាល់ និងសម្រាប់ប្រពន្ធរបស់ខ្ញុំ»។ «វាប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំគណបក្សរបស់ខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំ។ អ្វីដែលលោកមានសង្ឃដីកាគឺមិនពិត»។ «ព្រះអង្គគួរតែសឹកឈប់ធ្វើជាសង្ឃ»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញខណៈព្រះអង្គកំពុងគង់នៅសហរដ្ឋអាមេរិកប៉ុន្តែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានថ្លែងថាព្រះរាជអាជ្ញា ស្រី ម៉ាក់នី នឹងបន្តស៊ើបអង្កេតករណីនេះបន្ទាប់ពីការសាកសួរលោក ម៉ម សូណង់ដូ រួច។

មេធាវីរបស់លោក សូណង់ដូ លោក សុក សំអឿន បានថ្លែងថាភ័ស្តុតាងអូយ៉ូត្រូវបានដាក់ទៅតុលាការហើយកូនក្តីលោកទាមទារសំណង ១០០០០ រៀលពីព្រះតេជគុណ ប៊ុនតិញ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍