កូឡំប៊ី​បើក​ទំព័រ​សករាជ​សន្តិភាព បន្ទាប់​ពី​ការ​បង្ហូរ​ឈាម​គ្នា​អស់​រយៈពេល ៥២ឆ្នាំ

នៅក្នុងប្រទេសកូឡំប៊ី លោកប្រធានាធិបតីជាន់ម៉ានុយអែល សង់តូស និងប្រធានចលនាឧទ្ទាម Farc លោកទីម៉ូឡេអ៊ុង ជីមឺណេ ទីម៉ូឆេនកូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្រាស់ ២៩៧ទំព័រដែលបានឯកភាពគ្នាកាលពីខែសីហា។ គឺជាកិច្ចព្រមព្រៀងដែលបានបិទបញ្ចប់ជម្លោះប្រដាប់អាវុធយ៉ាងបង្ហូរឈាមរវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាម Farc រយៈពេល ៥២ឆ្នាំ។ នៅក្នុងពិធីចុះហត្ថលេខានោះ គេសង្កេតមានវត្តមានចូលរួមរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេសជាច្រើនរូប រួមទាំងប្រធានស្ថាប័នអន្តរជាតិផ្សេងទៀត ពិសេសលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន។

នៅទីបំផុត ថ្ងៃដែលប្រទេសកូឡំប៊ី និងប្រជាជនកូឡំប៊ីបានទន្ទឹងរង់ចាំអស់រយៈពេលជាងកន្លះសតវត្សបានឈានមកដល់ហើយ។ ថ្ងៃនោះ គឺការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលទីក្រុងបូហ្គោតា និងចលនាឧទ្ទាម Farc នាថ្ងៃទី២៦ កញ្ញា ឆ្នាំ ២០១៦។ ចង់ ឬមិនចង់ចាប់ពីពេលនេះតទៅ ថ្ងៃទី២៦ កញ្ញានឹងក្លាយជាថ្ងៃប្រវត្តិសាស្រ្តដែលពលរដ្ឋកូឡំប៊ីមិនអាចបំភ្លេចបានទេ ព្រោះជាថ្ងៃដែលកូឡំប៊ីបានបើកទំព័រសករាជសន្តិភាព និងបិទទំព័រសង្រ្គាមហែកហួរគ្នាយ៉ាងបង្ហូរឈាមរយៈពេល ៥២ឆ្នាំ។ សង្រ្គាមស៊ីវិលជាងកន្លះសតវត្សដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២៦ម៉ឺននាក់ បាត់ខ្លួន ៤៥ ០០០នាក់ និងមានជនបម្លាស់ទីគេចពីតំបន់ជម្លោះជិត ៧លាននាក់។

Loading...

ក្រៅពីនិមិត្តរូបជាប្រវត្តិសាស្រ្តនៃការចុះហត្ថលេខារវាងលោកសង់តូស និងលោកទីម៉ូមឆេនកូដែលត្រូវបានគេចាក់បញ្ជាំងផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេស ក៏នៅមាននិមិត្តរូបជាប្រវត្តិសាស្រ្តមួយទៀតដែលមិនអាចកំបាំងភ្នែកពលរដ្ឋកូឡំប៊ីបានទេ នោះគឺ ការចាប់ដៃគ្នាជាលើកទីមួយរវាងប្រធានាធិបតី និងមេឧទ្ទាម Farc ក្នុងរយៈពេល ៥២ឆ្នាំកន្លងទៅ។ សូមជម្រាបជូនថា កិច្ចព្រមព្រៀងសន្តិភាពកម្រាស់ ២៩៧ទំព័រដែលបានចុះហត្ថលេខាជាផ្លូវការដោយលោកប្រធានាធិបតីសង់តូស និងលោកប្រធានចលនាឧទ្ទាម Farc ទីម៉ូឆេនកូពេលនេះ គឺជាផ្លែផ្កាបានមកពីការចរចារយៈពេល ៤ឆ្នាំរវាងលោកសង់តូស និងលោកទីម៉ូឆេនកូ។

បន្ទាប់ពីចុះហត្ថលេខាជាផ្លូវការរួចហើយ កិច្ចព្រមព្រៀងសន្តិភាពនោះនឹងត្រូវដាក់ឲ្យពលរដ្ឋកូឡំប៊ីបោះឆ្នោតដែលគ្រោងរៀបចំនៅថ្ងៃទី២ តុលាខាងមុខ។ តែបើតាមមើលទៅ និងបើយោងតាមលទ្ធផលនៃការស្ទង់មតិកន្លងមកឲ្យដឹងថា មានពលរដ្ឋគូឡំប៊ីភាគច្រើននឹងបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងសន្តិភាពនោះ។ តាមពិតទៅ យន្តការនៃការរៀបចំបោះឆ្នោតប្រជាមតិស្តីពីកិច្ចព្រមព្រៀងនោះមិនមែនជារឿងចាំបាច់ទេ តែជាការចង់បានរបស់លោកប្រធានាធិបតីសង់តូសក្នុងគោលដៅផ្តល់ភាពស្របច្បាប់ឲ្យកាន់តែទូលំទូលាយបន្ថែមទៀតលើកិច្ចព្រមព្រៀងសន្តិភាព។

ជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ ចលនាឧទ្ទាម Farc ត្រូវប្រគល់អាវុធទាំងអស់ទៅឲ្យអង្គការសហប្រជាជាតិក្នុងរយៈពេល ១៨០ថ្ងៃ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ Farc ដែលមានពាក្យពេញថា « កម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡំប៊ី » នឹងប្តូរលក្ខន្តិកពីចលនាឧទ្ទាមតស៊ូផ្លូវអាវុធបង្ហូរឈាមលើសមរភូមិទៅជាគណបក្សនយោបាយមួយដែលតស៊ូលើឆាកនយោបាយស្របច្បាប់ និងគ្មានការបង្ហូរឈាម។ គួររម្លឹកជូនឡើងវិញថា ជម្លោះរវាងរដ្ឋាភិបាល និងចលនាឧទ្ទាម Frac នៅកូឡំប៊ី គឺជាជម្លោះដ៏យូរលង់ និងរ៉ាំរ៉ៃជាងគេនៅក្នុងអាមេរិកឡាទីន។ ចលនាឧទ្ទាម Farc បានចាប់កំណើតក្នុងឆ្នាំ ១៩៦៤ និងបានតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលបូហ្គោតាមកដល់សព្វថ្ងៃ។

តែគេមិនត្រូវភ្លេចនិយាយទេថាពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនយុទ្ធជនប្រដាប់អាវុធរបស់ចលនាឧទ្ទាមមួយនេះបានបន្តធ្លាក់ចុះជាលំដាប់តាំងពីមានសមាជិក ២០ ០០០នាក់នាពេលចាប់កំណើតមកនៅប្រមាណជា ៧ ៥០០នាក់ប៉ុណ្ណោះនៅថ្ងៃនេះ។ ម្យ៉ាងទៀត កិច្ចចរចាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាល និងចលនាឧទ្ទាម Farc ធ្លាប់បានធ្វើចំនួន ៣ដង តែទទួលបរាជ័យទាំងអស់ គឺនៅឆ្នាំ ១៩៨៤ ១៩៩១ និងឆ្នាំ ១៩៩៩។ នៅពេលកិច្ចចរចាទទួលបរាជ័យម្តងៗ រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីបន្តប្រើអាវុធដើម្បីកម្ទេចពួកឧទ្ទាម Frac នៅលើសមរភូមិទេ។ រូបលោកសង់តូសដែលធ្លាប់កាន់តំណែងរដ្ឋមន្រ្តីការពារជាតិចន្លោះឆ្នាំ ២០០៦ និង ២០០៩ ក្នុងជំនាន់លោកប្រធានាធិបតីអាល់វ៉ារ៉ូ អ៊ុយរីបេត្រូវបានគេមើលឃើញថា ជាអ្នកដែលមិនញញើតប្រើកម្លាំងកម្ទេចពួក Farc ដោយគ្មានត្រាប្រណី។

គឺទើបតែឡើងកាន់តំណែងប្រធានាធិបតីជាង ៦ឆ្នាំកន្លងទៅទេដែលលោកសង់តូសបានប្រែខ្លួនពីអ្នកនិយមសង្រ្គាមមកជាអ្នកនិយមសន្តិភាពវិញ។ ជាប់ឆ្នោតលើកទី១ ក្នុងឆ្នាំ ២០១០ និងជាប់មួយអាណត្តិទៀតក្នុងឆ្នាំ ២០១៤ លោកសង់តូសដែលមានអាយុ ៦៥ឆ្នាំតែងប្តេជ្ញាចិត្តបញ្ចប់សង្រ្គាមស៊ីវិលដែលបានធ្វើឲ្យកូឡំប៊ីហិនហោចទាំងជីវិតមនុស្ស និងសេដ្ឋកិច្ច។ នៅក្នុងបទសន្ទនាជាមួយ AFP នាដើមខែកញ្ញាថ្មីៗនេះ លោកសង់តូសបានបញ្ជាក់ច្បាស់ៗថា ទោះបីជាសន្តិភាពដែលរកបានមានត្រឹម ៥០% ក៏ដោយ ក៏វាគ្រាន់បើជាងសង្រ្គាម ១០០% ឆ្ងាយណាស់។ បន្ទាប់ពីចលនាឧទ្ទាម Farc លោកសង់តូសត្រូវបន្តកិច្ចចរចាជាមួយក្រុមឧទ្ទាមផ្សេងទៀត ដូចយ៉ាងចលនាកម្លាំងប្រដាប់អាវុធរំដោះជាតិដែលមានគ្នាតិច និងរចនាសម្ព័ន្ធតូច តែនៅបន្តជាដំបៅរលួយហៀរខ្ទុះប្រចាំថ្ងៃនៅក្នុងសង្គមកូឡំប៊ី។

ចប់ហើយទំព័រសង្រ្គាមបង្ហូរឈាមជាងកន្លះសតវត្សរវាងរដ្ឋាភិបាល និងចលនាឧទ្ទាម Farc តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់សន្តិភាពនៅវែងឆ្ងាយ មានន័យថា ភាគីហត្ថលេខីនីមួយៗត្រូវយកកិច្ចព្រមព្រៀងសន្តិភាពទៅអនុវត្តន៍ជាក់ស្តែង ពោលមិនត្រូវបន្តទុកតែនៅលើក្រដាសទេ៕

ប្រភព៖ rfi