ជាងដែក​ម្នាក់​លើក​ដែក​ប៉ះ​ខ្សែកាប​ភ្លើង បណ្ដាល​ឲ្យ​ឆក់​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​គាត់ លើក​ដែក​ផ្សារ​ដំបូល សំណង់​យានដ្ឋាន​ជួសជុល​រថយន្ត មួយ​កន្លែង​ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ធ្វើ​ឲ្យ​ដែក​នោះ​ប៉ះ​ទៅ​នឹង​ខ្សែ កាប​ភ្លើង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ឆក់​ដួល​សន្លប់ និង​ឆេះ​ពេញ​ខ្លួន ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន មិត្តភក្ដិ​រួមការ​ងារ និង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​យក​កប់​នៅ​ក្នុង​ដីខ្សាច់ និង​ដងទឹក​ចាក់​ស្រោច​ពីលើ រហូត​គាត់​ដឹងខ្លួន​ឡើង​វិញ​។

រួច​ទើប​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ អង្គភាព​៧១១ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ដា អាយុ ប្រហែល​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានមុខរ​បរជា​ជាង​ផ្សារ​ដែក ទើប​មក​ធ្វើ​ការងារ​នៅ​ទីនោះ​បាន​រយៈពេល​ពី​ថ្ងៃ​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ បុរស​រង​គ្រោះ​រូប​នោះ បាន​លើក​ដែក​ដាក់​លើដំបូល​សំណង់​អាគារ​យានដ្ឋាន​ជួសជុល​រថយន្ត​នោះ ដែល​កំពុង​សាងសង់ ហើយ​ភ្លេចខ្លួន​តែ​បន្តិច​ប៉ុណ្ណោះ បាន​ប៉ះ​ខ្សែកាប​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ដួល​សន្លប់​ស្ដូកស្ដឹង​។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​មិត្តភក្ដិ​រួមការ​ងារ និង​ប្រជាពលរដ្ឋ​នាំ​គ្នា ជួយ​សង្គ្រោះ​បឋម​ដោយ​យក​កប់​នៅ​ក្នុង​ខ្សាច់ រហូត​បានដឹង​ខ្លួន​ឡើង​វិញ ទើប​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង​៕