ពលរដ្ឋ​ជិត​១០​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​កិច្ច​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល​ជួយ​កូន​ស្រី​ពី​ម៉ាឡេស៊ី

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ជិត ១០​គ្រួសារ ស្នើសុំ​អង្គការ​សង្គម​ស៊ីវិល​ជួយ​អន្តរាគមន៍​ដើម្បី​បាន​កូន​របស់​ខ្លួន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ការ​ស្នើសុំ​នេះ ក្រោយ​ពេល​កូន​របស់​ពួក​គាត់ ត្រូវ​បាន​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី បាត់​ដំណឹង​សូន្យ ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ ជាដើម។ បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ថា​គឺ​ជា​ករណី​ជួញដូរ​កម្លាំង​ពលកម្ម​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។

ពលរដ្ឋ​នៅ​ឃុំ​ចុងជាច ស្រុក​តំបែរ លើក​ឡើង​ថា កូន​របស់​ពួក​គាត់ ត្រូវ​បាន​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​បញ្ជាក់​ថា​ទៅ​តាម​ក្រុមហ៊ុន​ស្រប​ច្បាប់ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​អំពី​ការ​អះអាង​នេះ។ កូន​អ្នក​ភូមិ​ខ្លះ​នៅ​អាច​ទាក់ទង​មក​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​បាន ប៉ុន្តែ​ខ្លះ​ទៀត​គឺ​បាត់​ដំណឹង​សូន្យ ហើយ​មាន​ពលការិនី​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង។

ពលរដ្ឋ​រស់នៅ​ភូមិ​គោកស្រឡៅ ឃុំ​ចុងជាច លោកស្រី ភឿន ប៊ុណ្ណា មាន​ប្រសាសន៍​ថា កូន​លោកស្រី​ធ្លាប់​ហៅ​ទូរស័ព្ទ​មក​ផ្ទះ​ម្តង ដោយ​បញ្ជាក់​ថា​ខ្លួន​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ខ្លួន ហើយ​ឃុំ​នៅ​ពន្ធនាគារ ប៉ុន្តែ​មិន​បាន​ដឹង​ទីតាំង​ច្បាស់លាស់​ទេ។ លោកស្រី​ថា ក្រោយ​ពេល​ដឹង​ដំណឹង​នេះ គាត់​បាន​ទាក់ទង​ទៅ​មេ​ខ្យល់​ដែល​នាំ​កូន​ទៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ អូន និង​ឈ្មោះ វីរៈ ប៉ុន្តែ​គ្មាន​លទ្ធផល​ល្អ​ឡើយ៖ «កូន​ខ្ញុំ​គេ​ចាប់​ដាក់​គុក រួច​កូន​ខ្ញុំ​សុំ​ទូរស័ព្ទ​អ្នក​ជាប់​គុក​តេ​មក​ប្រាប់​ឪពុក​ម្ដាយ​បាន​ដឹង​នោះ»

លោកស្រី​រំឭក​ថា មូលហេតុ​សុខ​ចិត្ត​បណ្តោយ​កូន​ស្រី​ឈ្មោះ ណាត ចរិយា អាយុ ១៩​ឆ្នាំ​ទៅ​ធ្វើ​ការ​តាម​រយៈ​មេ​ខ្យល់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ នោះ គឺ​ដោយសារ​គេ​លួងលោម​ថា​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់ ហើយ​ទទួល​បាន​ប្រាក់​ខែ​ពី ៣០០​ដុល្លារ​ឡើង​ទៅ ម្យ៉ាង​គ្រួសារ​លោកស្រី​ក្រីក្រ​ផង។ លោកស្រី​ស្នើ​ឲ្យ​សមាគម​អាដហុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត ជួយ​ធ្វើ​យ៉ាង​ណា​នាំ​កូន​ស្រី​របស់​គាត់ និង​កូន​ស្រី​អ្នក​ភូមិ​ផ្សេង​ទៀត បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

មិន​ខុស​គ្នា​នេះ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មក​ពី​ភូមិ​ជាមួយ​គ្នា​នោះ គឺ​លោកស្រី ឈាវ អឿន អាយុ ៦៤​ឆ្នាំ មាន​ប្រសាសន៍​ថា កូន​ស្រី និង​ចៅ​ស្រី​ម្នាក់​ដែល​ទៅ​តាម​មេ​ខ្យល់​ដែរ​នោះ គឺ​បាត់​ដំណឹង​ម្នាក់ ហើយ​ម្នាក់​ទៀត​គឺ​អាច​ទាក់ទង​បាន​ម្តងម្កាល។ លោកស្រី​ប្រាប់​ថា មូលហេតុ​យល់ព្រម​ឲ្យ​កូន និង​ចៅ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ឃើញ​អ្នក​ស្រុក​គេ​ចេញ​ទៅ​សម​ប្រកប និង​យល់​ថា​ស្រប​ច្បាប់​ផង ប៉ុន្តែ​ផ្ទុយ​អំពី​ការ​គិត​នេះ ចៅ​ស្រី​របស់​គាត់​បែរ​ជា​ត្រូវ​ថៅកែ​នៅ​ប្រទេស​ម៉ាឡេស៊ី វាយ​ដំ ព្រម​ទាំង​បាត់​ដំណឹង​ថែម​ទៀត៖ «អា​មេ​ខ្យល់​ពេល​ខ្ញុំ​ទៅ​សួរ ថា​ចៅ​ខ្ញុំ​នៅ​ឯណា? គេ​ប្រាប់​ថា​ស្អែក​មក​ហើយ ហើយ​កុំ​ភ័យ​ផងៗ រួច​រហូត​ជាង​ដប់​ថ្ងៃ​ហើយ​វា​មិន​ឃើញ​មក»

ប្រជាពលរដ្ឋ​នៅ​ភូមិ​គោកស្រឡៅ ដែល​នាំ​គ្នា​មក​ជួប​មន្ត្រី​សមាគម​អាដហុក​ខេត្ត​ត្បូងឃ្មុំ មាន​សមាជិក​គ្រួសារ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជិត ១០​នាក់ សុទ្ធតែ​ស្រី ហើយ​មេ​ខ្យល់​នាំ​ទៅ​ពីរ​វគ្គ ឬ​ពីរ​ដង គឺ​ម្តង​កាល​ពី​ខែ​កក្កដា និង​ម្តង​ទៀត​នៅ​ខែ​សីហា។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ខ្យល់​ទាំង​ពីរ​នាក់ គឺ​ឈ្មោះ អូន និង​ឈ្មោះ វីរៈ បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា។

យ៉ាង​នេះ​ក្តី លិខិត​អះអាង​របស់​អាណាព្យាបាល​ដែល​មេ​ខ្យល់​តម្រូវ​ឲ្យ​ធ្វើ បញ្ជាក់​ថា ពលការិនី​ដែល​នាំ​ទៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ឈ្មោះ​ក្រុមហ៊ុន​អ្វី​ឡើយ។

ដោយឡែក​អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ ប៉ុន្តែ​កន្លង​មក អាជ្ញាធរ​តែង​ពន្យល់​ពលរដ្ឋ​អំពី​បញ្ហា​ចំណាក​ស្រុក និង​ណែនាំ​ឲ្យ​ពួក​គាត់​ជៀសវាង​ការ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់៖ «ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ក៏​មាន​ខ្លះ​ដែរ មិន​មែន​អត់​មាន​ទេ ប៉ុន្តែ​យើង​បាន​ប្រដៅ​គាត់ បាន​ពង្រឹង​គាត់ ពន្យល់​គាត់​ជា​ហូរហែ​មក​ហើយ»

យ៉ាង​នេះ​ក្តី ស្ត្រី​ចំណាស់​មួយ​រូប​ទៀត លោកស្រី ឃុត ហាប់ និយាយ​ទាំង​អួ​ដើមក​ថា ដោយសារ​តែ​កន្លង​មក​គាត់​មិន​បាន​ដឹង​អំពី​ការ​ជួញដូរ​មនុស្ស​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ទើប​លោកស្រី​សម្រេច​ចិត្ត​ឲ្យ​កូន​ស្រី​ដែល​មាន​តែ​ម្នាក់​គត់​ចេញ​ឆ្ងាយ​ពី​ស្រុក​កំណើត៖ «វា​នៅ​តែ​តេ​ទៅ​តេ​មក ប៉ុន្តែ​វា​ស្រែក​វា​ថា​ម៉ែ​អើយ! ឲ្យ​អង្គការ​យក​ខ្ញុំ​មក​វិញ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ហៅ​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ទាំងនេះ ថា​ជា​ការ​ចាញ់​បោក​មេ​ខ្យល់ ឬ​ជា​ការ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស​តែ​ម្តង។ លោក​ថា កិច្ចសន្យា​ដែល​មេ​ខ្យល់​តម្រូវ​ឲ្យ​អាណាព្យាបាល​ធ្វើ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​មាន​តែ​ភាគី​ម្ខាង ប៉ុន្តែ​វា​ជា​ចេតនា​ទុច្ចរិត​របស់​មេ​ខ្យល់ និង​ជា​ការ​ដាក់​គំនាប​ផ្លូវ​ចិត្ត​លើ​អាណាព្យាបាល​ទាំងនោះ​មិន​ឲ្យ​ពួក​គាត់​ហ៊ាន​តវ៉ា ឬ​ប្ដឹង​មេ​ខ្យល់ ឬ​ក្រុមហ៊ុន​នោះ​ប៉ុណ្ណោះ៖ «ករណី​នេះ ខ្ញុំ​នឹង​ព្យាយាម​ប្រមូល​ព័ត៌មាន​ទាំងអស់​នេះ ដើម្បី​រៀបចំ​ឲ្យ​មាន​ឯកសារ​មួយ​តាម​ផ្លូវ​ច្បាប់​ដាក់​ទៅ​តុលាការ ដាក់​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​ដំណើរ​ការ​យក​កូន​គាត់​ត្រឡប់​មក​វិញ»

លោក នាង សុវ៉ាត លើក​ឡើង​ថា កត្តា​មួយ​ចំនួន​រួម​មាន បញ្ហា​ចំណេះ​ដឹង ភាព​ទីទ័លក្រ ព្រម​ទាំង​តម្លៃ​កសិផល​របស់​កសិករ ដូចជា​ដំឡូង ស្រូវ កៅស៊ូ​មាន​តម្លៃ​ថោក ឬ​គ្មាន​ទីផ្សារ និង​ជំពាក់​បំណុល​គេ​ជាដើម ជា​ហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ត្រូវ​ចាញ់​បោក​មេ​ខ្យល់ ឬ​ក្រុមហ៊ុន​ដើម្បី​បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។