អាជ្ញាធរ​ខេត្ត​ចំនួន​៥ រួម​គ្នា​ដុត​បំផ្លាញ​គ្រឿងញៀន

ខេត្តក្រចេះ ៖ គ្រឿងញៀន​ពីរ​ប្រភេទ រួម​មាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ឬ​ក៏​ម៉ា​ទឹកកក​ចំនួន ២,០៦៥.៨៧​គីឡូក្រាម និង​ប្រភេទ​គ្រាប់​ចំនួន​១៣,៤២៩.៥​គ្រាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ចំនួន​៥​រួម​មាន ខេត្តព្រះវិហារ ស្ទឹង​ត្រែង  រតនៈគិរី មណ្ឌលគិរី និង​ក្រចេះ រួម​គ្នា​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ​។ ក្នុង​ពិធី​រួម​គ្នា​ដុត​ត​បំផ្លាញ​ចោល​នូវ​គ្រឿងញៀន យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់ អាជ្ញាធរ​ខេត្ត​ទាំង​៥ នៅ​ព្រឹក​នោះ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក ប៉ុក ម៉ា​ន​នី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង​ក្នុង​នោះ​ភាគច្រើន​ជា​មន្ត្រី​មក​ពី​ស្ថាប័ន​អយ្យការ និង​សាលាដំបូង​មក​ពី​ខេត្ត​ទាំង​៥​។

អាជ្ញាធរ​បាន​លើក​ឡើង​ថា គ្រឿងញៀន​ដែល​នាំ​មក​ធ្វើការ​ដុត​បំផ្លាញ​ចោល​ទាំង​អស់នេះ​សុទ្ធតែ​បាន​មក​ពី​ការ​បង្ក្រាប​និង​រឹបអូស​ពី​ជនសង្ស័យ​គ្រឿងញៀន ហើយ​បាន​ធ្វើការ​ប្រមូល​វ​ត្តុ​តាង​គ្រឿងញៀន តាម​អំណាច​សាលក្រម​ស្ថាពរ​នីមួយ​ៗ លើ​ជនសង្ស័យ​។ ជាល​ទ្ឋ​ផល​ប្រមូល​បាន​តាម​បណ្តា​ខេត្ត​មាន​ដូច​ជា ខេត្តព្រះវិហារ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​ចំនួន​ជាង​៥៨​ក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​ជាង​៤០០០​គ្រាប់​។

ខេត្តស្ទឹងត្រែង ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​ចំនួន​ជាង​៨៦០​ក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​ជាង​៥៣០០​គ្រាប់​។ ខេត្ត​រតនគីរី ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​ចំនួន​១,១១​គីឡូ ក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​ជាង​១៦១​គ្រាប់​។ ខេត្ត​មណ្ឌល​គី​រី ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​គ្មាន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​គ្មាន និង​ខេត្តក្រចេះ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​ចំនួន​ជាង​១៣៥​ក្រាម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​ជាង​៣​ពាន់​គ្រាប់​។

បើ​តាម​លោក ហឿ ស៊ី​យ៉ែ​ម អភិបាលរង​ខេត្តក្រចេះ ដែល​តំណាង​ឲ្យ អភិបាលខេត្ត​ភូមិភាគ​ឥ​សាន​ទាំង​៥​ខេត្ត បាន​ឡើ​ក​ឡើង​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​ទាំងអស់​គ្នា ទាំង​ស្ថាប័នរដ្ឋ គ្រឹះស្ថាន​រដ្ឋ និង​ឯកជន រួម​ជាមួយ​សហគមន៍​មូលដ្ឋាន គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​អនុវត្តន៍​នូវ​ផែនការ​ពហុ​វិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​បង្ក្រាប​ការ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ដោយ​លោក​អភិបាលរង​ខេត្ត ដែល​ជា​តំណាង​ឲ្យ​អភិបាលខេត្ត​ពាក់ព័ន្ធ​ទាំង​៥​នេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​ប្តេជ្ញា​រួម​គ្នា  ប្តូរផ្តាច់​ពង្រីក​ស្មារតី​ទទួលខុសត្រូវ ប្រកាន់​ជំហរ​ដាច់ខាត ធ្វើ​កិច្ច​សហប្រតិបត្តិការ ចាត់វិធានការ​អនុវត្ត​ឲ្យ​មាន​តុល្យភាព ឲ្យ​បាន​ព្រម​ៗ​គ្នា​នូវ​ផែនការ​យុទ្ធសាស្ត្រ​ពហុ​វិស័យ។

គឺ​លុប​បំបាត់​ការ​ផ្គត់ផ្គង់​គ្រឿងញៀន​ខុសច្បាប់ ទប់ស្កាត់ និង​បង្ក្រាប ការ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើ អំណាច​ញៀន ថែទាំ​ព្យាបាល​ស្តារ​នីតិសម្បទា ជន​រង​គ្រោះ​ដោយ​គ្រឿង ញៀន​ការ​ពង្រឹង ប្រសិទ្ធភាព​ច្បាប់​កិច្ចសហការ​ក្នុង​កម្រិត​ជា​អន្តរជាតិ​ជាស​កល និង​ត្រូវធ្វើ​ជា​ប្រចាំ​ដោយ​ប្រសិទ្ធភាព​។ ដោយ​លោក​អភិបាលរង​ខេត្ត បាន​ស្នើ​ឲ្យ​មនុស្ស​ទាំងអស់​ត្រូវ​រួម​គ្នា​តាំងចិត្ត និង​សច្ចា​ថា ចាក​ចេញពី​គ្រឿងញៀន នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​គ្មាន​គ្រឿងញៀន​នៅ​ក្នុង​ខ្លួន​៕