បញ្ជូន​ជនសង្ស័យ​១២​នាក់ ក្នុង​៦​ករណី​ផ្សេង​គ្នា​ទៅ​កាន់​សាលាដំបូង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​១២​នាក់ មាន​ស្ត្រី​១​ម្នាក់ ក្នុង​៦​ករណី​ផ្សេង​គ្នា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ៦​ករណី ក្នុង​រយៈពេល​២​ថ្ងៃ។

ដែល​ក្នុង​នោះ ករណី​ទី​១.​ពាក់ព័ន្ធ​លួច​ម៉ូតូ​មាន​៣​នាក់ ទី​២.​ប្រើ​អាវុធ​ខុសច្បាប់​(​ដាវ​)​មាន​២​នាក់ ទី​៣.​លួច​កាបូប​លុយ​មាន​៣​នាក់ ទី​៤.​លួច​ដែក​មាន​២​នាក់ ទី​៥.​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មាន​ម្នាក់​ជា​ស្ត្រី និង​ទី​៦.​ប៉ុនប៉ង​លួច​មាន​ម្នាក់​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក ចែរ សុង ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ល្បាត និង​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​ដើម្បី​សុ​វត្តិភាព​ក្នុង​មូលដ្ឋាន ។

តាម​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែកញ្ញា​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ ដែល​បង្ក្រាប​បាន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ​៕