ឥណ្ឌូនេស៊ី ដាក់​បញ្ជា​ឲ្យ​មេទ័ព​ពង្រឹង​ការកសាង​មូលដ្ឋាន​យោធា​នៅ​តំបន់​ជម្លោះ​ជាមួយ​ចិន​ឲ្យ​ខាងតែបាន​ និពន្ធដោយ : ទេព អ៊ីវិសាល       September-27-2016, 7:39 pm         569

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌូនេស៊ី ដាក់​បញ្ជា​ឲ្យ​មេទ័ព​ពង្រឹង​ការកសាង​មូលដ្ឋាន​យោធា​នៅ​តំបន់​ជម្លោះ​ជាមួយ​ចិន​ឲ្យ​ខាងតែបាន​លោកប្រធានាធិបតី Joko Widodo ក្នុងពេលទៅពិនិត្យស្ថានភាពកោះNatuna (ប្រភពរូបភាព៖ The Jakarta Post)​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់​មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​ក្នុងការ​ពង្រឹង​សមត្ថភាព និង​ការពារ​អធិបតេយ្យ​នៅ​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា (Natuna ) ដែលជា​តំបន់​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ឥណ្ឌូនេស៊ី បាននិងកំពុង​តែមាន​ការប្រឈមមុខគ្នា​ជាមួយនឹង​ចិន​ផងដែរ​នោះ​។ ការចេញ​បញ្ជា​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ទៅកាន់​កងទ័ព​នោះ​គឺ កងទ័ព​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ការសាងសង់​មូលដ្ឋាន​យោធា​នៅ​ទីនោះ​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ពី​ការរំលោភបំពាន​ខាងក្រៅ​។

​មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Gatot Nurmantyo នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន​អះអាងថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានកំណត់​រួចហើយ​ក្នុង​ការកសាង​មូលដ្ឋាន​យោធា​ឲ្យ​ខាងតែបាន​នៅ​កោះ​ណា​ទុ​ណា ដើម្បី​បង្ហាញ​ជា​សារ​មួយ​ដ៏​ខ្លាំងក្លា ថា តំបន់​នោះ គឺ​ស្ថិតនៅក្នុង​កម្មសិទ្ធិ​ផ្តាច់​នៃ​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូនេស៊ី The Jakarta Post​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បន្ថែម​ដែរ​ថា រដ្ឋាភិបាល កំពុងតែ​រៀបចំ​ផែនការ​ដើម្បី​កសាង​មូលដ្ឋាន​កងទ័ពអាកាស​មួយ​, មូលដ្ឋាន​ទ័ពជើងទឹក​មួយ រួម​ជាមួយនឹង​មូលដ្ឋាន​យោធា នៅក្នុង​តំបន់​កោះ ណា​ទុ​ណា ដែល​ផែនការ​នោះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​មេទ័ព​រូបនោះ​ដែរ​ថា អធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី មិនអាច​សម្របសម្រួល​បានឡើយ ពោលគឺ វា គឹជា​សកម្ម​សិទ្ធិ​របស់​ឥណ្ឌូនេស៊ី​តែមួយគត់​។

​សូម​ជម្រាប​ផងដែរ​ថា ប្រជុំ​កោះ ណា​ទុ​ណា គឺជា​កោះ​មួយ​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ​ដែល​ឥណ្ឌូនេស៊ី បាន​អះអាងថា​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។ កោះ​នោះ ស្ថិតនៅ​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កាលពី​បី​ឬ​បួន​ខែ​កន្លងមក ឥណ្ឌូនេស៊ី និង​ចិន ក៏បាន​មានការ​ប្រឈមមុខគ្នា​នៅក្នុង​តំបន់​នោះ​ផងដែរ ដែល​ពេលនោះ ឥណ្ឌូនេស៊ី បាន​ចាប់​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ចិន ដោយ​អះអាងថា បាន​ចូល​ទឹកដី​ខ្លួន​ខុសច្បាប់ ខណៈ ចិន អះអាងថា ខ្លួន ក៏មាន​សិទ្ធិ​នៅ​ទីនោះ​ផងដែរ​នោះ​។​

​អ្វី​គួរកត់សម្គាល់​នោះ ការបញ្ជាក់​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​មេកង​ទ័ព​ឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោយ​នៃ​ការប្តេជ្ញាចិត្ត​របស់លោក​ប្រធានាធិបតី Joko Widdo ដែល​ពាក់ព័ន្ធ​ទៅនឹង​តំបន់​នោះ​កាលពី​ខែ​មុន​ផងដែរ​។ នាឱកាស​នៃ​ការផ្តល់​សុន្ទរកថា​ថ្នាក់ជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​១៦ ខែសីហា លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​សន្យាថា រដ្ឋាភិបាល​របស់លោក នឹង​ការពារ​អធិបតេយ្យ​ឥណ្ឌូនេស៊ី​ទាំង​ដែន​គោក និង​ដែនសមុទ្រ​សូម្បីតែ​ចំណិត​។​

​ក្នុងពេល​នោះដែរ លោក​ប្រធានាធិបតី ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​របស់លោក កំពុងតែ​អភិវឌ្ឍ​តំបន់​មួយចំនួន​ដូចជា Entikong, Natuna និង Atambua ដើម្បី​ឲ្យ ពិភពលោក អាច​មើលឃើញថា ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​មួយ ហើយ ទីណា​ក៏ដោយ​ដែល​រួមទាំង​ដែន​គោក និង​ដែនទឹក​ដែលជា​កម្មសិទ្ធិ​របស់​ឥណ្ឌូនេស៊ី គឺ​ត្រូវបាន​ការពារ​យ៉ាងពិត​ប្រាកដ​៕