សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​គណនេយ្យ​ភាព​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ

សង្គម​ស៊ីវិល​យល់​ថា សេវា​អប់រំ​នៅ​កម្ពុជា នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​ជាង​នេះ បើ​មាន​កម្មវិធី​ជំរុញ​ឲ្យ​មាន​គណនេយ្យ​ភាព​នៅ​តាម​សាលា​រៀន។ ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​អប់រំ​ថ្នាក់​តំបន់​ស្ដីពី​គណនេយ្យ​ភាព​សង្គម ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​សេវា​អប់រំ។

វេទិកា​អប់រំ​ថ្នាក់​តំបន់​នេះ ត្រូវ​បាន​រៀបចំ​ដោយ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៧ កញ្ញា ក្រោម​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាង ១៣០​នាក់​មក​ពី​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង និង​ក្រៅ​ស្រុក ក្រុមហ៊ុន​ឯកជន មន្ត្រី​រដ្ឋាភិបាល និង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ។

ជំនួប​ពិភាក្សា​ដែល​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​នេះ ផ្តល់​ឱកាស​ឲ្យ​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មក​ចែក​រំលែក​ពី​គោលដៅ​អភិវឌ្ឍន៍ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង ហើយ​ខាង​អ្នក​សិក្សា​ស្រាវជ្រាវ និង​សង្គម​ស៊ីវិល ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​វេទិកា​មក​ចែក​រំលែក​ពី​ការ​រក​ឃើញ​របស់​ពួក​គេ និង​វាយ​តម្លៃ​ទៅ​លើ​គណនេយ្យ​ភាព​របស់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ធៀប​ទៅ​នឹង​បរិបទ​តំបន់។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ដែល​ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​វេទិកា​នោះ​ពន្យល់​ថា ចំណុច​សំខាន់​មួយ​នៃ​ការ​លើក​កម្ពស់​គណនេយ្យ​សង្គម គឺ​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដេញដោល​សួរ និង​តាមដាន​រដ្ឋាភិបាល ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ និង​គ្រោង​នឹង​ធ្វើ។ លោក​បណ្ឌិត​បន្ត​ថា លោក​សាទរ​នឹង​ក្រសួង​អប់រំ ដែល​បាន​មក​ចូលរួម​ចែក​រំលែក​ក្នុង​វេទិកា ប៉ុន្តែ​លោក​សង្ឃឹម​ថា ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ នឹង​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​កែប្រែ​វប្បធម៌​ចាស់​របស់​ខ្លួន​ចោល ហើយ​បង្កើន​គណនេយ្យ​ភាព​ការងារ​របស់​ខ្លួន​ឡើង​វិញ៖ «ឥឡូវ​នេះ បញ្ហា​ដែល​កើត​កន្លែង​ណា​លែង​ក្លាយ​កាតព្វកិច្ច​របស់​ក្រសួង​នោះ​ម្នាក់​ឯង​ដោះស្រាយ។ អ៊ីចឹង​ក្នុង​ក្រសួង​ផ្សេងៗ​ក៏​ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដែរ។ ពី​ដើម យើង​តែងតែ​គិត​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង និង​សង្គម​ស៊ីវិល ប៉ុន្តែ​រឿង​សំខាន់​មួយ​ទៀតដែល​មានចន្លោះ​ប្រហោង គឺ​កិច្ច​សហការ​គ្នា​ត្រង់​ទៅ​ត្រង់​មក​រវាងស្ថាប័ន​ពាក់ព័ន្ធនៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល ជាពិសេស​ក្នុង​ក្រសួង​តែ​ម្តង»

ប្រហាក់​ប្រហែល​នឹង​លោក​បណ្ឌិត មាស នី ដែរ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រោយ​ក្រសួង​អប់រំ ចាប់​ផ្ដើម​ធ្វើ​វិមជ្ឈការ​ដាក់​សាលា​បឋម​សិក្សា និង​សាលា​មត្តេយ្យ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស្រុក​គ្រប់គ្រង ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ត្រូវ​បាន​បើក​ទូលាយ ប៉ុន្តែ​ភាព​ជោគជ័យ​មិន​មែន​ពឹងពាក់​លើ​ក្រសួង​អប់រំ តែ​ម្នាក់​ឯង​នោះ​ទេ៖ «បើ​កម្ពុជា មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ កុំ​ឲ្យ​បាត់ ប្រមូល​ពន្ធដារ ពន្ធ​គយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពេល​នោះ​ថវិកា​ជាតិ​នឹង​កើន ហើយ​តម្រូវ​ការ​ក៏​ច្រើន​ដែរ។ ខ្ញុំ​យល់​ថា មិន​មែន​តែ​ជា​រឿង​របស់ (ក្រសួង) អប់រំ មួយ​ទេ ផ្នែក​ផ្សេងៗ​ដែល​ជាអ្នក​រកធនធាន​ជា​រឿង​មួយ​ដ៏​សំខាន់»

វេទិកា​អប់រំ​ថ្នាក់​តំបន់​នេះ ក្រៅ​ពី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ជំនាញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ចែក​រំលែក​បទពិសោធន៍​ការងារ ទាក់ទង​នឹង​បញ្ហា​គណនេយ្យ​ភាព​ក្នុង​វិស័យ​អប់រំ ដំណោះស្រាយ​ក៏​ត្រូវ​លើក​មក​ពិភាក្សា​ដែរ ដូចជា​គម្រោង​ជួយ​មើល​សាលា​រៀន (Check My School) របស់​ប្រទេស​ហ្វីលីពីន ដែល​ជំរុញ​ឲ្យ​មាន​គណនេយ្យ​ភាព​ក្នុង​សាលា​រៀន តាម​រយៈ​ការ​ជួយ​សហគមន៍​ឲ្យ​មាន​លទ្ធភាព​តាមដាន និង​ត្រួត​ពិនិត្យ​សកម្មភាព​ការងារ​របស់​សាលា​រៀន និង​តាម​រយៈ​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។