ADB រក្សា​ការព្យាករ​ពី​កំណើន​ដ៏​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ចកម្ពុជា​ និពន្ធដោយ : ខន ចំប៉ា       September-27-2016, 8:19 pm         395

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ADB រក្សា​ការព្យាករ​ពី​កំណើន​ដ៏​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ចកម្ពុជា​ADB លោកSamiuela Tukuafu ប្រធាន ADB ស្តាំ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​រក្សា​ការព្យាករ​របស់ខ្លួន​ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ពោលគឺ ៧ ភាគរយ ក្នុងឆ្នាំនេះ និង ៧,១​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ។ ការនាំ​ចេញពី​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ស្បែកជើង ជា​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​នេះ​។​

​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្ត​រឹងមាំ​នៅក្នុង​ឆ្នាំ​២០១៦​នេះ និង​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​។​យោងតាម​បច្ចុប្បន្នភាព​នៃ​អត្ថបទ​បោះពុម្ពផ្សាយ​ប្រចាំឆ្នាំ​ចម្បង​មួយ​អំពី​បញ្ហា​សេដ្ឋកិច្ច​ឈ្មោះថា​«​ការព្យាករ​អំពី​ការអភិវឌ្ឍ​នៅ​អាស៊ី​(ADO)» ដែល​ចេញផ្សាយ​ដោយ​ADB នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ADB​បាន​រក្សា​ការព្យាករ​របស់ខ្លួន​ចំពោះ​កំណើនសេដ្ឋកិច្ច ថា​មាន​អត្រា ៧ ភាគរយ ក្នុងឆ្នាំនេះ និង ៧,១ ភាគរយ ក្នុង​ឆ្នាំ​២០១៧​។

​លោក SamiuelaTukuafu ប្រធាន​ADB​ប្រចាំ​កម្ពុជា បាន​មានប្រសាសនថា​៖«​បន្ទាប់ពី​ទទួលបាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ខែកក្កដា ការព្យាករ​សម្រាប់​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​ភាពរឹងមាំ ដោយ​ការនាំ​ចេញពី​ឧស្សាហកម្ម​សម្លៀកបំពាក់ និង ស្បែកជើង​មានការ​កើនឡើង​ចំនួន ៩,៤ ភាគរយ នៅក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំនេះ​»​។ ប្រធាន​ADB​ប្រចាំ​កម្ពុជា បាន​បន្តថា ៖«​បើទោះបីជា​កំណើន​ឥណទាន​ដល់​វិស័យ​ឯកជន​បាន​ថយ​ចុះមក​ត្រឹម ២៨,១​ភាគរយ ធៀប​នឹង​ឆ្នាំមុន​ក្នុង​ខែមិថុនា​ក៏ដោយ ប៉ុន្តែ​តម្រូវការ​ក្នុងស្រុក​នៅតែមាន​កម្រិត​ខ្ពស់​។ ធាតុអាកាស​ដែលមាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ចាប់ពី​ខែមិថុនា បន្ទាប់ពី​គ្រោះរាំងស្ងួត​អូសបន្លាយ អាចជួយ​ឱ្យ​វិស័យ​កសិកម្ម​មាន​ភាព​ធូរស្រាល​ឡើងវិញ​បន្តិច​»​។

​លោក​Tukuafu​បានបញ្ជាក់​ទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​របស់​កម្ពុជា តាមរយៈ​ការវិនិយោគ​សំខាន់ៗ​នៅក្នុង​ផលិតកម្ម​កសិកម្ម ការដឹកជញ្ជូន និង​ភ័ស្តុភារ ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ការអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​។​

​យោងតាម ADO​គោលនយោបាយ​ហិរញ្ញវត្ថុ ត្រូវបាន​មើលឃើញថា​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ដោយ​ចំណាយ​របស់​រដ្ឋាភិបាល​មានការ​កើនឡើង​ចំនួន ១៥,៦ ភាគរយ នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៦ ដោយសារ​កំណើន​នៃ​បៀវត្សរ៍​សេវាសាធារណៈ និង​ប្រាក់ចំណូល​មានការ​កើនឡើង​ចំនួន ២៤,១ ភាគរយ អាស្រ័យ​ដោយ​រដ្ឋាភិបាល​បន្ត​កែលម្អ​ទៅលើ​ការប្រមូល​ពន្ធ​។

​ចំណែកឯ ឱនភាព​ថវិកា ដោយ​មិន​រាប់បញ្ចូល​ហិរញ្ញប្បទាន​ឥត​សំណង មាន​គោលដៅ​ពង្រីក​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន ៤,៣ ភាគរយ​។ តម្រូវការ​ក្នុងស្រុក​ដ៏​រឹងមាំ និង​ការកើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ បានធ្វើ​ឲ្យ​អតិផរណា​ជា​មធ្យម មានការ​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក ចំនួន ២,៧ ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។

​ដោយឡែក ការព្យាករ​អំពី​អតិផរណា​មានការ​កើនឡើង​បន្តិច ដោយ​អត្រា​ជា​មធ្យម​ចំនួន ៣,៤ ភាគរយ ក្នុង​ឆ្នាំ​២០១៧ ។ ការព្យាករ​បែបនេះ ស្របទៅនឹង​ការរំពឹងទុក​ថា​នឹងមាន​ការកើនឡើង​នៃ​តម្លៃ​ប្រេង​សកល​។ ការនាំចេញ​ទំនិញ បាន​កើនឡើង​ប្រមាណ​ចំនួន ១២,៣ ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដំបូង ដែល​អត្រា​នេះ​មាន​ភាព​លឿន​ជាង​អត្រា ៩,៤​ភាគរយ ដែល​បាន​កត់ត្រា​នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៥ ខណៈ​ការ​នាំចូល​ទំនិញ ធ្លាក់ចុះ​ពី​១៧ ភាគរយ មក​ត្រឹម ៧,៣ ភាគរយ​។ ឱនភាព​គណនី​ចរន្ត​ដោយ​មិន​រាប់បញ្ចូល​ការផ្ទេ​ជា​ផ្លូវការ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ក្នុងឆ្នាំនេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ ហើយ​គេ​រំពឹងថា​នឹងមាន​ភាព​រួម​តូច​ក្នុង​ឆ្នាំ​២០១៧ ដែល​នឹង​នាំ​ឲ្យ​រក្សាបាន​នូវ​ជំហរ​ខាងក្រៅ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​៕