គួរ​ឲ្យ​អាសូរ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៧​ខែ​ម្នាក់ ស្លាប់​ដោយសារ​រន្ទះបាញ់

ខេត្តក្រចេះ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​នឹង​សម្រាលកូន​ម្នាក់ ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ចំហៀង​ផ្ទះ ខណៈ​ដែល​ជួប​ឧប្បតិហេតុ​គ្រោះ​ធម្មជាតិ​រន្ទះ​នៅ​ពេល​ដែល​មេឃ មាន ភ្លៀង និង​ខ្យល់​រន្ទះ​ខ្លាំង ហើយ​ស្ត្រី​រង​គ្រោះ​កំពុង​អង្គុយ​លេង​ចំហៀង​ផ្ទះ​ដោយ​មិនដឹង​ខ្លួន​។ ស្ត្រី​រង​គ្រោះ​រូប​នេះ​មានឈ្មោះ នួន ធាង អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី និង​មានកូន​៤​នាក់ ស្រី​៣​នាក់​។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​បុរស​ជា​ប្តី​ឈ្មោះ ញ៉ែ​ម រី អាយុ​៣៤​ឆ្នាំ​បាន​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ខណៈ​ដែល​រូប​គាត់​កំពុង​តែ នៅផ្ទះ​អ្នក​ជិតខាង​ក្បែរ​នោះ ហើយ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​តែ​អង្គុយ​លេង​នៅ​ចំហៀង​ផ្ទះ ក៏​ត្រូវ​បាន​រន្ទះបាញ់​ចំ​បង្គោល​អង់​តែ​ន​ឬ​ស្សី បណ្តាល​ឲ្យ​ត្រូវ​ចំ​ប្រពន្ធ​ខ្លួន​ស្លាប់​ភ្លាម​ៗ​។

បុរស​ជា​ប្តី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​រូប​គាត់​មិន​បាន​គិត​ថា រន្ទះ​បាន​បាញ់​ចំ​ប្រពន្ធ​ខ្លួន​នោះ​ទេ ដោយ​សង្ស័យ​ថា បាញ់​បង្គោល​អង់​តែ​ន​ទូរទស្សន៍​ដែល​ធ្វើ​ពី​ឬ​ស្សី​នៅ​ចំហៀង​ផ្ទះ​។ តែ​ក្រោយ​ពី​បាន​មក​មើល​ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​របស់​ខ្លួន​ដេក​ស្លាប់​នៅ​ក្បែរ​សរសរ​ផ្ទះ ទាំង​មាន​ផ្ទៃពោះ​។ បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​មានកូន​ចំនួន​៤​នាក់​រស់នៅ​ក្នុង​បន្ទុក ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​កំពុង​មាន​មាន​ផ្ទៃពោះ​ចំនួន​៧​ខែ​១០​ថ្ងៃ​ដែរ​។

នៅ​កន្លែង​កើតហេតុ​ក្រៅពី​ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​មាន​ផ្ទៃពោះ​គួរ​ឲ្យ​អាសូរ ក៏​នៅ​មាន​ជញ្ជាំង​ផ្ទះ និង​បង្គោល​ឬ​ស្សី​អង់​ទែន​ទូរទស្សន៍ ត្រូវ​បាន​រន្ទះបាញ់​បំបាក់ និង​រហែក​គួរ​ឲ្យ​ខ្លាច​។ ជុំវិញ​ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​នេះ នគរបាល​ជំនាញ​បច្ចេកទេស​ស្រុក​ចិត្រ បុរី បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មានការ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ត្រូវ​បាន ស្លាប់​ដោយ​គ្រោះ​រន្ទះបាញ់​ប្រាកដ​មែន​៕