អភិបាលខេត្ត​សៀមរាប ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ខេត្ត​យូ​ណា​ន

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើ​កិច្ច​ពិភាក្សា​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ខេត្ត​យូ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក កៅ ហ្វឹ​ង អភិបាលរង​ខេត្ត​យូ​ណា​ន និង​សហការី នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។

ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​លើក​ឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ព្រមទាំង​បញ្ជាក់​ពី​សក្តានុពល​របស់​ខេត្តសៀមរាប ដោយ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​។

លោក​បណ្ឌិត​ក៏​បាន​ឲ្យ​ដឹងផង​ដែរ កិច្ច​ទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​បណ្តា ខេត្ត ក្រុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ខេត្តសៀមរាប បាន​ធ្វើការ​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​យោគយល់​គ្នា ក្នុង កិច្ច​ប្រតិបត្តិការ មាន​ចំនួន ៥​ខេត្ត និង​ចុះហត្ថលេខា​លើ​លិខិត​សេចក្តី​ផ្តួចផ្តើម​ចំនួន ១១​ខេត្ត​ផង​ដែរ​។ លោក​បណ្ឌិត ក៏​បាន​សំណូមពរ​ដល់​ប្រតិភូ ក្នុង​ការ​ជួយ​ជម្រុញ​អ្នក​វិនិយោគ​នៃ​ខេត្ត​យូ​ណា​ន ក៏​ដូច​ប្រទេស​ចិន​ទាំងមូល ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា សំខាន់ ខេត្តសៀមរាប ទៅ​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម ។

លោក​ក៏​បាន​លើក​ឡើង អំពី​បញ្ហា​តម្លៃ​ទីផ្សារ​ផល​កសិកម្ម ស្រូវ ដំឡូង​មី និង​ទីផ្សារ​ក្រពើ​ទៀត​ផង​។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​កិច្ច​អភិវឌ្ឍន៍ រួម​ទាំង​លើក​នូវ​គោលការណ៍ ក្នុង​ការ​ពង្រីក​ក្រុង រណប ដោយ​បច្ចុប្បន្ន​នេះ​ក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​នេះ មាន​ភាព​តូច ដើម្បី​តម្រូវ​នូវ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ ទៅ​តាម​គម្រោង​របស់​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ​២០២០ ភ្ញៀវ​មានការ​កើនឡើង ៥​លាន​នាក់ និង​ឆ្នាំ​២០៣០ ឡើង​ដល់ ៨​លាន​នាក់ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ធ្វើ​នូវ​ព្រ​លាន​អាកាសយានដ្ឋាន​ថ្មី​ដ៏​ធំ​នៅ​ខេត្តសៀមរាប ហើយ​កម្ពុជា​ក៏​បាន​គាំទ្រ​នូវ​គោលនយោបាយ​ចិន​មាន​តែ​មួយ​ផង​ដែរ​។

លោក កៅ ហ្វឹ​ង អភិបាលរង​ខេត្ត​យូ​ណា​ន ក៏​បាន​បញ្ជាក់​ថា កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​គ្នា​តាំងពី​សម័យ​ដ៏​យូ​លង់​មក​ហើយ ព្រមទាំង​បាន​បន្ត​ពី​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហ​នុ ហើយ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​ថែរក្សា​មក​ដល់​បច្ចុប្បន្ន និង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ជម្រុញ​ឲ្យ​បណ្តា​ខេត្ត ក្រុង នៃ​ប្រទេស​ទាំង​ពីរ ធ្វើការ​ចងសម្ព័ន្ធ​មេត្រីភាព ក្នុង​កិច្ច​សហប្រតិបត្តិការ ទំនាក់ទំនង​នឹង​គ្នា ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីក​ចម្រើន​។

ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ស​ម្លែ​ង​នូវ​ក្តី​ស្ញប់ស្ញែង កោតសរសើរ ចំពោះ​កេរ្តិ៍​មរតក​ខ្មែរ​ដ៏​មហា​អស្ចារ្យ ពិតជា​អច្ឆរិយៈវត្ថុ គ្មាន​ពីរ​លើ​លោក​ប្រៀប​បាន​នឹង​សំណង់​ស្ថាបត្យកម្ម​ទេពនិម្មិត មិន​អាច​កាត់ថ្លៃ​បាន នៃ​ដួង​ព្រលឹង​ជាតិ​កម្ពុជា ហើយ​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​របស់​មនុស្សជាតិ ហើយ​ដែល​ជា​សំណង់ និង​ស្ថាបត្យកម្ម​ដ៏​កំពូល បាន​បង្ហាញ​នូវ​ការ​សិក្សា​ស៊ីជម្រៅ នា​សម័យ​អតីតកាល បាន​ឆ្លុះ​បញ្ចាំង​ដល់​ការ​វាយតម្លៃ​ខ្ពស់ នូវ​ទេព​កោសល្យ ស្នាដៃ​បុព្វបុរស​ដូនតា​ខ្មែរ នៃ​ចក្រភព​មួយ​លើ​លោក ។

ម្យ៉ាង​ដោយ​ខេត្តសៀមរាប និង​ខេត្ត​យូ​ណា​ន មាន​សម្ព័ន្ធមេត្រីភាព​នឹង​គ្នា ក្នុង​កិច្ច​សហ​ប្រតិបត្តិ ការ​បាន​ល្អ​ទៀត​ផង ។ លោក​ក៏​បាន​ឲ្យ​ដឹងផង​ដែរ អំពី​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​ប្រទេស​កម្ពុជា ជា​ភាសា​ចិន នៅ​ប្រទេស​ចិន និង​ខេត្ត​យូ​ណា​ន ក្នុង​ការ​ជម្រុញ​ប្រជាជន​ចិន ចូល​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា សំខាន់​ខេត្តសៀមរាប ម្យ៉ាងទៀត​ក៏​មាន​ក្រុមហ៊ុន​ស្នាមញញឹម​អង្គរ ដែល​បាន​ចូល​មក​វិនិយោគ​នៅ​ខេត្តសៀមរាប ក្នុង​ការ​ផ្សព្វផ្សាយ វប្បធម៌ កម្ពុជា បាន​កំពុង​ទាក់ទាញ​ភ្ញៀវ ព្រមទាំង​នឹង​ធ្វើការ​ពង្រីក​កិច្ចការ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​វិនិយោគទុន​នៅ​ខេត្តសៀមរាប មាន​ចំនួន ២០​លាន​ដុល្លា​។

លោក​ក៏​បាន​លើក​ផង​ដែរ​ថា នៅ​ពេល​និវត្តន៍​ទៅ​ដល់​ប្រទេស​ចិន ឯកឧត្តម​នឹង​ធ្វើការ​ផ្សព្វផ្សាយ និង​ជម្រុញ​ដល់​អ្នក​វិនិយោគ​នៅ​ខេត្ត​យូ​ណា​ន ចូល​មក​វិនិយោគ​នៅ​ខេត្តសៀមរាប លើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​វិស័យ ផ្សេង​ៗ​ទៀត ដោយ​ខេត្ត​យើង​ទាំង​ពីរ​មាន​សម្ព័ន្ធមេត្រីភាព នឹង​គ្នា​បាន​ល្អ សម្រាប់​ទៅ​ថ្ងៃ​អនាគត ៕