តើ​ពិត​ជាមាន​ប្រេត​មែនឬ​? និពន្ធដោយ : ម៉ៅ សុផា       September-27-2016, 10:39 pm         295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​ពិត​ជាមាន​ប្រេត​មែនឬ​?​អ្នកចូលរួម​បោះ​បាយបិណ្ឌ រៀងរាល់​ម៉ោង​៤​ទៀត​ភ្លឺ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ច្បាស់​ណាស់​ថា ពួកគេ​ពិតជា​ជឿថា​មាន​ប្រេត​។ ដោយហេតុ​ផល​ថា បើ​មិន​ជឿថា​មាន​ប្រេត ម្តេច​នឹង​អាច​ទៅ​បោះ​បាយបិណ្ឌ​ឲ្យ​ប្រេត​កើត​? ឬក៏​គ្រាន់តែ​ទៅតាម​គ្នា​ឲ្យ​តែ​សប្បាយ​? បើ​មាន​អ្នកមួយ​ចំនួន​ទៅ​ដើម្បី​តែ​សប្បាយ​មែន​នោះ ការ​ជឿថា មាន​ឬ​គ្មាន​ប្រេត មិនចាំបាច់​បកស្រាយ​ទេ​។ តែបើ​ទៅដោយ​សង្ឃឹម​យ៉ាង​មាំ​ថា ដើម្បី​ឧទ្ទិស​បាយបិណ្ឌ​ដល់​ប្រេត នោះ​ប្រាកដ​ណាស់ ថា​ពួកគេ​ពិត​ជឿថា មាន​ប្រេត​។ តើ​ក្នុង​ធម្មជាតិ ពិត​ជាមាន​ប្រេត​មែនឬ​? ឬក៏​គ្រាន់តែ​ជា​រឿង​អ​បិ​យ​ជំនឿ​?

​អ្វីដែល​ភ្នែក​យើង​មិនអាច​មើលឃើញ វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​អះអាង និង​លើក​ភស្តុតាង​មក​បញ្ជាក់ថា​វត្ថុ​នោះ​ឬ​សត្វ​នោះ ពិតជា​មាន​ឬ​គ្មាន ក្នុង​ធម្មជាតិ​នេះ​។ យើង​រាល់គ្នា គួរ​កុំ​គប្បី​ប្រកាន់​ទិដ្ឋិ​របស់ខ្លួន យ៉ាង​ដាច់អហង្ការ ថា​មាន​ឬ​មិនមាន នោះឡើយ​។  ដោយហេតុថា ក្នុង​ធម្មជាតិ​យើង​នេះ មាន​វត្ថុ​មាន​រូប និង​វត្ថុ​គ្មាន​រូប មាន​សត្វ​មាន​រូប និង​សត្វ​គ្មាន​រូប ដ៏​ច្រើន​ជា​អនេក ដែល​មិនអាច​រាប់​អស់​ឡើយ​។ ដូច្នេះ អ្វីដែល​ភ្នែក​យើង​មើលមិនឃើញ មិន​ប្រាកដថា វត្ថុ​នោះ​ឬ​សត្វ​នោះ មិនមាន​ក្នុង​ធម្មជាតិ​នោះទេ តួយ៉ាង​ដូចជា សត្វ​ប្រេត ជាដើម​។ ថ្វីត្បិតតែ យើង​មើលមិនឃើញ​ប្រេត​មែន តែ​មិន​ប្រាកដថា​មិនមាន​នោះទេ ហើយក៏​មិន​ច្បាស់​ថា ពិត​ជាមាន​ប្រេត​មែន តាម​ការជឿ​របស់​យើង​ក្នុង​គម្ពីរ​នោះដែរ​។

​បញ្ហា​កម្មនេះ ប្រៀបដូចជា យើងទាំងអស់គ្នា កំពុងតែ​ស្ថិតនៅ​ខាងក្រៅ​បន្ទប់​មួយ​បិទ​ជិត ដោយ​មើលមិនឃើញ​អ្វី​ទាំងអស់​នៅក្នុង​បន្ទាប់​នោះ​។ ដូច្នេះ ថា​តើ​យើង​ម្នាក់ៗ ម៉េច​នឹង​អាច​ប្រកាន់​ទស្សនៈ​រៀងៗ​ខ្លួន​ថា មាន​វត្ថុ​នេះ ឬ​គ្មាន​វត្ថុ​នោះ មាន​សត្វ​នេះ ឬ​គ្មាន​សត្វ​នោះ បាន​ទៅ​? អញ្ចឹង យើង​គប្បី​ចៀសវាង​ការឈ្លោះប្រកែក​គ្នា​ស្លា​ប់រស់ ក្នុង​រឿង​ថា មាន​ប្រេត ឬ​គ្មាន​ប្រេត នេះ​ចុះ ទើប​ប្រសើរ​។

​ប៉ុន្តែ អ្វីដែល​នឹងត្រូវ​លើក​យកមក​បកស្រាយ​ពេលនេះ ថា​មាន​ប្រេត ឬ​គ្មាន​ប្រេត​នោះ គឺជា​ការបកស្រាយ ដោយយោង​លើ​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។ ដើម្បី​ដឹងថា មាន​ប្រេត ឬ​គ្មាន​ប្រេត​នោះ​យើង​គប្បី​សិក្សា​ពី​ព​ភ​ជាមុនសិន ព្រោះថា​ភព​គឺ​ជាទី​អាស្រ័យ និង​ការយោង​យកកំណើត​នៃ​សត្វលោក​ទាំងពួង​។

​អ្វី​ជា​ភព​? ភព​គឺ​ជាទី ដែលមាន​លក្ខណ​ធម្មជាតិ​គ្រប់គ្រាន់ ដែល​អាច​ញ៉ាំង​សត្វ​ឲ្យ​បដិសន្ធិ​បាន និង​អាច​ទ្រទ្រង់​ជីវិត​សត្វលោក​ឲ្យ​រស់រាន​បាន តួយ៉ាង​ដូចជា ភព​មនុស្សលោក​យើង​ជាដើម (​ការពិត​ពាក្យ​ថា​ភព​នេះ មិន​មែនមាន​អត្ថន័យ​តែ​ប៉ុណ្ណឹង​ទេ នៅមាន​សេចក្តី​ជ្រាលជ្រៅ​ជាង​នឹង​ឆ្ងាយ​ណាស់​)​។

​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា រាល់​សត្វលោក​ទាំងពួង​ក្នុង​វាលវដ្ដសង្សារ​នេះ គឺ​អាស្រ័យ​នឹង​ភព​បី ពោលគឺ កាមភព រូបភព និង​អរូបភព​។ តើ​អ្វី​ជា​កាមភព​? អ្វី​ជា​រូបភព​? ហើយ​អ្វី​ជា​អរូបភព​។ ខ្ញុំ​សូម​មិន​បកស្រាយ​ពីអ្វី​ដែល​ហៅថា រូបភព និង​អរូបភព​ទៅ​ចុះ ដោយសារតែ​ភព​ទាំងពីរ​នេះ ពិតជា​មាន​អត្ថ​សេចក្តី​ជ្រាលជ្រៅ​ជា​ពន់ពេក ហើយ​ម្យ៉ាងទៀត​ក៏​មិនមែន​ជាទី ដែល​សត្វ​ប្រេត​ចាប់កំណើត​ឡើយ​។ ដូច្នេះ ខ្ញុំ​សូម​បកស្រាយ​ត្រឹមតែ កាមភព​ទៅ​ចុះ ព្រោះ​ជា​ភព​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​ប្រេត ដែល​យើង​កំពុងតែ​ចង់ដឹង​។

​កាមភព ឬ​អាច​ហៅថា កាម​លោក គឺជា​ទី​កើ​តនៃ​សត្វលោក ហើយ​ញ៉ាំង​សត្វលោក​ទាំងពួង​ក្នុង​ភព​នេះ ឲ្យ​មាន​អារម្មណ៍​ប្រកបដោយ​កាម ដូចជា​ស្រឡាញ់​និង​ស្អប់ សុខ​និង​ទុក្ខ ជាដើម​។ កាមភព​នេះ  មាន​បី គឺ​ស្ថានសួគ៌ (​ស្ថាន​លើ​), ស្ថាន​មនុស្សលោក (​ស្ថាន​កណ្តាល​) និង​ស្ថាន​អបាយភូមិ (​ស្ថាន​ក្រោម​)​។ ស្ថាន​ក្រោម មាន​បួន​ទៀត​គឺ ស្ថាន​នរក​១, ស្ថាន​ប្រេត​១, ស្ថាន​អសុរកាយ​១ និង​ស្ថាន​តិរច្ឆាន​១ ។ ស្ថាន​ក្រោម​នេះ មិនមែន​មានន័យថា ស្ថាន​ដែល​ស្ថិ​ន​នៅក្រោម​ផែនដី​យើង​ទេ តែ​សំដៅ​ដល់​ស្ថាន​ដែល​ទទួល​រក​ទុក្ខវេទនា​ខ្លាំង​ជាង​ស្ថាន​កណ្តាល​។​តួយ៉ាង​ដូចជា ស្ថាន​តិរច្ឆាន មានដូចជា ឆ្កែ ឆ្មា គោ ក្របី ជាដើម ក៏មាន​ជីវិត​រស់នៅ​លើ​ភពផែនដី​យើង​ដែរ តែ​ចាត់ទុកជា​សត្វ​ស្ថាន​ក្រោម​។​

​តាម​ការរៀបរាប់​ខាងលើនេះ យើង​ឃើញថា សត្វ​ប្រេត ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ស្ថាន​ឬ​ភព ជាទី​អាស្រ័យ និង​ជាទី​ចាប់កំណើត ដូច​សត្វ​ដទៃទៀត​ដែរ​។ ស្ថាន​ប្រេត ជា​ស្ថាន​មួយ ដែល​ស្ថិតក្នុង​ស្ថាន​អបាយភូមិ ហើយ​ស្ថាន​អបាយភូមិ ស្ថិតនៅក្នុង​ស្ថាន​កាម​លោក​។​

​សម្រេច​មក សត្វ​ប្រេត ពិត​ជាមាន​ក្នុង​ធម្មជាតិ​មែន បើតាម​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ ដូច​ការរៀបរាប់​មក​នេះ​។ ក្នុង​ស្ថាន​ប្រេត​នេះ មាន​សត្វ​ប្រេត ចំនួន​១២​ពួក​គឺ វ​ន្តា​ស​ប្រេត​១, កុណ​បាស​ប្រេត​១, គូថ​ខា​ទក​ប្រេត​១, អគ្គិ​ជាល​មុខ​ប្រេទ​១, សូ​ចិ​មុខ​ប្រេត​១, ត​ណ្ហ​ដ្តិ​ប្រេត​១, សុ​និ​ជ្ឈា​មក​ប្រេត​១, ស​ត្ថ​ង្គ​ប្រេត​១, បព្វ​ត​ង្គ​ប្រេត​១, អ​ជគរ​ង្គ​ប្រេត​១, វិមាន​ក​ប្រេត​១, និង​ម​ហិ​ទ្ធិ​ក​ប្រេត​១​។ ប្រេទ​ទាំង​១២​ពួកនេះ មាន​រូប​ខុសគ្នា និង​ទទួលរង​ទុក្ខ​ផ្សេងគ្នា ទៅតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ បញ្ហា​ប្រេត​១២ មិនអាច​រៀបរាប់​ម្តង​មួយៗ​នៅពេលនេះ​បានទេ ដូច្នេះ​សូម​រៀបរាប់​ដោយ​សង្ខេប​ប៉ុណ្ណឹង​ចុះ​។​

​ហេតុដូច្នេះ អ្វីដែល​ភ្នែក​យើង​មើលមិនឃើញ មិន​ប្រាកដថា វត្ថុ​នោះ​ឬ​សត្វ​នោះ មិនមាន​ក្នុង​ធម្មជាតិ​នោះទេ​។ ជួនកាល​អ្វីដែល​យើង​ជាម​នុស្ស​សាមញ្ញ មើលមិនឃើញ តែ​ជា​អ្វី​ដែលមាន​ក្នុង​ធម្មជាតិ ដូចជា​ប្រេត ជាដើម​។

​យ៉ាងណាក៏ដោយ អ្នក​ក៏​គួរ​កុំ​គប្បី​ជឿ​នូវ​អ្វី​នៅក្នុង​គម្ពីរ​ខ្លាំងក្លា​ពេក រហូតដល់​លែង​ប្រើ​បញ្ញា និង​ការពិចារណា​។ អ្វី​ក៏ដោយ មុននឹង​ជឿ អ្នក​ក៏​គួរប្រើ​បញ្ញា​គិត​ជា​មុខ​សិន​។ បើ​អ្នក​យល់ថា អ្វី​ទាំងនោះ សម​ហេតុ​សម​ផល គួរ​ឲ្យ​ជឿ អ្នក​ក៏​គួរ​ជឿ​ចុះ​។ តែបើ​អ្នក​យល់ថា មិន​សម​ហេតុ​មិន​សម​ផល អ្នក​ក៏​គួរ​មិន​ជឿ​សោះឡើយ​៕