ចិន “ឆេះដុំ” នឹងអាមេរិកដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សារព័ត៌មាន​ Channel​ NewsAsia​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ មហាអំណាច​ចិន​បាន​សម្តែង​នូវ​ប្រតិកម្ម​មិន​ពេញចិត្ត​ទៅ​នឹង​អំពើ​របស់​មហាអំណាច​អា​មេ​រិ​ក​ ដែល​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ចិន​ ក្រោម​ការ​ចោទប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ តាម​ការ​ប្រើ​ច្បាប់ទម្លាប់​ក្នុង​ប្រទេស​ខ្លួនឯង​យក​ទៅ​អនុវត្តន៍​លើ​ប្រទេស​ដទៃ​ ។​

ចិន “ឆេះដុំ” នឹងអាមេរិកដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ The​ Guardian​ ឲ្យ​ដឹង​ថា​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ចិន​មួយ​ឈ្មោះ​ Dandong​ Hongxiang​ Industrial​ Development​ ព្រមទាំង​ស្ថាបនិក​ និង​នាយក​ប្រតិកម្ម​ក្រុមហ៊ុន​ចំនួន​៤​នាក់​ទៀត​ រួម​មាន​ លោក​ Ma​ Xiaohong,​ លោក​ Zhou​ Jianshu,​ លោក​ Hong​ Jinhua​ និង​លោក​ Luo​ Chuanxu​ ផង​ ត្រូវ​បាន​រង​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ ដោយ​បាន​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​ជួសមុខ​ឲ្យ​ធនាគារ​កូរ៉េ​ខាងជើង​ ដែល​កំពុង​ឋិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ និង​សហរដ្ឋអាមេរិក​ ចន្លោះ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៥​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ។​

ចិន “ឆេះដុំ” នឹងអាមេរិកដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រុមហ៊ុន​ Dandong​ Hongxiang​ Industrial​ Development​ របស់​ចិន​ បាន​ធ្វើ​សកម្មភាព​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង​ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៥៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​ គឺ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​រហូត​ដល់​ជិត​៩០​ភាគរយ​ទៅ​លើ​ប្រទេស​ចិន​ តាម​រយៈ​ការ​នាំ​ចេញ​កសិផល​ រ៉ែ​ និង​ផល​នេសាទ​…​។​ ក្នុង​មូលហេតុ​នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​អន្តរជាតិ​បាន​វាយតម្លៃ​ថា​ មហាអំណាច​ចិន​គឺជា​អ្នក​កាន់​ "​កូនសោ​"​ កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ អាច​ដំណើរការ​រហូត​ដល់​សព្វថ្ងៃ​ ៕​

Related