កម្ពុជា​ជាប់​​លេខ​១៤០​ក្នុង​ចំណោម​១៥៧​​ជា​ប្រទេស​ដែល​ផ្ដល់​ក្ដី​សុខ​បំផុត​ដល់​ពលរដ្ឋ ខណៈដែរ …

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤០​ក្នុង​ចំណោម​១៥៧​ប្រទេស​ សម្រាប់​ការ​វាយ​តម្លៃ​លើ​ប្រទេស​ដែល​ផ្ដល់​ក្ដី​សុខ​បំផុត​ដល់​ពលរដ្ឋ​ ខណៈ​ដែល​ប្រទេស​មហា​អំណាច​ក៏​មិន​មាន​ចំណាត់​ថ្នាក់​ល្អ​ដែរ​

បើ​យោង​តាម​របាយការណ៍​ថ្មី​ស្ដី​ពី​ក្ដី​សុខ​ពិភពលោក​​​សម្រាប់​ឆ្នាំ​២០១៦​ (World Happiness Report 2016 Update) ដែល​ចេញ​ដោយ​​បណ្ដាញ​សម្រាប់​ដំណោះស្រាយ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព (Sustainable Development Solution Network) ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៦ ខែ មិនា​ ឆ្នាំ​២០១៦​នៅ​ទីក្រុង​រ៉ូម​ បាន​បង្ហាញ​ពី​ប្រទេស​ដែល​ផ្ដល់​ក្ដី​សុខ​​ដល់​ពលរដ្ឋ​របស់​ខ្លួន​ពី​កម្រិត​ខ្ពស់​បំផុត​មក​កម្រិត​ទាប​​បំផុត​ ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ជាប់​ចំណាត់​លេខ​១៤០​ ក្នុង​ចំណោម​១៥៧​ប្រទេស​ ដោយ​ទទួល​បាន​ពិន្ទុ​សរុប​​ ៣.៩០៧។

ចំណុច​សំខាន់​សម្រាប់​ការ​វាយ​តម្លៃ​ពី​ក្ដី​សុខ​នោះ​​ គឺ​គេ​ដាក់​ពិន្ទុ​លើ​យ៉ាង​ហោច​ណាស់​៧​ចំណុច​ដែល​រួម​មាន​៖ អត្រា​សង្ឃឹម​រស់​របស់​ពលរដ្ឋ​​ ការ​គាំទ្រ​ផ្នែក​សង្គម​ដល់​ពលរដ្ឋ​​ សេរីភាព​របស់​ពលរដ្ឋ​​ក្នុង​ការ​សម្រេច​ពី​ជម្រើស​ជីវិត​​របស់​ខ្លួន​ សញ្ញាណ​នៃ​អំពើ​ពុក​រលួយ​​ក្នុង​សង្គម​ សប្បុរស​ធម៌​ក្នុង​សង្គម​ វិសមភាព​តិចតួច​ក្នុង​ក្ដី​សុខ​រវាង​ពលរដ្ឋ​ និង​ផលិតផល​ជាតិ​សរុប​ក្នុង​មនុស្ស​ម្នាក់​។

បើ​យើង​ងាក​មក​​​អំពី​ចំណាត់​ថ្នាក់​របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន​វិញ​ ​ក៏​មាន​ចំណាត់​ថ្នាក់​មិន​សូវ​ល្អ​ផង​ដែរ​ ​ដូច​ជា​សហរដ្ឋអាមេរិក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៣​ (ទទួល​បាន​ពិន្ទុ​៧.១០៤) អាល្លឺម៉ង់​នៅ​ចំណាត់​ថ្នាក់​លេខ​១៦​ (៦.៩៩៤) ចក្រភព​អង់គ្លេស​លេខ​ ២៣​ (៦.៧២៥) បារាំង​លេខ​ ៣២​ (៦.៤៧៨) ជប៉ុន​លេខ​៥៣​ (៥.៩២១) រុស្ស៊ី​លេខ​៥៦​ (៥.៨៥៦) និង​ប្រទេស​ចិន​នៅ​ចំណាត់​លេខ​៨៣​ ​(៥.២៤៥)​។​

បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​វិញ​ កម្ពុជា​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ ជាក់ស្ដែង​ ប្រទេស​មីយ៉ាន់ម៉ា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១១៩​ ដោយ​ទទួល​បាន​ពិន្ទុ​ ៤.៣៩៥ ប្រទេស​ឡាវ​ លេខ​១០២​ (៤.៨៧៦) ប្រទេស​វៀតណាម​លេខ​ ៩៦​ (៥.០៦១) ប្រទេស​ហ្វីលីពីន​ លេខ​ ៨២ (៥.២៧៩) ប្រទេស​ឥណ្ឌូណេស៊ី​លេខ​ ៧៩ (៥.៣១៤) ប្រទេស​ម៉ាឡេស៊ី​ លេខ ៤៧ (៦.០០៥) ប្រទេស​ថៃ​ លេខ​៣៣ (៦.៤៧៤) និង​ប្រទេស​សិង្ហបុរី​ លេខ​២២ (៦.៧៣៩) ចំណែក​ប្រទេស​ប្រ៊ុយណេ​មិន​មាន​ក្នុង​បញ្ជី​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ទាំង​១០​ វិញ​គឺ​បាន​លើ​​ប្រទេស​ដាណឺម៉ាក​ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ទទួល​បាន​ពិន្ទុ​ ៧.៥២៦ ប្រទេស​ស្វីស​ ​លេខ​ ២ (៧.៥០៩) ប្រទេស​ អាយឡែន​ ​លេខ​៣ (៧.៥០១) ប្រទេស​ណ័រវេស​​ ​លេខ​៤ (៧.៤៩៨) ប្រទេស​ហ្វាំងឡង់​ ​លេខ​ ៥​ (៧.៤១៣) ប្រទេស​កាណាដា​ លេខ​៦ (៧.៤០៤) ប្រទេស​ហូឡង់​ លេខ​៧ (៧.៣៣៩) ប្រទេស​ញ៉ូវហ្សឺឡែន​ លេខ​៨ (៧.៣៣៤) ប្រទេស​អូស្ត្រាលី​ ​លេខ​៩ (៧.៣១៣) និង​ប្រទេស​​ស៊ុយអែត​ ​លេខ​១០ (៧.២៩១)។

ប្រែ​សម្រួល៖ Sophany
ប្រភព៖ &

កម្ពុជា​ជាប់​​លេខ​១៤០​ក្នុង​ចំណោម​១៥៧​​ជា​ប្រទេស​ដែល​ផ្ដល់​ក្ដី​សុខ​បំផុត​ដល់​ពលរដ្ឋ ខណៈដែរ …

  • កម្ពុជា​ជាប់​​លេខ​១៤០​ក្នុង​ចំណោម​១៥៧​​ជា​ប្រទេស​ដែល​ផ្ដល់​ក្ដី​សុខ​បំផុត​ដល់​ពលរដ្ឋ ខណៈដែរ …已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: