ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៨)

ភាគ​ទី​៥៨
កួកឆេង​ប្រមូល​ផ្ដុំ​កម្លាំង​ដាល់​ម៉ីឆាវហ្វុង​ប៉ុន្មាន​ដៃ​មិន​ត្រូវ​សោះ ក៏​អន់​ម្ដង​បន្តិចៗ កុមារ​វិល​មុខ​ខ្ញាក​ៗ ក្បាល​ធ្ងន់​ពាប់ ហើយ​រួយ​ជើង​ស្ទើរ​កម្រើក​ខ្លួន​លែង​រួច។ កួកឆេង​យល់​ថា​ពិស​កំណាច​បាន​ជ្រាប​សុស​ក្នុង​រាង​កាយ​ក៏​លែង​ហ៊ាន​ប្រើ​កម្លាំង​ទៀត គ្រោះ​ល្អ​មក​ពី​កួកឆេង​បាន​ផឹក​ឈាម​ពស់​លាងជឺវង់​ បើ​ពុំ​នោះ​ទេ ឃើញ​ថា​កុមារ​នេះ​ពុំ​អាច​ចៀស​ផុត​ពី​គ្រោះ​កាច​បាន​ឡើយ។
​ហួងយុង​ឃើញ​ដូច្នោះ​ក៏​ភ័យ​ខ្លាំង​ស្រែក​ថា៖
​«បង​ឆេង​! បង​ឯង​គេច​ចេញ​ពី​រង្វង់​ប្រយុទ្ធ​ឱ្យ​ឆាប់!»

ជា​បន្ទាន់​នោះ ហួងយុង​ហូត​ដាវ​មួយ​តូច​ពី​ក្នុង​សក់ ហក់​ចូល​ទៅ​ប្រយុទ្ធ​ជាមួយ​ម៉ីឆាវហ្វុង។ ពួក​ហានប៉ៅឈី ណាំស៊ិរិន​​និង​ជូធុង ក៏​ហូត​អាវុធ​ប្រុង​នឹង​ចូល​ប្រឡូក​វាយ​ដែរ។ ចំណែក​កួកឆេង​កាល​បើ​ឃើញ​ហួងយុង​មក​ជួយ​ខ្លួន​ គេ​ពុំ​ដាច់​ចិត្ត​នឹង​ចោល​ហួងយុង​តែ​ម្នាក់​ឯង​ឡើយ។ កួកឆេង​ប្រមូល​កម្លាំង​សម្រុក​ទៅ​លើ​ដៃ ទាំង​សង​ខាង​បញ្ចេញ​ស្នៀត​ដាល់​ចំ​ម៉ីឆាវហ្វុង។ ឥឡូវ​នេះ​ថ្វី​ត្បិត​តែ​កួកឆេង​រួច​ដៃ​រួច​ជើង ដែល​ជា​កត្តា​ញ៉ាំង​នាយ​ឱ្យ​យឺត​យ៉ាវ​បន្តិច​បន្តួច​ប៉ុណ្ណោះ រី​ឯ​កម្លាំង​ដៃ​វិញ​នៅ​ល្មម​​នឹង​សម្លាប់​គូ​ប្រយុទ្ធ​បាន ប្រសិន​បើ​អ្នក​នោះ​ពុំ​មែន​ជា​មនុស្ស​មាន​ស្បែក​ដែក​ដូច​ម៉ីឆាវហ្វុង​នេះ។
មក​ពី​ដៃ​កួកឆេង​ដាល់​ទៅ​ដោយ​រង្វើល​នេះ​ហើយ បាន​ជា​ម៉ីឆាវហ្វុង​រក​ស្ដាប់​ខ្យល់​មិន​យល់ ហើយ​ពុំ​ដឹង​កាត់​រង​ទិស​ខាង​ណា។ ករណី​នេះ​ធ្វើ​ឱ្យ​ការ​ដាល់​របស់​កួកឆេង​រឹត​តែ​មាន​ប្រសិទ្ធិ​ភាព ប៉ះ​ចំ​ស្មា​ម៉ីឆាវហ្វុង​មួយ​ដៃ ស្ត្រី​នោះ​ក៏​ដួល​ផ្កាប់​មុខ​ទៅ​លើ​ដី។

 

ហួងយុង​ឃើញ​ដូច្នោះ នាង​ឆ្ងល់​អស្ចារ្យ​ណាស់​ក៏​ដក​អាវុធ​មក​វិញ តែ​ជន​ចម្លែក​ទាំង​ប៉ុន្មាន​នាក់​បាន​ស្ទុះ​ហេ​ទៅ​ចាប់​ម៉ីឆាវហ្វុង​ ស្រាប់​តែ​ប៉ុន្មាន​នាក់​នេះ​លោត​ថយ​ក្រោយ​គេច​យ៉ាង​ប្រញាប់ ព្រោះ​ម៉ីឆាវហ្វុង​បាន​លូក​ដៃ​ទៅ​ច្បាម​ពួក​ទាំង​នោះ​ដែរ។
គេ​ទ្រាប​ទៅ​ចំ​ណាំស៊ិរិន​ បុរស​នោះ​ប្រះ​ដេក​រមៀល​ខ្លួន​ពីរ​បី​ជុំ ទើប​គេច​ផុត​ពី​ក្រញាំ​របស់​ស្រី​កំណាច ឆ្លៀត​ឱកាស​នោះ​ម៉ីឆាវហ្វុង​ស្ទុះ​ក្រោក​ឡើង ​តែ​គេ​ឈរ​ពុំ​ទាន់​បាន​នឹង​ផង ស្រាប់​តែ​ត្រូវ​កួកឆេង​ដាល់​មួយ​ដៃ​ទៀត​ចំ​ចង្កេះ ស្ត្រី​កំណាច​ក៏​ដួល​ប្រូស​សាជាថ្មី​ម្ដង​ទៀត។

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៨)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ