លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​បាន​ដោយ​សុខ​ស្រួល មិនគួរណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​

ខេត្តកណ្តាល ៖ សព្វថ្ងៃនេះសកម្មភាព ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកជ្រៃធំ មកពីប្រទេសវៀតណាមប្រព្រឹត្តឡើងយ៉ាងអនាធិបតេយ្យ ហើយវាបានក្លាយជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ លោក មួង ដារ៉ា ប្រធានការិយាល័យគយប្រចាំច្រកជ្រៃធំ។ ភាពសុខស្រួលប្រមូលលុយក្នុងរូបភាពអំពើពុករលួយនេះបានតាមអំពើចិត្ត គេសង្ស័យលោក មួង ដារ៉ា អាចចាត់ចែងជីវភាពផ្ទះបាយជូនថ្នាក់លើមិនតិចទេក្នុងមួយខែៗ ដើម្បីចៀសវាងថ្នាក់លើចាប់កំហុសដកចេញពីតំណែងខ្លាញ់នេះ។

មន្ត្រីគយតូចតាចបានលួចខ្សឹបឲ្យដឹងថា លោក មួង ដារ៉ា បច្ចុប្បន្នស្ទើរក្លាយជាអ្នកមានទ្រព្យដ៏មហាសាលទៅ ហើយព្រោះ ចំណូលសម្បើមណាស់ចាប់តាំងពីគាត់ឡើងកាន់តំណែងនេះ។ ហើយជាធម្មតា លោក មួង ដារ៉ា បានយកឥទ្ធិពលរបស់ថ្នាក់លើ មកបន្លាចក្រុមឈ្មួញឲ្យបង់លុយទៅតាមការទាមទារ ជាថ្នូរនៃការសម្របសម្រួល ឲ្យមានការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកជ្រៃធំដោយរលូន មិនចាំបាច់ត្រួតពិនិត្យ ពោលគឺមួយរយៈពេលដែល លោក មួង ដារ៉ា ឡើងធ្វើជាមេគយ ប្រចាំច្រកជ្រៃធំ មិនថាតែមេឈ្មួញមានអំណាចស័ក្តិយសពាក់ផ្កាយធំៗបានលំឱនខ្លួនសុំការយោគយល់ និងចែកផលប្រយោជន៍គ្នាដោយសន្តិវិធី ហើយអ្វីៗចេះស្ងាត់ៗ និងតែសុខស្រួលរហូតដល់សព្វថ្ងៃ។

មានការបញ្ជាក់ផងដែរថា ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកទំនិញ ឆ្លងកាត់ច្រកជ្រៃធំ មានទំនាក់ទំនងល្អ ជាមួយលោកមួង ដារ៉ា ដូចជាឧត្តមសេនីយ៍មួយចំនួន ដែលនាំចូល ប្រភេទគ្រឿងសំណង់ ដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញចាប់ហួយ និងថ្នាំពេទ្យ មេស្រា ត្រីសាច់ ។ល។ គេដឹងថា មន្ត្រីគយរបស់លោក មួង ដារ៉ា បានជួយសម្របសម្រួល ក្រូមេឯកសារ ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់ នាំឲ្យខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ មិនដែលមាននរណាហ៊ានសួរនាំនោះទេ ព្រោះលោក មួង ដារ៉ា បានអួតប្រាប់គេថា គាត់ប្រឹងរកចំណូលបង់ជូនថ្នាក់លើ ហើយជាក់ស្តែងនោះទៀតគេក៏មិនដែលឃើញ លោក មួង ដារ៉ា បង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ។

ដោយឡែកបច្ចុប្បន្នកូនចៅ របស់លោក មួង ដារ៉ា បានឃុបឃិតឲ្យ មានការហូរចូលជ្រូកក្រហម ឬជ្រូកត្រចៀកខៀវ មាន់ ទា ត្រីឆ្តោ និងម្ហូបអាហារ មានសារធាតុគីមី មកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ យ៉ាងប្រសេកប្រសាច ក៏ជាប្រភពចំណូលមិនធម្មតា សម្រាប់ជំនាញគយ របស់លោក មួង ដារ៉ា ដែលអាចប្រមូលលុយ យកទៅធ្វើមានធ្វើបាន តាមរបៀបពុករលួយ មិនខ្វល់ខ្វាយចំពោះកំណែទម្រង់គយ ឬការរិះគន់អ្វីឡើយ ព្រោះគេឮតៗគ្នាថាលោក មួង ដារ៉ា បានបោះទុនទប់មុខតំណែងទំនងរហូតមានប្លង់រឹងទៀតផង ហើយសូម្បីតែ លោក គុណ ញឹម អគ្គនាយកគយក៏មិនហ៊ានក្អកជាមួយលោក មួង ដារ៉ា នោះទេ គឺលោកមួង ដារ៉ា ធ្វើការអាងឥទ្ធពលមេចាស់។

មន្ត្រីតូចតាចមួយចំនួនបានបញ្ជាក់ និងរិះគន់ថា លោក មួង ដារ៉ា មិនដែលខ្វល់ខ្វាយ ចំពោះចំណាត់ការ មួយឡើយ បើទោះជាការសម្រេចប្រមូលពន្ធរបស់គាត់នៅមានបញ្ហាមិនប្រក្រតីក៏ដោយ។ ហើយប្រសិនបើគាត់ប្រមូលពន្ធដោយតម្លាភាពវិញនោះមិនដឹងជាប្រាក់ពន្ធចំណូលរដ្ឋកើនឡើងដល់ថ្នាក់ណានោះទេ។ ករណីនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយកុំមើលរំលងយូរពេក ព្រោះថា លោក គុណ ញឹម និង លោក អូន ព័ន្ធមុន្នីរ័ត្ន មេៗទាំងពីររូបនេះកំពុងតែត្រូវថ្នាំសណ្តំរបស់លោក មួង ដារ៉ា អស់ទៅហើយគ្មានថ្ងៃហ៊ានក្អក់ជាមួយនោះទេ ណាមួយល្បីថា លោក មួង ដារ៉ា ទទួលបានប្លង់រឹងក្នុងមុខតំណែងជាមេគយច្រកជ្រៃធំរហូតដល់អាយុចូលនិវត្តន៍ទៀតផង៕ (យាយម្លូ)

KA-22-07-2016-01

លោក គុណ ញឹម (សក់ខ្មៅ) និង លោក អូន ព័ន្ធមុន្នីរ័ត្ន