ម៉ៅ ពិសិដ្ឋ ​​កំណត់​គោល​ដៅ​​​ចង់​ទៅ​លេង​នៅ​អ៊ឺរ៉ុប​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​​កាន់​តែ​​ល្អ​​​

​​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦ឆ្នាំ និង​១៩​ឆ្នាំ​ ម៉ៅ ពិសិដ្ឋ ​បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​​ចង់​ទៅ​លេង​ក្លឹប​កំពូល​ក្នុង​តំបន់​អ៊ឺរ៉ុប​ដូច​ជា​ក្លឹប​ Barcelona​ ​ដើម្បី​​​​ជំរុញ​​​ទឹក​ចិត្ត​​ខ្លួនឯង​​​ឲ្យ​​កាន់​តែ​ខិត​ខំ​​ប្រឹង​ប្រែង​ទ្វេ​ឡើង​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​។

 

ម៉ៅ ពិសិដ្ឋ ​​កំណត់​គោល​ដៅ​​​ចង់​ទៅ​លេង​នៅ​អ៊ឺរ៉ុប​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​​កាន់​តែ​​ល្អ​​​ម៉ៅ ពិសិដ្ឋ (​លេង​​ក្នុង​ U-19 ​មិត្ត​ភាប​ជាមួយ African All Stars ) 

 

​​​យុវជន​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​រូប​នេះ​​​ត្រូវ​បាន​ជាប់​ឈ្មោះ​ទៅ​លេង​​ប្រទេស​វៀតណាម​ក្នុង​ពាន​រង្វាន់ AFF U-19 Championship 2016 កន្លង​ទៅ​  ​បន្ទាប់​​ពី​រូប​គេ​បញ្ចប់​យុទ្ធនាការ​​ជួយ U-16 ​កម្ពុជា​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF U-16 Championship 2016 ។

 

យុវជន​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​​ព្រៃវែង​ ម៉ៅ ពិសិដ្ឋ ​បាន​ឲ្យ​ដឹង​ថា ​នា​ពេល​អនាគត​ រូប​គេ​ចង់​ចាប់​អាជីព​បាល់ទាត់​នេះ​រហូត​ ហើយ​ដើម្បី​​អាច​ពង្រឹង​ខ្លួន​​ឲ្យ​បាន​កាន់​តែ​ល្អ​ ​រូប​គេ​បាន​ដាក់​គោល​ដៅ​ ចង់​ទៅ​លេង​នៅ​ក្លឹប​កំពូល​របស់​អេស្ប៉ាញ​។ ​ការ​កំណត់​គោល​ដៅ​ខ្ពស់​​បែប​នេះ​ ​ក្នុង​គោល​បំណង​​ធ្វើ​ឲ្យ​​​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់ និង​​ពុះពារ​រាល់​ការ​លំបាក​ ដើម្បី​ជា​ចំណែក​មួយ​ធ្វើ​រូប​គេ​អភិវឌ្ឍ​​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។

 

ម៉ៅ ពិសិដ្ឋ ​​កំណត់​គោល​ដៅ​​​ចង់​ទៅ​លេង​នៅ​អ៊ឺរ៉ុប​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​​កាន់​តែ​​ល្អ​​​ម៉ៅ ពិសិដ្ឋ (លេខ ១៤​ លេង​ U-16 កម្ពុជា​)

 

​ម៉ៅ ពិសិដ្ឋ ជា​កូន​ទី​២​ក្នុង​គ្រួសារ​មាន​ឪពុក​ឈ្មោះ​ទូច សុឃឿន ​ម្ដាយ​ឈ្មោះ​ ​មេង ពៅ មាន​បង​ប្អូន​បី​នាក់​។ គ្រួសារ​របស់​យុវជន​រូប​នេះ​បាន​ផ្លាស់​ពី​ព្រៃវែង​​មក​រស់​នៅ​ភ្នំពេញ​កំឡុង​ឆ្នាំ​២០១០-២០១១។

 

​យុវជន​ដែល​បាន​ចូល​លេង​ U-19 ​​រូប​នេះ​ ​បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​​​​នា​ឆ្នាំ​២០១៣ ដែល​ពេល​នោះ​លេង​ក្នុង​ក្រុម U-14 ​​របស់​ខេត្ត​ព្រៃវែង​ក្នុង​ពាន​រង្វាន់​មួយ​​របស់​អង្គការ​ផ្កាយ​សមុទ្រ​។ ​ដោយ​សារ​ទម្រង់​លេង​បង្ហាញ​បាន​ល្អ​ក្នុង​ពាន​រង្វាន់​​នេះ​កំឡុង​ឆ្នាំ​នោះ​​ក៏ បាន​ចូល​លេង​ក្នុង​ក្រុម​​​ជម្រើស​ជាតិ​ U-14 កម្ពុជា ​ហើយ​ទៅ​លេង​ពាន​រង្វាន់​មួយ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​

 

ម៉ៅ ពិសិដ្ឋ ​​កំណត់​គោល​ដៅ​​​ចង់​ទៅ​លេង​នៅ​អ៊ឺរ៉ុប​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​​កាន់​តែ​​ល្អ​​​ម៉ៅ ពិសិដ្ឋ (លេខ ១៩​ ​កំពុង​ហ្វឹកហាត់​ក្នុង​ក្រុម U-19 កម្ពុជា)​

 

លុះ​ត្រឡប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​វិញ​រូប​គេ​ទៅ​ធ្វើតេស្ត​នៅ​ក្លឹប​ភ្នំពេញ​ក្រោន​​ ក៏​បាន​ជាប់​ឈ្មោះ​លេង​ក្នុង​ក្លឹប​យុវជន​ក្រោន​តាំង​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន។ ​សព្វថ្ងៃ​ ​ម៉ៅ ពិសិដ្ឋ រៀន​ថ្នាក់​ទី​៩ ​នៅ​សាលា​ប៊ែលធី​​ និង​មាន​អាយុ​១៦​ឆ្នាំ​។

 

​ម៉ៅ ពិសិដ្ឋ ​រក​គ្រាប់​បាល់​បាន​​២​គ្រាប់​ជួយ​ឲ្យ​ U-16 កម្ពុជា​យក​ឈ្នះ​ U16 ទីម័រខាងកើត​៣-០​ក្នុង​ជំនួប​លើក​ចុង​ក្រោយ​ក្នុង​ពូល B ​នៃ​ពាន​រង្វាន់ AFF U-16 Championship 2016 ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ស្គាល់​រូប​គេ​យ៉ាង​ច្បាស់៕

 

ម៉ៅ ពិសិដ្ឋ ​​កំណត់​គោល​ដៅ​​​ចង់​ទៅ​លេង​នៅ​អ៊ឺរ៉ុប​ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​​កាន់​តែ​​ល្អ​​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​