វត្ដ​ទឹក​ធ្លាក់​ខ្សត់​ចង្ហាន់​វេន​បិណ្ឌ​មាន​តែ ១ គ្រួសារ​

សៀមរាប: ក្នុងស្ថានភាពដ៏ស្ងប់ស្ងាត់ខុសពីបណ្ដាវត្ដអារាមនៅទីប្រជុំជនដែលកុះករដោយមនុស្សម្នាយួរស្រាក់អាហារពេញៗដៃ យានជំនិះចតត្រៀបត្រាដល់ថ្នាក់មានសន្ដិសុខសម្រួលចរាចរណ៍ អ្នកយាមស្បែកជើង នៅភូមិឋានដាច់ស្រយាលក្បែរជើងភ្នំទឹកធ្លាក់ក្នុងខេត្ដសៀមរាបដ៏ស្ងាត់ជ្រងំ យាយតាពុទ្ធបរិស័ទជាង ១០ នាក់កំពុងត្រៀមបាយសម្លម្ជូរ ស្ងោរ ទឹកគ្រឿងប្រហុកត្រីពីរបីមុខរំលែក ៤-៥ ថាស ប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃកាន់តែទី ៦ ថ្ងៃទី ២៣ ខែកញ្ញា កន្លងទៅនេះ។

អារាមព្រៃសហគមន៍ភ្នំទឹកធ្លាក់ចង្ក្រានរយនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានកំពុងល្បីឈ្មោះខ្លាំង គឺពើងតានន់ រំលេចទស្សនីយភាពផ្ទាំងថ្មធំៗដែលបាន និងកំពុងស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវារិន ខេត្ដសៀមរាប។

Loading...

ពុទ្ធបរិស័ទអាចធ្វើដំណើរបន្ដពីរមណីយដ្ឋានពើងតានន់ចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រក្រោមស្ថានភាពមិនផាសុកភាព។ នៅមានផ្លូវមួយខ្សែចូលពីផ្លូវជាតិ ៦៧ ត្រង់ចំណុចស្រែណូយ និងបន្ដដំណើរចម្ងាយ ២០ គីឡូម៉ែត្រឆ្ពោះទៅកាន់អារាមទឹកធ្លាក់តែម្ដង។

ខណៈចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃដ៏តិចតួចបំផុតដែលមិនពិបាកក្នុងការរៀបចំ ក្រុមវេនទី ៦ ដែលមានតែសមាជិកមួយគ្រួសារគត់ក្រោមការជួយជ្រោមជ្រែងពីពុទ្ធបរិស័ទវេនដទៃបាននាំគ្នារៃអង្គាសប្រាក់ ២០០ ទៅ ៣០០ រៀលទិញទឹកបរិសុទ្ធមួយយួរតម្លៃត្រឹមតែ ៣៥០០ រៀលថ្វាយប្រគេនព្រះសង្ឃឆាន់ផ្សើមបំពង់ក។

ក្រោមអគារគ្រោងដែក ប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋពីរជ្រុងទំហំ ៥ គុណ ៨ ម៉ែត្រ ទើបសង់ថ្មីៗ ជាជំនួយរបស់ពុទ្ធបរិស័ទមកពីឆ្ងាយៗ ព្រះសង្ឃ ៩ អង្គ និងដូនជីសីល ១០ ចំនួន ៥ នាក់ បាននិមន្ដឆាន់ចង្ហាន់ថ្ងៃត្រង់ព្រមគ្នា។

ក្រោយពីព្រះសង្ឃឆាន់រួច និងបន្ដម្ហូបអាហារសេសសល់ជូនពុទ្ធបរិស័ទសម្រាប់តែមួយចម្អែតក្រពះ នេនតូចៗ ២-៣ អង្គចាប់ផ្ដើមចេញគោយន្ដទៅដឹកជញ្ជូនទឹកផ្គត់ផ្គង់តម្រូវការក្នុងអារាមពីស្រះត្រពាំងក្បែរៗភូមិ ហើយ ២ អង្គទៀតគង់ក្នុងខ្ទមរង់ចាំទទួលបច្ច័យភ្ញៀវទេសចរឆ្លងកាត់ទៅកម្សាន្ដនៅទឹកធ្លាក់លើភ្នំ។

ចំពោះកង្វះខាត និងភាពខ្សត់ខ្សោយរបស់វត្ដទឹកធ្លាក់នេះ លោកគ្រូធម្មាចារ្យហោ ម៉ោរុន ជាគ្រូបង្ហាត់បង្រៀនធុតង្គមានសង្ឃដីកាពីប្រវត្ដិកកើតអារាមនេះថា អារាមនេះចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់សហគមន៍ដើម្បីបង្កើតទំនាក់ទំនងរវាងអារាម និងទីរមណីយដ្ឋាន។

ផ្ដើមពីខ្ទមតូចមួយសម្រាប់តែសម្គាល់ថាជាទីអារាមក្នុងភូមិ ដែលមានប្រជាជនតែ ៧០ គ្រួសារ លោកគ្រូធម្មាចារ្យបានមានសង្ឃដីកាថា៖ «លោកក៏ឃើញទេយ្យទានមកហើយក៏ខំធ្វើ កសាងដើម្បីជាជម្រកក្នុងសាសនា បានមកភ្លាម ធ្វើភ្លាម ហើយបើអត់ឈប់សិន»។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា កម្ពុជាមានអារាម ចំនួន ៤៥៦៧ ជាស្ថិតិដែលត្រូវបានដកស្រង់ផ្លូវការនៅចុងឆ្នាំ ២០១៥។ ចំនួនវត្ដបានកើនឡើងស្ទើរជារៀងរាល់ឆ្នាំ ដែលក្រសួងនឹងបូកសរុបតួលេខថ្មីៗនៅចុងឆ្នាំនីមួយៗ៕

វត្ដ​ទឹក​ធ្លាក់​ខ្សត់​ចង្ហាន់​វេន​បិណ្ឌ​មាន​តែ ១ គ្រួសារ​

វត្ដ​ទឹក​ធ្លាក់​ខ្សត់​ចង្ហាន់​វេន​បិណ្ឌ​មាន​តែ ១ គ្រួសារ​

ប្រភព៖ ភ្នំពេញប៉ុស្តិ៍