សុខ ច័ន្ទមាន ឈ្នះមេដាយមាសជាប្រវត្តិសាស្រ្ត នៅកីឡាអាស៊ីឆ្នេរខ្សាច់

កីឡាករប៉េតង់ដ៏មានបទពិសោធរបស់កម្ពុជា មាស ច័ន្ទមាន បានឈ្នះមេដាយមាសជាប្រវត្តិសាស្រ្តឲ្យកម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ លើកទី៥ ឆ្នាំ២០១៦ ដែលកំពុងធ្វើនៅទីក្រុងដាណាង ប្រទេសវៀតណាម ឯម្ចាស់មេដាយពិភពលោក កែ ឡេង បានឈ្នះមេដាយប្រាក់ ខណៈកីឡាករ ញ៉ែម បូរ៉ា នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃពុធនេះ។

1

នៅការប្រកួតវិញ្ញាសាវាយយកពិន្ទុ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ កីឡាករ មាស ច័ន្ទមាន បានយកឈ្នះកីឡាករដ៏ខ្លាំងរបស់ថៃ Sonthung Wattanchai ជាមួយការវាយបាន២៣ពិន្ទុ ដល់នឹង២១ពិន្ទុ បន្ទាប់ពីរូបគេឈ្នះឱកាសឡើងទៅវគ្គបន្ត ដោយការទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងជុំទី២នោះ ហើយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងភ្លាមៗ កាលពីម្សិលមិញនោះ មាស ច័ន្ទមាន បានបន្តយកឈ្នះកីឡាកររបស់ម្ចាស់ផ្ទះវៀតណាម Huynh Cong Tam ជាមួយពិន្ទុ៣២ ដល់នឹង១០ ដើម្បីឈ្នះបានមេដាយមាសដ៏គួរឲ្យរំភើបបំផុត។

2

ចំណែកកីឡាការិនីជើងចាស់ កែ ឡេង ដែលបានបង្ហាញភាពខ្លាំង តាមរយៈការប្រើត្រឹមការប្រកួតជុំទី១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយវាយបានរហូត៣៧ពិន្ទុនោះ បានបន្តយកឈ្នះលើកីឡាការិនីរបស់វៀតណាម Thach Thi Anh Lan ជាមួយពិន្ទុ៣៣ ទល់នឹង១១ ប៉ុន្តែកីឡាការិនីវ័យជំនាស់រូបនេះ ហាក់ធ្លាក់ដៃ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ជាហេតុនាំឲ្យចាញ់កីឡាការិនីរបស់ចិន Yan Linlin ជាមួយពិន្ទុ ៣៨ ទល់នឹង២៨ ដ៏គួរឲ្យសោកស្តាយបំផុត។

3

ដោយឡែក កីឡាករប៉េតង់របស់កម្ពុជា ញ៉ែម បូរ៉ា បានទទួលចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជម្រុះប្រចាំពូលA លើវិញ្ញាសា១នាក់ទល់១នាក់ ដោយបានការឈ្នះ៣ និងចាញ់១ប្រកួត ហើយ ញ៉ែម បូរ៉ា នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃពុធនេះ ប៉ុន្តែកីឡាការិនី ដួង ឌីណា ដែលឈ្នះបាន២ប្រកួត និងចាញ់២ប្រកួត លើវិញ្ញាសា១នាក់ទល់១នាក់ កាលពីម្សិលមិញនោះដែរ បានធ្លាក់ចេញពីការប្រកួតនេះហើយ៕

4

The post សុខ ច័ន្ទមាន ឈ្នះមេដាយមាសជាប្រវត្តិសាស្រ្ត នៅកីឡាអាស៊ីឆ្នេរខ្សាច់ appeared first on CamboSport.