លោក Allardyce ចាកចេញពីតំណែងក្នុងក្រុមអង់គ្លេស ដោយការយល់ព្រមទាំងសងខាង

រជ្ជកាលរបស់លោក Sam Allardyce ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឈានដល់ទីបញ្ចប់ទាំងភាពអាមាស់ កាលពីថ្ងៃអង្គារ ខណៈដែលលោកបានចាកចេញ ក្រោយពីកាន់តំណែងបានត្រឹមតែរយៈពេល៦៧ថ្ងៃ បន្ទាប់ពីការបញ្ចេញមតិដ៏ចម្រូងចម្រាសរបស់លោកនៅលើទំព័រកាសែតមួយ។

sam-allardyce-england-2018-fifa

រជ្ជកាលរបស់លោក Allardyce បានឈានដល់ទីបញ្ចប់ភ្លាមៗ ក្រោយពីលោកបានធ្វើកិច្ចសម្ភាសជាមួយនឹងអ្នកយកព័ត៌មានរបស់កាសែត Daily Telegraph។ កិច្ចសម្ភាសរបស់គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះ ត្រូវបានគេថតជាភាពយន្តឯកសារដោយសម្ងាត់ក្នុងពេលផ្តល់ដំបូន្មានទៅលើរបៀបក្នុងការរៀបចំច្បាប់នៃការផ្លាស់ប្តូរកីឡាករ ហើយលោកក៏បានធ្វើការរិះគន់ទៅលើការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ក្នុងការជួសជុលកីឡដ្ឋាន Wembley ឡើងវិញ និងចំអកឲ្យលោក Roy Hodgson ដែលជាអតីតគ្រូបង្វឹករបស់អង់គ្លេសផងដែរ។

លោក Allardyce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស កាលពីខែកក្កដា ក្នុងកិច្ចសន្យា៣ឆ្នាំ ដោយមួយឆ្នាំទទួលបានចំណូល៣លានផោន (ស្មើនឹង៣,៩លានដុល្លារអាមេរិក)។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «FA អាចប្រកាសបានថា លោក Sam Allardyce បានចាកចេញពីតំណែងរបស់លោក ក្នុងនាមជាអ្នកចាត់ការទូទៅរបស់អង់គ្លេស។ ការប្រព្រឹត្តរបស់លោក Allardyce ដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ គឺជាទង្វើមិនសមរម្យរបស់អ្នកចាត់ការទូទៅអង់គ្លេសរូបនេះ។ លោកបានទទួលស្គាល់ថា លោកបានប្រព្រឹត្តកំហុសដ៏ធំមួយ និងបានសុំអភ័យទោស។ ប៉ុន្តែ ដោយសារតែនេះគឺជាកំហុសធ្ងន់ធ្ងរពេក FA និងលោក Allardyce បានសម្រេចចិត្តលុបចោលកិច្ចសន្យារបស់លោកភ្លាមៗ»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post លោក Allardyce ចាកចេញពីតំណែងក្នុងក្រុមអង់គ្លេស ដោយការយល់ព្រមទាំងសងខាង appeared first on CamboSport.