ឈ្មួញ​ទុច្ចរិត​នៅតែ​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​នៅតែមាន​ឈ្មួញ​ទុច្ចរិត​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ខ្វះ​ការពិចារណា ហើយ​មើលឃើញ​លុយ​បន្តិចបន្តួច​ដែល​ឈ្មួញ​ផ្ដល់​ឲ្យ​ក៏​នាំគ្នា​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង​។ ជាក់ស្ដែង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​តម្រួត​សៀម​ក្នុង​ខេត្ត​ស្រះកែវ បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​តាម​ល្បិចកល់​របស់​ឈ្មួញ​ទុច្ចរិត​។

កាលពី​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ពលករ​ខ្មែរ​ចំនួន​២៦​នាក់​ត្រូវ​សមត្ថកិច្ច​សៀម​ឡោមព័ទ្ធ​ចាប់ខ្លួន​នៅពេលដែល​ពួកគេ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​សួនឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ស្រុក​មឿង ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ​។ នៅក្នុងពេល​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​២៦​នាក់​នោះ សមត្ថកិច្ច​សៀម​បាន​រឹបអូស​ឈើ​គ្រញូង​ជា​ភស្ដុតាង​ចំនួន​៨០​ដុំ​ផងដែរ ហើយ​សមត្ថកិច្ច​សៀម​មិនបាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះទេ​។ តាម​បណ្ដាញ​ព័ត៌មាន​ក្នុងប្រទេស​សៀម​បាន​ចុះផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៦​នាក់​នោះ​ត្រូវ​ឈ្មួញ​សៀម​និង​ឈ្មួញ​ខ្មែរ​សហការគ្នា​ជួល​ឲ្យ​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ដើម្បី​នាំ​ចេញមក​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ប្រភពព័ត៌មាន​ពី​បណ្ដាញ​ព័ត៌មាន​សៀម​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​សៀម​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​២៦​នាក់​នោះ​ទៅ​ស្នាក់ការ​តម្រួត​ខេត្ត​ស្រះកែវ ដើម្បី​កសាង​សំណុំរឿង​អនុវត្តន៍​តាមច្បាប់​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ទូទៅ អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា ចាត់វិធានការ​វែកមុខ​ក្រុម​ឈ្មួញ​ទុច្ចរិត​ជនជាតិខ្មែរ​ដែល​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ ព្រោះ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​សៀម ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម​កាប់​ឈើ​មក​លក់​ឲ្យ​ពួកគេ​។ ប្រសិនបើ​គ្មាន​ការបង្ក្រាប​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ទេនោះ គឺ​សោកនាដកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​នៅតែ​កើតមាន​គួរ​ឲ្យ​រន្ធត់​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ថ្មពួក បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ឈ្មួញ​ឈើ​គ្រញូង​ក្នុង​តំបន់​នេះ មានឈ្មោះ​ក្របី ហើយ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​យូរ​មកហើយ​មិនទាន់​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​ទាល់តែសោះ​៕

img_8449-768x432 img_4272-768x432 img_4271-768x432 img_8450-768x432