បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​ពុករលួយ​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ទោះបី​មានការ​ផ្លាស់ប្ដូរ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ជំនាញ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ​។ បញ្ហា​នេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នៅតែ​បំពាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ នៅតែ​កើតឡើង​ឥតឈប់ឈរ​។

កាលពី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប​១​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ​កំពង់ចាម​3A-4788 បាន​ដឹកឈើ​ជំនៀរ​ទ្រៀក​បម្រុង​ឆ្លងដែន​ទៅ​ស្រុក​យួន ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​យោធា​សឹក​រង​ស្រុក​មេមត់ ធ្វើការ​បង្ក្រាប​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ភូមិ​ក្ដុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​ឈើ​នោះ​មាន​ទម្ងន់​រាប់សិប​តោន​។ ប្រភព​ខ្លះ​បានការ​សង្ស័យថា ប្រហែល​មកពី​ម្ចាស់​រថយន្ត​ដឹកឈើ​ទ្រៀក​មិន​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមុន ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​។ ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ចេះ​យល់​ពី​សេចក្ដីត្រូវការ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រាកដជា​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ជាមិនខាន​។

តាម​ប្រភពពី​មន្ត្រី​យោធា​ស្រុក​មេមត់ ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​នោះ​ពុំមាន​ច្បាប់​សម្រាប់​ដឹកជញ្ជូន​ឈើ​និង​អនុផល​ព្រៃឈើ​ទេ ដូច្នេះហើយ​ទើបត្រូវ​បង្ក្រាប​តាមច្បាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទ្រៀក​ទាំងនោះ​ត្រូវគេ​ដឹក​ចេញពី​ខេត្តក្រចេះ ឬ​ខេត្តស្ទឹងត្រែង ព្រោះ​ឈើ​ប្រភេទ​នេះ​ភាគច្រើន​ដុះ​នៅតាម​ជន្ល​ង​ភ្នំ ហើយ​គេ​យកទៅ​ធ្វើជា​ច​ង្កើ​ស ឬរ​នាថ​គ្រែ មានគុណ​ភាពល្អ​អាច​ប្រើប្រាស់​បានយូរ និង​អាច​ធ្វើជា​ប្រដាប់​ប្រដាល់​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ទៀត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ភូមិ​ដូង ឃុំ​រូង ស្រុក​មេមត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មិនមែន​តែ​នៅក្នុង​ឃុំ​ទ​ន្លូ​ង​ទេ ដែល​បទល្មើស​ដឹកឈើ​ទៅ​ស្រុក​យួន​នៅតែ​កើតមាន​ឥតឈប់ឈរ គឺ​ថ្មីៗ​នេះ​ក៏មាន​ករណី​ដឹកជញ្ជូន​ឈើ​ចេញ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​រូង​ដែរ ដោយ​ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​សមត្ថកិច្ច និង​ក្រុមមន្ត្រី​ជំនាញ​ពុករលួយ​គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

98bb172c-3e9b-4e64-a383-fc85f074f498 0e4a6ed9-1bc5-476e-bba0-6521ff0739f7 9e77ac3c-53d5-498a-9286-8d3178709d0e