ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​៥​ខែ​ទៅ​ស្រុក​ត្រូវ​រថយន្ត​បុក​បាក់​ក​និង​បែក​លលាដ៍ក្បាល​ស្លាប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​៥​ខែ និង​អ្នកស្រុក​ជាមួយ​គ្នា​ម្នាក់​ទៀត​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប​គោលបំណង​ទៅ​ស្រុក​កំណើត​នៅ​ខេត្តតាកែវ ខណៈ​ឈប់​រ៉ឺ​ម៉ក​ចូល​ហូប​បាយ​ចេញ​មក​វិញ​កំពុង​តែ​ឱន​មើល​ធុង​ទឹក​នៅ​ជាប់​រ៉ឺ​ម៉ក​ខ្លាច​អស់​តាម​ផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ក​បែក​លលាដ៍ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ជាតិ​៣ មុខ​ច្រកចូល​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល ខ​.​ភ​.​ម ស្ថិត​ក្នុងភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អ៊ែ​ម ស្រី​អូន អាយុ​៣៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មានឈ្មោះ គន្ធ ចាន់ អាយុ​៣៨​ឆ្នាំ មុខរបរ​បើក​រ៉ឺ​ម៉ក​ដឹក​ឥ​វ៉ា​ន់​នៅ​ខេត្តសៀមរាប មានស្រុក​កំណើត​នៅ​ភូមិ​សង្ហា ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ មានកូន​ប្រុស​២​នាក់ កូនច្បង​អាយុ​១៤​ឆ្នាំ និង​កូន​ប្អូន​១០​ឆ្នាំ ហើយ​ខ្លួន​ជា​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ​៥​ខែ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​មាន​គ្នា​៣​នាក់ ប្តី​ប្រពន្ធ និង​បុរស​ម្នាក់​ទៅ​រកស៊ី​នៅ​ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​ជាមួយ​គ្នា ចេញពី​ខេត្តសៀមរាប​តាំងពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ដោយ​ជិះ​រ៉ឺ​ម៉ក​ដឹក​អីវ៉ាន់​១​គ្រឿង​ដែល​បុរស​ជា​ប្តី​ជា​អ្នកបើកបរ មាន​ដឹក​គ្រឿង​សង្ហា​រឹម​តុ​បាយ​១​ឈុត​នៅ​លើ​រ៉ឺ​ម៉ក​ផង គោលបំណង​ទៅ​ស្រុក​កំណើត​នៅ​ខេត្តតាកែវ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ពួក​គាត់​បាន​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចុះ​ហូប​បាយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ហូប​បាយ​រួច​ហើយ ប្តី​របស់​គាត់​បាន​ដើរ​នៅ​ក្បែរ​រ៉ឺ​ម៉ក​ដើម្បី​មើល​ធុង​ទឹក ចំណែក​រូប​គាត់​ជា​ប្រពន្ធ​ត្រូវ​បាន​ប្តី​ប្រាប់​ឲ្យ​ឡើង​ទៅ​សម្រាក​នៅ​លើ​រ៉ឺ​ម៉ក​ទៅ ព្រោះ​គាត់​មាន​ផ្ទៃពោះ​៥​ខែ​ហើយ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រៀបចំ​សម្រាក​នៅ​លើ​រ៉ឺ​ម៉ក រីឯ​បុរស​រួម​ដំណើរ​ជាមួយ​ក៏​បាន​អង្គុយ​លើ​រ៉ឺ​ម៉ក​ដែរ​នោះ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​តាម​បណ្តោយ​ផ្លូវជាតិ​៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ប្តី​គាត់​ដែល​កំពុង​ឈរ​ឱន​មើល​ធុង​ទឹក​ខ្លាច​អស់​ទឹក​តាម​ផ្លូវ​នោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្លោង​ទៅ​បោក​នឹង​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​ដែល​ចត​នៅ​ក្បែរ​នោះ​បាក់​ក​និង​បែក​លលាដ៍ក្បាល​ស្លាប់​គួរ​ឲ្យ​អាណោច​អ​ធ័​ម ។ ដោយឡែក​ប្រពន្ធ និង​បុរស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស​អ្វី​ទេ រីឯ​រថយន្ត​បង្ក និង​រថយន្ត​កុងតឺន័រ​ដែល​ចត​នៅ​ក្បែរ​កន្លែង​កើតហេតុ ពេល​ដែល​កើតហេតុ​ភ្លាម​បាន​នាំ​គ្នា​បើក​ចេញ​ទៅ​បាត់​អស់​នៅ​សល់​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ពិនិត្យ រួច​ហើយ​ប្រគល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ពាក់​ដៃ​វែង​ឆ្នូត​ខ្មៅ​ស​អង្គុយ​ពាក់មួក​រួម​ជាមួយ​ក្មួយ​ស្រី​ម្នាក់​ទៀត​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕