​អាសូរក្រៃយុវជនIT ! ​ព្រោះតែភ្លៀងផង យប់ជ្រៅផង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​​​ពី​ធ្វើការ​វិញ​ទាំង​មេឃ​កំពុង​តែ​រលឹម​ស្រិច​ៗ​ ​ក៏ជ្រុល​​ទៅ​បុក​រថយន្ត​ស៊ិ​ន​ទ្រី​កំពុង​តែ​ឈប់​ទិញ​ទឹកបរិសុទ្ធ​ បណ្តាល​ឱ្យ​​កៀប​ជាប់ជាមួយ​​រថយន្ត​ស្លាប់​គួរ​ឱ្យ​​រន្ធត់ កាលពី​វេលា​ម៉ោង​១២​ និង​ង​៣៥​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨ ​កញ្ញា ស្ថិតតាម​បណ្តោយ​ផ្លូវ​២១៧ ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ ។

បុរសរងគ្រោះ​ដែល​ស្លាប់​​ឈ្មោះអោ អូន​ម៉ុង​លី​ អាយុ​២៤​ឆ្នាំ ជា​បុគ្គលិកក្រុមហ៊ុន​ឯកជនផ្នែក IT ស្នាក់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-9176 ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា មុន​ពេល​កើត​ គេ​​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ បើកបរ​តាម​បណ្តោយ​ផ្លូវ​២១៧​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ។ ដោយ​ជិះ​ម៉ូតូ​ទាំង​មេឃ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ពេល​ជិះ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ​សង្ស័យ​មើល​អត់​ឃើញ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ដែល​ឈប់​នៅ​មុខ​ផ្ទះ​​លក់​ចាប់ហួយ​ ដើម្បី​ទិញ​ទឹក​ហូប ធ្វើ​ឲ្យ​ម៉ូតូ​ជិះ​ក្នុង​ល្បឿន លឿន​​​​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ចំ​ដែក​ចូក​សំរាម​ពេញទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​កៀប​​ជាប់​នឹង​រថយន្ត​ខ្ទេច​អស់​មួយ​កំណត់​ខាង​មុខ

ចំណែកអ្នក​បើក​ម៉ូតូ​វិញ​ បោក​នឹង​ដែក​ចូក​សំរាម​នោះ​ និងបោក​ដើមទ្រូង​ខាងឆ្វេង​ និង​បាក់ជើង​ខាងឆ្វេង​ភ្លាម​ៗ ​ជាប់​នឹង​រថយន្ត ។ភ្លាម​ៗ​នោះ ​ដែល​មាន​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ ​គាត់​បាន​លើ​កជន​រង​គ្រោះ​ចេញ​ ដើម្បី​ជួយ​សង្គ្រោះ តែអកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ ​ភាគីខាង​ស៊ី​ន​ទ្រី ​និង​កម្មករ​រើស​សំរាម​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ទើប​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​បាន​មក​ដល់​ស្រែកយំ​សោកស្តាយ​ជា​ពន់ពេក មិន​គួរ​កើត​មាន​គ្រោះថ្នាក់​អកុសល​បែប​នេះ​ទេ ។ សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ចំណែកឯ​ម៉ូតូ​​ និង​រថយន្ត​​​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ។