ប្រាក់​ខែ​​បរទេស​ខ្ពស់​ចង​ជើង​និស្សិត​បណ្ឌិត​ម្នាក់ ចង់​ធ្វើ​ការ​ងារ​មួយ​រយៈ​​មុន​មក​កម្ពុជា​

ស្រប​ពេល​និស្សិត​ខ្មែរ​ភាគ​ច្រើន​រៀន​ចប់​នៅ​ប្រទេស​ក្រៅ​ សម្រុក​មក​រក​ការ​ងារ​ធ្វើ​ក្នុង​ស្រុក​គរ​ជើង​គ្នា និស្សិត​ថ្នាក់​បណ្ឌិត​ម្នាក់​ចង់​ស្រវា​ការងារ​នៅ​ប្រទេស​កូ​រ៉េ​មួយ​រយៈ​សិន​ ដើម្បី​​​ដក​បទពិសោធន៍​ការងារ​នៅ​ទី​នោះ​និង​ទទួល​ប្រាក់​ចំណូល​បន្ថែម​។

 

ប្រាក់​ខែ​​បរទេស​ខ្ពស់​ចង​ជើង​និស្សិត​បណ្ឌិត​ម្នាក់ ចង់​ធ្វើ​ការ​ងារ​មួយ​រយៈ​​មុន​មក​កម្ពុជា​

 

​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​លោក ឡុក វណ្ណូ បាន​បន្ត​អាហារូបករណ៍​ដល់​ថ្នាក់​បណ្ឌិត​​ ដែល​និស្សិត​ភាគ​ច្រើន​មិន​សូវ​មាន​ឱកាស​ចាប់​យក ដោយ​​ស្រ​​វា​ជំនាញ​វិស្វករ​មេកានិច។ លោក​ថា នៅ​ទី​នោះ​មាន​សិស្ស​ចម្រុះ​ជាតិ​សាសន៍ បើ​និយាយ​ពី​វ័យ​វិញ​គឺ​​ប្រហាក់​ប្រហែល​គ្នា។ សិស្ស​បរទេស​​ខ្លះ​ថែម​ទាំង​​​​យកប្ដី​ឬ​ប្រពន្ធ​របស់​គេ​មក​រស់​នៅ​ជាមួយ​គ្នា​ទៀត​ផង។ កាល​ឆ្នាំ​២០១១ វណ្ណូ​ក៏​ធ្លាប់​សិក្សា​អនុបណ្ឌិត​នៅ​ប្រទេស​កូរ៉េ​នេះ​ផង​ដែរ។

 

អតីត​សិស្ស​នៅ​សាលា​តិច​ណូ​ បន្ត​ថា កាល​ដែល​រូប​គេ​ប្រឹង​បន្ត​ដល់​ថ្នាក់​បណ្ឌិត​បែប​នេះ ព្រោះ​ចង់​បង្កើន​ចំណេះដឹង​ខាង​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ទំនើប។ ​ ​​វណ្ណូ​នឹង​បញ្ចប់​ការ​សិក្សា​កម្រិត​ថ្នាក់​បណ្ឌិត​របស់​ខ្លួន​ក្នុង​ខែ​សីហា ឆ្នាំ​២០១៩ ប៉ុន្តែ​រូប​គេ​និយាយ​ថា មិន​ទាន់​មក​មាតុភូមិ​ភ្លាមៗ​ឡើយ គឺ​ចង់​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ស៊ី​វី​ល័យ​មួយ​នេះ​សិន។ “មូលហេតុ​ដែល​ខ្ញុំ​ចង់​ធ្វើការ​នៅ​កូរ៉េ​មួយ​រយៈ ព្រោះ​ខ្ញុំ​ចង់​ដក​បទពិសោធន៍​ការងារ​នៅ​ទី​នេះ ហើយ​តម្លៃ​ឈ្នួល​ការងារ​ក៏​ខ្ពស់​គួរ​សម​ដែរ”។ វណ្ណូ ថ្លែង។

 

ប្រាក់​បៀវត្ស​នៅ​ក្រៅ​ប្រទេស​​គឺ​ច្រើន​ក្រាស់​ក្រែល ពោល​គឺ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ម្ល៉ោះ​ហើយ​និស្សិត​មួយ​ចំនួន​បន្ត​រស់​នៅ​និង​ធ្វើ​ការ​នៅ​ទី​នោះ​២ ឬ ៣​ឆ្នាំ​សិន​ ទើប​ត្រលប់​មក​ស្រុក​កំណើត​។ ទោះ​យ៉ាង​ណា និស្សិត​សម្បុរ​ស្រអែម​រូប​នេះ​ថា នៅ​ពេល​​មក​វិញ​​រូប​គេ​មិន​ភ្លេច​ចែក​រំលែក​បទពិសោធន៍​ដែល​មាន​ទៅ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ទេ ពិសេស​យុវជន​ជំនាន់​ក្រោយ​។ វណ្ណូ​មាន​បំណង​ប្រាថ្នា ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​មួយ​រូប​និង​ធ្វើ​ជា​ពលរដ្ឋ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម៕

 

ប្រាក់​ខែ​​បរទេស​ខ្ពស់​ចង​ជើង​និស្សិត​បណ្ឌិត​ម្នាក់ ចង់​ធ្វើ​ការ​ងារ​មួយ​រយៈ​​មុន​មក​កម្ពុជា​

 

ប្រាក់​ខែ​​បរទេស​ខ្ពស់​ចង​ជើង​និស្សិត​បណ្ឌិត​ម្នាក់ ចង់​ធ្វើ​ការ​ងារ​មួយ​រយៈ​​មុន​មក​កម្ពុជា​

 

 

អត្ថបទ៖ លឹម សុ​នា​​​​

រូបថត ៖ FB Lok Vanno

​​