សុខ​ៗ​ចង់ Selfie ជាមួយ​ពស់ ត្រូវ​ពស់​ហក់​ខាំ​ស្ទើរ​លស់​ព្រលឹង

មន្ត្រី​មន្ទីរ​ព្រៃ​ឈើ​ទីក្រុង Jaipur ប្រទេស​ឥណ្ឌា​បាន​សន្យា​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ​​ថា​នឹង​ចាត់​វិធានការ​តឹងរ៉ឹង ក្រោយ​ពស់​ថ្លាន់​មួយ​ក្បាល​បាន​ហក់​ខាំ​បុរស​ម្នាក់ ខណៈ​ដែល​បុរស​នោះ​និង​បក្ស​ពួក​ព្យាយាម​ថត​រូប Selfie ជាមួយ​វា។

 

សុខ​ៗ​ចង់ Selfie ជាមួយ​ពស់ ត្រូវ​ពស់​ហក់​ខាំ​ស្ទើរ​លស់​ព្រលឹង

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បន្ទាប់​ពី​ក្រុម​មន្ត្រី​ព្រៃ​ឈើ​បាន​ដោះ​លែង​ពស់​ថ្លាន់​នោះ​ចេញ​ពី​បរិវេណ​សាលារៀន​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Rajasthan។ ក្រុម​អ្នក​ចាប់​សត្វ​ពស់​ទាំង​នោះ​បាន​ថត​រូប​ជាមួយ​វា​បន្ទាប់​ពី​ចាប់​វា​បាន។ ទស្សនា​វីដេអូ៖

 


លោក K G Shrivastav ជា​មន្ត្រី​អភិរក្ស​ព្រៃឈើ​និង​សត្វ​ព្រៃ​បាន​និយាយ​ថា ហេតុការណ៍​នេះ​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ ដោយ​សារ​ពួក​មន្ត្រី​ដែល​ចាប់​សត្វ​ពស់​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ត្រឹម​ត្រូវ។ “ខ្ញុំ​ចង់​ឲ្យ​សត្វ​ពស់​នោះ​ត្រូវ​បាន​ដោះ​លែង​ពេល​ខ្ញុំ​នៅ​ទី​នោះ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​លែង​វា​មុន​ខ្ញុំ​ទៅ​ដល់​ទៅ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​​ពួក​គេ​បណ្ដោយ​ឲ្យ​ក្រុម​អ្នក​ភូមិ​អាច​ចូល​ជិត​សត្វ​ពស់​នោះ​ និង​មាន​រឿង​នេះ​កើត​ឡើង​ទេ ព្រោះ​អ្នក​ចាប់​ទាំង​នោះ​បាន​ទទួល​ការ​ហ្វឹក​ហាត់​រួច​ហើយ”។ លោក Shrivastav និយាយ។

 

លោក Ashok Bishnoi ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​ពស់​ខាំ បាន​ទទួល​ស្គាល់​ថា​ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​ការ​ធ្វេសប្រហែស​របស់​លោក​ពិត​មែន។ ពស់​ថ្លាន់​នោះ ត្រូវ​បាន​លែង​ក្នុង​ព្រៃ​នៅ​ពេល​ក្រោយ​មក ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ channelnewsasia