យុវតី ៣ រូបតស៊ូ រហូត​​ជោគជ័យ​លើ​​ជំនាញ IT ​ដូច​ក្តី​សុបិន

ចំពោះ​ស្រ្តី​ចាប់​ជំនាញ IT អាច​ថា​ពុំ​សូវ​ងាយ​ស្រួល​ដូច​បុរស តែ​ដោយ​ការ​ព្យាយាម​និង​អត់ធ្មត់ យុវតី ៣ រូប​សម្រេច​ក្តី​សុបិន​លើ​មុខ​ជំនាញ​ដែល​ខ្លួន​ប្រាថ្នា។

 

ម៉ាលិះ អ្នក​ជំនាញ​ឌីហ្សាញ​ហ្គេម​ក្នុង​ក្រុម DirexPlay

 

ម៉ាលិះ ជា​អ្នក​ជំនាញ​ឌីហ្សាញ​ហ្គេម​ក្នុង​ក្រុម DirexPlay។ ដំបូង​ឡើយ​យុវតី​រូប​នេះ​ចាប់​មុខជំនាញ​សេដ្ឋកិច្ច​ព័ត៌មាន​វិទ្យា បន្ទាប់​ពី​ចប់​បាក់ឌុប។ ប៉ុន្តែ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​រៀន​ជំនាញ Design ដែល​ខ្លួន​ស្រឡាញ់​បន្ថែម​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​យ៉ាង​លំបាក​រយៈ​ពេល ៣ ឆ្នាំ មាន​តែ​យូធូប សៀវភៅ រៀម​ច្បង​ជួយ​ពន្យល់​ខ្លះៗ។

 

យុវតី ៣ រូបតស៊ូ រហូត​​ជោគជ័យ​លើ​​ជំនាញ IT ​ដូច​ក្តី​សុបិន

ម៉ាលិះ (រាប់​​ពី​ឆ្វេង លេខ​រៀង​ទី ២) និង​ក្រុម DirexPlay 

 

ហេតុ​តែ​ចង់​ចេះ​ជំនាញ Design នេះ ម៉ាលិះ​​ថា រូប​គេ​ចំណាយ​ពេល​មួយ​ថ្ងៃ​ពី១២ ទៅ ១៥ម៉ោង​នៅ​ផ្ទះ ដើម្បី រៀន ស្រាវជ្រាវ និង​អាន​សៀវភៅ​ទៅ​លើ​មុខងារ​វិជ្ជា​នេះ រហូត​សូម្បី​មិត្តភ័ក្ដិ​ក៏​ខ្សត់។

 

ចុង​ក្រោយ ម៉ាលិះ បាន​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ជា​អ្នក ឌីហ្សាញ ក្នុង​ក្រុម DirexPlay។ តួនាទី​ម៉ាលិះ​​ក្នុង​ក្រុម DirexPlay គឺ​ជា​អ្នក​រចនា​រូបភាព​ Background ផ្សេងៗ​នៅ​ក្នុង​ហ្គេម។ សម្រាប់​ស្នាដៃ​ដែល​អ្នក​ Design វ័យ​ក្មេង​ស្រស់​ស្អាត​រូប​នេះ​បាន​បង្កើត​កន្លង​មក​ជាមួយ​មិត្ត​រួម​ក្រុម ៣នាក់​ទៀត​ក្នុង​ក្រុម Direxplay មានHungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង​ចុង​ក្រោយ Wrath of Fighters ដែល​សុទ្ធ​តែ​ជា​ហ្គេម​កម្សាន្ត​មាន​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ Android និង Windows Phone។

 

ង៉ែត រចនា និស្សិត​អាហារូបករណ៍​ទៅ​រៀន​អនុបណ្ឌិត​នៅ​ជប៉ុន

 

“ស្រីៗ​មិន​គួរ​រៀន​ជំនាញ IT” ជា​សម្ដី​មួយ​ធ្វើ​ឲ្យ​យុវតី ង៉ែត រចនា ប្ដេជ្ញា​ពុះពារ​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា​ឲ្យ​រហូត​បាន​អាហារូបករណ៍​ទៅ​រៀន​អនុបណ្ឌិត​នៅ​ជប៉ុន និង​បាន​បង្ហាញ​ថា​ស្រ្តី​ក៏​មាន​សមត្ថភាព​មិន​ចាញ់​បុរស។

 

យុវតី ៣ រូបតស៊ូ រហូត​​ជោគជ័យ​លើ​​ជំនាញ IT ​ដូច​ក្តី​សុបិន

 

ដំបូង​ឡើយ រចនា ចង់​រៀន​ជំនាញ​ពេទ្យ​ក្រោយ​ជាប់​បាក់​ឌុប តែ​ដល់​ឮ​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​និយាយ​ជា​ញយ​ដង​រឿង ស្ត្រី​មិន​ស័ក្ដិសម​រៀន​ជំនាញ IT និង​ដោយ​សារ​ខ្លួន​ចូលចិត្ត​បច្ចេកវិទ្យា​ផង​នោះ ទើប​ជំរុញ​ចិត្ត​យុវតី​ ​ផ្លាស់​ប្ដូរ​គំនិត​មក​ចាប់​ជំនាញ​ព័ត៌មាន​វិទ្យា ដើម្បី​ផ្លាស់ប្ដូរ​ការ​គិត​អវិជ្ជមាន​មក​លើ​ស្ត្រី។

 

ពេល​ខ្លះ រចនា​ស្ទើរ​បាក់​ទឹក​ចិត្ត​ចង់​ដក​ថយ តែ​ដោយ​មាន​ការ​អត់​ធ្មត់ និង​ការ​តាំង​ចិត្ត​ចង់​ជម្នះ​ពាក្យ​សម្ដី​អវិជ្ជមាន​ទាំងអស់ រចនា ក៏​ខំ​ប្រឹង​រៀន​រហូត​បាន​ចំណាត់​ថ្នាក់​ល្អ​និង​ក្លាយ​ជា​និស្សិត​ស្រី​ឆ្នើម​ផ្នែក IT ប្រចាំ​ជំនាន់​របស់​ខ្លួន។

 

ឆ្នាំ ២០១៤ រចនា​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត ជំនាញ Social Inforamatics រយៈ​ពេល ២ឆ្នាំ​នៅ​ជប៉ុន។ ការ​សិក្សា​ផ្នែក Social Informatics នៅ​ជប៉ុន នឹង​ធ្វើ​ឲ្យ​រចនា​មាន​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម និង​ដំណោះ​ស្រាយ​អាជីវកម្ម ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប។ ជំនាញ​នេះ​ផ្ដោត​​លើ​ការ​បង្កើត System ឲ្យ​មាន​ភាព​ឆ្លាតវៃ អាច​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​បាន​ដោយ​ខ្លួន​ឯង ហើយ​ទិន្នន័យ​ទាំងអស់​អាច​រក្សា​ទុក​សម្រាប់​ទុក​ធ្វើ​ផែនការ​អភិវឌ្ឍ​អាជីវកម្ម​ផ្សេងៗ​ទៅ​ថ្ងៃ​មុខ។

 

ខឿន សក្ដិសុនីតា គ្រូ​បណ្ដុះបណ្ដាល​មុខ​វិជ្ជា Web Development

 

អារម្មណ៍​ឯកា ភាព​ភ័យ​ខ្លាច ការ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​ការ​ប្រឈម​មុខ​បញ្ហា​គ្រប់​បែប​យ៉ាង​ ជា​បទពិសោធន៍​ដែល​​​ធ្វើ​ឲ្យ​អតីត​និស្សិត​ស្រី​រៀន​មុខ​ជំនាញ​ព័ត៌មានវិទ្យា ខឿន សក្ដិសុនីតា ស្ទើរ​បោះ​បង់​ចោល​ការ​សិក្សា​​ជំនាញ IT ពាក់​កណ្តាល​ទី។

 

យុវតី ៣ រូបតស៊ូ រហូត​​ជោគជ័យ​លើ​​ជំនាញ IT ​ដូច​ក្តី​សុបិន

 

ការ​រៀន​ជំនាញ​​​​ព័ត៌មានវិទ្យា ដែល​គ្រប់​គ្នា​ហៅ​ថា​ជា​ជំនាញ​របស់​​បុរស​ យុវតី​សម្បុរ​ស្រអែម​​រូប​នេះ​ត្រូវ​ប្រឈម​មុខ​បញ្ហា​​គ្រប់​បែប​យ៉ាង​។ នីតា ថា​ក្នុង​ចំណោម​និស្សិត​ប្រុស​ ៨០ នាក់​មាន​និស្សិត​ស្រី​តែ ៣ នាក់​ប៉ុណ្ណោះ។ ក្នុង​បរិយាកាស​បែប​នេះ​ កញ្ញា​មាន​អារម្មណ៍​ថា ឯកា​ ខ្វះ​ការ​ទំនាក់ទំនង​​ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ រហូត​​គិត​ចង់​បោះ​បង់​​សិក្សា​ចោល​កណ្ដាល​ទី។

 

យ៉ាងណា​ បន្ទាប់​ពី​ត្រិះរិះ​ពិចារណា និង​មាន​ការ​លើក​ទឹកចិត្ត​ពី​គ្រួសារ កញ្ញា​បា​ន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​លើ​ជំនាញ​ដែល​មជ្ឈដ្ឋាន​ជុំវិញ​មិន​សូវ​ឲ្យ​តម្លៃ​សម្រាប់​ស្រ្តី ដោយ​ខិតខំ​ប្រឹង​​ទ្វេ​ដង​ដើម្បី​សម្រេច​លទ្ធផល​មួយ​​ឲ្យ​បាន។ ចុង​ក្រោយ សុនីតា ​ប្រែ​ក្លាយ​ជា​សិស្ស​ពូកែ​ក្នុង​ថ្នាក់​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ប្រចាំ​ដេប៉ាតឺម៉ង់​ធ្វើ​ឲ្យ​​ភ្ញាក់ផ្អើល​អស់​ប្រុសៗ​​ក្នុង​ថ្នាក់ ​រហូត​ទទួល​ការ​កោតសរសើរ​ពី​សាស្ត្រាចារ្យ​ទៀត​ផង។

 

ការ​ទទួល​បាន​ជោគជ័យ​លើ​ការ​​សិក្សា យុវតី​រូប​នេះ​ក៏​ទទួល​បាន​ឱកាស​​​បំប៉ន​ជំនាញ​ផ្នែក​​ព័ត៌មានវិទ្យា​នៅ​មជ្ឈមណ្ឌល Korea Software HRD Center និង​ក្លាយ​ជា​​គ្រូ​ស្រី​​ដំបូង​គេ​ដែល​​ត្រូវ​បាន​ជ្រើសរើស​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​មុខ​វិជ្ជា Web Development សម្រាប់​សិស្ស​និស្សិតនៅ​ក្នុង​​មជ្ឈមណ្ឌល។ ជាមួយ​គ្នា​នេះ​​ក៏​ជា​អ្នក​ចូលរួម​ក​អភិវឌ្ឍន៍​វិបសាយ Khmer Academy ដែល​ជា​វិបសាយ​ផ្ដល់​ការ​សិក្សា​ជា​ភាសាខ្មែរ​ដំបូង​គេ​លើ​អន​ឡាញ​ផង​ដែរ៕

 

“សូម​កុំ​ខ្លាច ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ទោះ​ជា​មាន​ឧបសគ្គ​បែប​ណា​ក៏​ដោយ។ ត្រូវ​ជឿជាក់​ថា សិស្ស​ស្រី​ក៏​មាន​សមត្ថភាព​ឬ​អាច​រៀន​ពូកែ​ខ្លាំង​​ ជាង​សិស្ស​ប្រុស​ទៀត​ផង”។ នេះ​ជា​អ្វី​ដែល សុនីតា ចង់​ចែក​រំលែក​ទៅ​អ្នក​ជំនាន់​ក្រោយៗ៕

 

អត្ថបទ៖ ផាន់និត និង រក្សា