គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៨​កញ្ញា

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា សមាជិកសភាគណបក្សប្រឆាំងនឹងចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាមួយសមាជិកសភាគណបក្សកាន់អំណាចដែរ នៅថ្ងៃព្រឹកថ្ងៃទី២៨ ខែកញ្ញា។ ការបង្ហាញវត្តមានជាថ្មីរបស់គណបក្សប្រឆាំងនេះ បន្ទាប់ពីបក្សនយោបាយទាំងពីរស្ទើរតែដើរដល់ផ្លូវទាល់ច្រករៀងៗខ្លួន ហើយបក្សប្រឆាំងពហិការមិនចូលប្រជុំសភា បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលប៉ុនប៉ងចង់ចាប់លោក កឹម សុខា។

ការប្រកាសជំហរនៅពេលនេះរបស់លោក កឹម សុខា ស្របពេលដែលលោក ហ៊ុន សែន បញ្ចេញសារនយោបាយកាលពីថ្ងៃទី១៩ កញ្ញា កន្លងទៅនេះថា បើលោកចរចាជាមួយបក្សប្រឆាំងក្នុងវិបត្តិនយោបាយនេះ លោកឆ្កែសុទ្ធ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានបើកផ្លូវមួយ គឺមធ្យោបាយដែលបក្សទាំងពីរអាចនិយាយគ្នាបាននោះ មានតែច្រកមួយគត់ គឺប្រើប្រាស់រដ្ឋសភា។

Loading...

លោក កឹម សុខា ថ្លែងនៅក្នុងពិធីជួបជាមួយក្រុមគ្រួសារសមាជិកបក្សរបស់ខ្លួនកំពុងជាប់ឃុំនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ថា សមាជិកសភាគណបក្សប្រឆាំងនឹងចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាមួយតំណាងរាស្ត្ររបស់គណបក្សគ្រប់គ្រងអំណាចដែរ។ លោក កឹម សុខា ដែលកំពុងពួនសម្ងំនៅក្នុងទីស្នាក់ការអស់ពេលជាង ៤ខែមកហើយនេះ នៅមិនទាន់ប្រាកដនៅឡើយពីរបៀបវារៈដែលនឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំសគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ លោកបន្តថា «ថ្ងៃស្អែកនេះសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ ទាំង ៥រូប នឹងចូលរួមប្រជុំអចិន្ត្រៃយ៍។ យើងចាំមើលដល់របៀបវារៈយ៉ាងម៉េចទៀត បានយើងសម្រេចក្រោយទៀត»។

លោក កឹម សុខា មានជំនឿថា មន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សដែលកំពុងជាប់ឃុំ អាចនឹងរួចខ្លួនឆាប់ៗក្រោយស្ថានការណ៍នយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ។

ស្ថានភាពនយោបាយនៅក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ស្ទើរដើរដល់ផ្លូវទាល់ច្រករៀងៗខ្លួនទៅហើយ។ គណបក្សប្រឆាំងដោយគ្មានជម្រើស ប្រកាសប្រើប្រាស់កម្លាំងពលរដ្ឋធ្វើមហាបាតុកម្ម។ ដោយឡែកបក្សគ្រប់គ្រងរដ្ឋាភិបាលវិញព្រមានបាញ់បង្ក្រាប ប្រើបក្សប្រឆាំងហ៊ានធ្វើមែន។ ក៏ប៉ុន្តែនយោបាយចិត្តសាស្ត្ររបស់បក្សទាំងពីរនេះ បានស្រុតចុះទៅវិញក្រោយពីលោក ហ៊ុន សែន បើកផ្លូវក្នុងដំណោះស្រាយនយោបាយនេះ គឺប្រើប្រាស់រដ្ឋសភា ជាជាងដើរស្រែកតាមផ្លូវ។ លោក ហ៊ុន សែន លើកឡើងថា ការចូលសភាពេលខ្លះអាចនិយាយយល់ចិត្តគ្នាបានច្រើនជាងគំរាមដាក់គំនាបដោយមធ្យោបាយផ្សេងៗ។

ជុំវិញរឿងនេះ លោក កឹម សុខា ដែលហ៊ុមព័ទ្ធដោយដីកាកោះ និងសាលក្រមរបស់តុលាការក្រុងភ្នំពេញ បានអះអាងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌចប់សព្វគ្រប់។

ប្រពន្ធលោក ឃិត ជំរឿន ដែលជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនដទៃទៀតដែលកំពុងជាប់ឃុំ គឺអ្នកស្រី ឡេង កល្យាណ ថ្លែងថា អ្នកស្រីនឹងនៅតែព្យាយាមលើកទឹកចិត្តឲ្យប្ដីចូលរួមក្នុងនយោបាយឡើងវិញក្រោយចេញពីពន្ធនាគារ។

អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ឃើញថា ការប្រើប្រាស់វេទិកាសភាដើម្បីតតាំងតាមផ្លូវនយោបាយនេះ គឺជាជម្រើសដ៏ល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។ ការខ្វែងគំនិតគ្នាលើទស្សនៈរបស់អ្នកនយោបាយ គឺជាវិធីជួយអភិវឌ្ឍសង្គម ហើយប្រែក្លាយទស្សនវិស័យនេះទៅជាគោលដៅនៃការអភិវឌ្ឍវិញ។ លោកចាត់ទុកថា នេះជាយន្តការនៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យលើពិភពលោក។ លើសពីនេះទៀត លោក គឹម សុខ យល់ឃើញថា ការសម្រេចចិត្តចូលរួមប្រជុំសភាឡើងវិញនេះរបស់បក្សប្រឆាំង គឺជាវិធីល្អ ព្រោះលោកចាត់ទុកថា គ្មានអ្វីដែលអាចប្រៀបបានជាមួយបក្សកាន់អំណាចដែលធ្លាប់មានបទពិសោធន៍រឿងប្រើហិង្សាប្រមាណ ៣ទសវត្សរ៍មកហើយនេះឡើយ។ លោកបន្តថា «អ៊ីចឹងដើម្បីបានការបោះឆ្នោតដោយសន្តិភាព និងតម្លាភាពត្រឹមត្រូវ គឺអ្នកនយោបាយមិនមានការកាប់ចាក់គ្នានៅមុនការបោះឆ្នោត។ ដូច្នេះហើយ ការជ្រើសរើសយកសភានៅក្នុងការជជែកគ្នាហ្នឹង គឺរឿងល្អបំផុត»។

ក្នុងរយៈពេល ៣ឆ្នាំសម្រាប់អាណត្តិទី៥ នេះ អ្នកវិភាគសង្គមមើលឃើញថា គណបក្សនយោបាយទាំងពីរស្ទើរសម្រេចកិច្ចការសំខាន់ៗ និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ និងពលរដ្ឋសឹងមិនបានជាដុំកំភួននៅឡើយ។ មិនតែប៉ុណ្ណោះ ការខ្វែងគំនិតលើផ្លូវនយោបាយកន្លងទៅនេះ មិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចថយចុះ ការរាំងស្ទះផ្នែកនយោបាយនេះបានរុញឲ្យស្ថានការណ៍នយោបាយកាន់តែអួអាប់ឡើងៗក្នុងដំណាក់កាលចុងក្រោយនេះ។

អ្នកវិភាគសង្គមមើលទៀតថា តើគណបក្សទាំងពីរនឹងប្រើប្រាស់យន្តការសភាដើម្បីដោះស្រាយបញ្ហាជម្លោះនយោបាយរវាងគណបក្សទាំងពីរដូចដែលលោក ហ៊ុន សែន បានប្រកាសបើកភ្លើងខៀវដែរ ឬយ៉ាងណា?៕

ប្រភព៖ rfa