ប្រធាន​ចលនាយុវជន​​គណប​ក្ស​សង្គ្រោះ​ជាតិ​លាលែង​ពី​តួនាទី​​

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា លោកបានលាលែងតួនាទី ខណៈគណបក្សសង្គ្រោះជាតិរៀបចំកែទម្រង់រចនាសម្ព័ន្ធក្រុមយុវជនរបស់ខ្លួន ដោយបង្កើតក្រុមប្រឹក្សាដែលមានសមាជិក១០០នាក់ ជំនួសឱ្យ “ក្រុមការងារ” ដែលបច្ចុប្បន្នមានសមាជិកប្រាំនាក់។

លោក ហ៊ីង សុខសាន្ត អាយុ៣៥ឆ្នាំដែលជាប្រធានចលនាយុវជនបក្ស ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២មក បានមានប្រសាសន៍ថា លោកអាយុច្រើនពេកហើយមិនអាចនៅបន្តក្នុងតួនាទីនេះបានទៀតទេ។

Loading...

លោកបានថ្លែងថា “ខ្ញុំបានប្រាប់យុវជនឱ្យរៀបចំខ្លួនត្រៀមបន្តតួនាទីរបស់ខ្ញុំ ពីព្រោះខ្ញុំមានអាយុច្រើនណាស់ហើយ”។

លោកបានមានប្រសាសន៍ថា លោកមិនប្រាកដថាតើលោកនឹងធ្វើអ្វីបន្ទាប់នៅក្នុងគណបក្សសង្គ្រោះជាតិ ឬនរណាដែលអាចជំនួសតួនាទីលោកឡើយ។ លោកបានថ្លែងថា “ខ្ញុំគ្មានសិទ្ធិជ្រើសរើសបេក្ខជនដោយខ្លួនឯងឱ្យក្លាយជាថ្នាក់ដឹកនាំក្រុមយុវជនទេ ប៉ុន្តែខ្ញុំចង់ឃើញតម្លាភាពសម្រាប់យុវជនតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ “ដើម្បីជំនួសរូបខ្ញុំ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា  គណបក្សមានគម្រោងធ្វើកំណែទម្រង់មូលដ្ឋាននៃចលនាយុវជនរបស់ខ្លួន ដោយសារ “រចនាសម្ព័ន្ធដែលមានស្រាប់មានទ្រង់ទ្រាយតូច”។ ពីមុន ចលនាយុវជននេះត្រូវបានដឹកនាំដោយលោក ហ៊ីង សុខសាន្ត ហើយសមាជិកយុវជនបួនរូបផ្សេងទៀត  យូរៗម្តងបានជួបប្រជុំជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សនឹងបង្កើត “ក្រុមប្រឹក្សាយុវជន”ដែលមានសមាជិក១០០នាក់ រួមមានសមាជិក៥០នាក់ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការយុវជនថ្នាក់ខេត្ត និងសមាជិក៥០នាក់ទៀតត្រូវបានតែងតាំងដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា សមាជិកទាំងអស់នឹងជ្រើសរើសប្រធានមួយរូប និងប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនដើម្បីដឹកនាំក្រុមប្រឹក្សានេះ។ លោកបានថ្លែងថា សមាជិកក្រុមប្រឹក្សានឹងមិនមានអាសនៈនៅក្នុងគណៈកម្មាធិការធ្វើសេចក្តីសម្រេចដ៏សំខាន់របស់គណបក្សឡើយ ប៉ុន្តែអាចត្រូវបានដំឡើងតួនាទីបន្ទាប់ពីបង្ហាញស្នាដៃ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “នៅពេលពួកគេចាស់បន្តិចទៅ គេអាចក្លាយជាថ្នាក់ដឹកនាំគណបក្ស អាចមានតួនាទីក្នុងគណៈកម្មាធិការដឹកនាំ ឬគណៈកម្មាធិការអចិន្ត្រៃយ៍”។

លោកស្រី កែវ គូនីឡា អ្នកវិភាគនយោបាយដែលមានសញ្ញាបត្រអនុបណ្ឌិតមកពីសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានមានប្រសាសន៍ថា  សមាជិកយុវជនគណបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះពឹងផ្អែកមួយភាគធំលើថ្នាក់ដឹកនាំគណបក្សតាមបណ្តាខេត្តដើម្បីតំណាងឱ្យពួកគេនៅថ្នាក់ជាតិ។

លោកស្រី កែវ គូនីឡា បានសរសេរនៅក្នុងសារថា “ហេតុដូច្នេះហើយ ខ្ញុំគិតថា នេះអាចជាយុទ្ធសាស្រ្តល្អក្នុងការប្រមូលផ្តុំការគាំទ្រយុវជនទូទាំងប្រទេស ដោយនាំពួកគេឱ្យខិតមកកាន់តែកៀកនឹងទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ”។

លោកស្រីបានបន្ថែមថា “វាជាការល្អក្នុងការឃើញគណបក្សធ្វើកំណែទម្រង់ផ្ទៃក្នុងដែលនឹងធ្វើឱ្យកាន់តែមានតម្លាភាព និងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការទទួលបានការដំឡើងតួនាទីដោយគ្មានការប្រឈមនឹងបក្ខពួកនិយម ឬគ្រួសារនិយម”។

ក្រុមយុវជនដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា គឺសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី អាយុ៣៣ឆ្នាំ ជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ ក្នុងចំណោមសមាជិកឆ្នើមៗភាគច្រើនរបស់គណបក្ស គឺលោក សាយ សំអាល់ អាយុ៣៦ឆ្នាំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់លោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា។

គណបក្សសង្គ្រោះជាតិមិនស៊ាំនឹងការអះអាងពីបក្ខពួកនិយមទេ។ កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា អាយុ៣៤ឆ្នាំ ជាសមាជិកវ័យក្មេងជាងគេនៃគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក២៦រូប និងជាអនុប្រធានទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្ស៕

ប្រភព៖ cambodiadailykhmer