ប្រធាន​ចលនាយុវជន​​គណប​ក្ស​សង្គ្រោះ​ជាតិ​លាលែង​ពី​តួនាទី​​

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា លោកបានលាលែងតួនាទី ខណៈគណបក្សសង្គ្រោះជាតិរៀបចំកែទម្រង់រចនាសម្ព័ន្ធក្រុមយុវជនរបស់ខ្លួន ដោយបង្កើតក្រុមប្រឹក្សាដែលមានសមាជិក១០០នាក់ ជំនួសឱ្យ “ក្រុមការងារ” ដែលបច្ចុប្បន្នមានសមាជិកប្រាំនាក់។ លោក ហ៊ីង សុខសាន្ត អាយុ៣៥ឆ្នាំដែលជាប្រធានចលនាយុវជនបក្ស ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២មក បានមានប្រសាសន៍ថា លោកអាយុច្រើនពេកហើយមិនអាចនៅបន្តក្នុងតួនាទីនេះបានទៀតទេ។ លោកបានថ្លែងថា “ខ្ញុំបានប្រាប់យុវជនឱ្យរៀបចំខ្លួនត្រៀមបន្តតួនាទីរបស់ខ្ញុំ ពីព្រោះខ្ញុំមានអាយុច្រើនណាស់ហើយ”។ លោកបានមានប្រសាសន៍ថា លោកមិនប្រាកដថាតើលោកនឹងធ្វើអ្វីបន្ទាប់នៅក្នុងគណបក្សសង្គ្រោះជាតិ ឬនរណាដែលអាចជំនួសតួនាទីលោកឡើយ។ លោកបានថ្លែងថា “ខ្ញុំគ្មានសិទ្ធិជ្រើសរើសបេក្ខជនដោយខ្លួនឯងឱ្យក្លាយជាថ្នាក់ដឹកនាំក្រុមយុវជនទេ ប៉ុន្តែខ្ញុំចង់ឃើញតម្លាភាពសម្រាប់យុវជនតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ “ដើម្បីជំនួសរូបខ្ញុំ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា  គណបក្សមានគម្រោងធ្វើកំណែទម្រង់មូលដ្ឋាននៃចលនាយុវជនរបស់ខ្លួន ដោយសារ “រចនាសម្ព័ន្ធដែលមានស្រាប់មានទ្រង់ទ្រាយតូច”។ ពីមុន ចលនាយុវជននេះត្រូវបានដឹកនាំដោយលោក ហ៊ីង សុខសាន្ត ហើយសមាជិកយុវជនបួនរូបផ្សេងទៀត  យូរៗម្តងបានជួបប្រជុំជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សនឹងបង្កើត “ក្រុមប្រឹក្សាយុវជន”ដែលមានសមាជិក១០០នាក់ រួមមានសមាជិក៥០នាក់ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការយុវជនថ្នាក់ខេត្ត និងសមាជិក៥០នាក់ទៀតត្រូវបានតែងតាំងដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា សមាជិកទាំងអស់នឹងជ្រើសរើសប្រធានមួយរូប និងប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនដើម្បីដឹកនាំក្រុមប្រឹក្សានេះ។ […]

The post ប្រធាន​ចលនាយុវជន​​គណប​ក្ស​សង្គ្រោះ​ជាតិ​លាលែង​ពី​តួនាទី​​ appeared first on The Cambodia Daily.