លោក កឹម សុខា ឲ្យ​​​អ្នក​​​​​​គាំទ្រ​​​​​​​ចៀស​​​​​​វាង​​​​​​​​​​​​ប្រើ​​​​​​​​​ហិង្សា និង​ពាក្យ​អសុរោះ​

ទើបតែមួយសប្ដាហ៍មុន គណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្មក្នុងពេលដ៏ខ្លីខាងមុខ នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា “កម្ចាត់ចោល” អ្នកប្រឆាំងដែលធ្វើបាតុកម្មជាសាធារណៈ។ ឥរិយាបថនេះបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ទោះបីវាគ្រាន់តែបណ្តោះអាសន្នក្តី។ នៅក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានជំរុញឱ្យអ្នកគាំទ្រចៀសវាង “អំពើហិង្សា ពាក្យអសុរោះ ឬពាក្យវាយប្រហារ” ដែលអាចធ្វើឱ្យភាពតានតឹងផ្នែកនយោបាយកាន់តែពុះកញ្ជ្រោលឡើងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។ ការអង្វរករនេះកើតមានឡើងបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ដែលបានគូសបញ្ជាក់ពី “បទឈប់បាញ់” ដ៏ផុយស្រួយមួយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានព្រលយពាក្យបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនដែលអាចកើតមាន។ ទោះជាយ៉ាងណា  ការឈប់ទ្រឹងផ្នែកនយោបាយនេះកើតមានឡើងស្របពេលរដ្ឋាភិបាលកំពុងបង្ក្រាបកាន់តែខ្លាំង ដែលក្នុងនោះមន្ត្រីអង្គការសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំងជាង២០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងឆ្នាំកន្លងទៅ។ កាលពីថ្ងៃអាទិត្យ លោក កឹម សុខា មានប្រសាសន៍ថា  លោកឆ្លៀតឱកាសក្នុងពិធីបុណ្យភ្ជុំនេះដើម្បី “សុំឱ្យគ្រួសារនយោបាយខ្មែរបានជួបជុំគ្នាដោះស្រាយបញ្ហាជាតិ”។ លោកសរសេរថា “ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាងការប្រើអំពើហិង្សា  ពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នាដែលនាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៉ះពាល់ដល់បរិយាកាសនយោបាយយូរអង្វែង”។ លោក កឹម សុខា ដែលបានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចាប់តាំងពីខែឧសភាមក ត្រូវបានតុលាការផ្ដន្ទាទោសកាលពីថ្ងៃទី៩ ខែកញ្ញា ពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការដើម្បីឆ្លើយសំណួរពាក់ព័ន្ធបទ “សញ្ចរកម្ម” ដែលពាក់ព័ន្ធស្រីកំណាន់ម្នាក់។ រដ្ឋាភិបាលបានធ្វើសមយុទ្ធយោធាមួយចំនួនជុំវិញអគារទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ប៉ុន្តែបញ្ជាក់ថា ខ្លួននឹងមិនចាប់លោក កឹម សុខា ឡើយរហូតទាល់តែដំណើរការប្តឹងទាស់ចប់សព្វគ្រប់។ ប្រសិនបើសាលក្រមនេះតម្កល់ទុកជាបានការដដែល រដ្ឋាភិបាលនិយាយថា លោកនឹងត្រូវបញ្ជូនទៅពន្ធនាគាររយៈពេល៥ខែ និងដកហូតតួនាទីជាតំណាងរាស្ត្រ។ គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើរដ្ឋាភិបាលធ្វើតាមអ្វីដែលខ្លួនប្តេជ្ញា។ ទោះជាយ៉ាងណា កាលពីសប្ដាហ៍មុនលោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានបញ្ចេញឥរិយាបថចង់ផ្សះផ្សា ដោយលើកឡើងថា គណបក្សរបស់លោកមានឆន្ទៈបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ប្រសិនបើគណបក្សប្រជាជនកម្ពុជាយល់ព្រមពិចារណាឡើងវិញនូវច្បាប់ស្ដីពីតុលាការដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ […]

The post លោក កឹម សុខា ឲ្យ​​​អ្នក​​​​​​គាំទ្រ​​​​​​​ចៀស​​​​​​វាង​​​​​​​​​​​​ប្រើ​​​​​​​​​ហិង្សា និង​ពាក្យ​អសុរោះ​ appeared first on The Cambodia Daily.