5​នាក់​មាន​កាំភ្លើង​2​ដើម​ប៉ង​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ

5​នាក់​មាន​កាំភ្លើង​2​ដើម​ប៉ង​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ



ខេត្តឧត្តរមានជ័យ ៖ កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស៊ុន បូ​រ៉ា​ន់ ជា​មេបញ្ជាការ​បាន​ធ្វើការ​ឃាត់ខ្លួន ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ព្យាយាម​ឡើង​ភ្នំ​ដងរែក​ឆ្លង​ដែន រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ និង​ធ្វើការ​រឹបអូស​បាន​កាំភ្លើង​ចំនួន ២​ដើម កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ស្ថិត​នៅ​ចំណុច​ក្បាល​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​នេះ មាន​ទីលំនៅ​ជាប់ជើង​ភ្នំ​ដងរែក ក្នុងភូមិ​ព្រះ​ចំបក់​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ក្នុង​ចំណោម​ទាំង​៥​នាក់​នេះ មាន​ម្នាក់​ឈ្មោះ ងួ​ត ងី​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​ជាប់ពិរុទ្ធ និង​មាន​ដីកា​តាម​ចាប់ខ្លួន​របស់​អយ្យការ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្លន់ ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច ។

លោក​វរសេនីយ៍ទោ ស៊ុន បូ​រ៉ា​ន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កញ្ញា នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​បណ្តា​កងឯកភាព​ធ្វើការ​ទប់ស្កាត់​រាល់​ពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ និង​បទល្មើស​ផ្សេង​ៗ ។ លោក​បន្ត​ថា ការ​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន ៥​នាក់ ដែល​ព្យាយាម​ឡើង​ភ្នំ​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​នេះ លោក​ក៏​ធ្វើ​របាយការណ៍​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ទៅ​ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ធ្វើការ​កសាង​សំណុំរឿង​ទៅ​តុលាការ ។

លោក​បញ្ជាក់​ទៀត​ថា ពេល​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង ៥​នាក់ ក៏​បាន​រឹបអូស​អាវុធ​ចំនួន ២​ដើម គឺ​កាំភ្លើង​ម៉ាក AK ស្វាយ​បត់​មួយ​ដើម មាន​គ្រាប់​ចំនួន ២០​គ្រាប់ និង​កាំភ្លើង​ប្រភេទ​ច្នៃ​ឆ្នុក​ដូង​ចំនួន​១​ដើម​។

លោក​បាន​បញ្ជាក់​ដែរ​ថា កន្លង​មក​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​បាន​ច្រើន​នាក់​មក​ហើយ ដែល​ប៉ុនប៉ង​ឡើង​ភ្នំ​ឆ្លង​ដែន និង​បាន​ធ្វើការ​អប់រំ ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប៉ុន្តែ​លើក​នេះ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់​ខាងលើ លោក​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ដោយសារ​តែ​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ខ្លះ​មាន​ដីកាចាប់ខ្លួន ៕