រត់​ទៅ​កាយ​ភក់​កប់​ខ្លួនឯង​តើ​មាន​មូលហេតុ​អ្វី?

រត់​ទៅ​កាយ​ភក់​កប់​ខ្លួនឯង​តើ​មាន​មូលហេតុ​អ្វី?



ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្ទើរ​សន្លប់ ពេល​កំពុង​ត​ខ្សែភ្លើង​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន តែ​បាន​ស្ទុះរ​ត់ទៅ​ដេក​ក្នុង​ស្រែ​ខាងក្រោយ​ផ្ទះ រួច​កាយ​ភក់​កប់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជីវិត ។ ហេតុការណ៍
នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ កញ្ញា នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ហើយ​ត្រូវ​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វេ​ង ស្រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។ លោក​ថា ជន​រង​គ្រោះ​មិន​មាន​ជំនាញ​ខាង​អគ្គី​ស​នី​ទេ តែ​បាន​ត​ខ្សែភ្លើង ដើម្បី​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ខ្លួនឯង ក៏​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ដាច់​ផ្ងារ​ស្ទើរ​សន្លប់ ។ ក្រោយ​ពី​ត្រូវ​ចរន្ត​ភ្លើង​ឆក់ ជន​រង​គ្រោះ​បានរ​ត់ទៅ​ដេក​ក្នុង​ស្រែ រួច​កាយ​ភក់​កប់​ខ្លួនឯង ។ លុះ​បន្តិច​ក្រោយមក​សមត្ថកិច្ច​របស់​លោក​បាន​ទទួល​ដំណឹង​នេះ​ភ្លាម​ក៏​បាន​ជួយ​ដឹក​ជន​រង​គ្រោះ​បន្ត ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត ។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ តែ​មិន​បាន​បិត​បា​រ៉ែត​ភ្លើង​ទេ ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បែប​នេះ ។ ប្រភព​ដដែល​បញ្ជាក់​ថា ចរន្ត​ភ្លើង​នោះ​ឆក់ មិន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​ទេ​គ្រាន់តែ​ដួល​អុកគូទ ហើយ​បន្តិច​ក្រោយមក​ជន​រង​គ្រោះ ក៏​បាន​ងើបរ​ត់ទៅ​ដេក​ក្នុង​ស្រែ រួច​កាយ​ភក់​កប់​ខ្លួនឯង រីឯ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញពី​ភក់ លាង​ទឹក​សម្អាត រួច​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​បាន​រួច​ផុត ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ បន្ទាប់​ពី​ក្រុម​គ្រួ​ពេទ្យ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​។ លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា ជន​រង​គ្រោះ​មិនមែន​ជា​អ្នកជំនាញ​ខាង​អគ្គី​ស​នី​ទេ ទំនង​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស ទើបត្រូវ​ចរន្ត​ភ្លើង​ឆក់​បែប​នេះ ។ នេះ​ចាត់​ទុក​ថា សំណាង​ហើយ​ដែល​មិន​គ្រោះថ្នាក់​ដល់​ជីវិត ៕