បាញ់​សម្លាប់​ក្នុង​ប្រឡាយ អ្នក​ស្លាប់​មិន​មាន​អ្នក​ស្គាល់

បាញ់​សម្លាប់​ក្នុង​ប្រឡាយ អ្នក​ស្លាប់​មិន​មាន​អ្នក​ស្គាល់



ខេត្ដសៀមរាប ៖ បុរស​ម្នាក់​មាន​អាយុប្រមាណ​ជិត​៣០​ឆ្នាំ ត្រូវ​បាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ បាន​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​ប្រឡាយ​ខាងកើត​រង្វង់​មូល​ព្រៃ​គុយ ប្រហែល​២.០០០​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក
ធ្វើ​ដំណើរ​នាំ​គ្នា​មក​ចោមរោម​មើល​ពេញ​ដងផ្លូវ រហូត​ដឹង​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភា្ល​ម​ៗ​ផង​ដែរ ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​ដោយ​ការ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ស្ថិត​នៅ​ក្នុង​ប្រឡាយ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ កញ្ញា ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ក្នុង​ប្រឡាយ​នោះ ក៏​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ។ នៅ​លើ​សព​មាន​ស្លាកស្នាម​បាញ់​ផ្ទប់​កំពង់​ក ធ្លា​យមក​កណ្ដាល​ឆ្អឹងខ្នង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពាក់មួក ពណ៌​​ខ្មៅ ខោ​ខូ​វ​ប៊​យ​ពណ៌​ទឹកប៊ិច អាវដៃវែង ហើយ​មាន​សាក់​រូប​កងចក្រ​នៅ​ស្មា​ខាងស្តាំ មាន​ស្បែកជើង​ពណ៌​សរូប​ក្រពើ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ដ​គោក​តា​ចាន់ ភូមិ​តា​ចាន់ សង្កាត់​អំពិល ក្រុង​សៀមរាប ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​បាន​អំពាវនាវ​ថា ប្រសិនបើ​បងប្អូន​ណា​បាត់​សាច់ញាតិ ឬ​ក្រុម​គ្រួសារ សូម​នាំ​គ្នា​មក​វត្ត​គោក​តា​ចាន់​នឹង​បាន​ទទួល​ដំណឹង​ច្បាស់ ប៉ុន្តែ​បើ​មិន​មាន​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទេ នៅ​វេលា​ម៉ោង​២​រសៀល​នេះ ព្រះសង្ឃ​និង​ចៅអធិការ​វត្ត ព្រមទាំង​សមត្ថកិច្ច​សម្រេច​បូជា​ហើយ ។ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នោះ​ទេ ចំពោះ​ការ​បាញ់​សម្លាប់​មនុស្ស​នេះ ដោយសារ​តែ​អត្ដសញ្ញាណ​អ្នក​ស្លាប់​មិន​ទាន់​បានដឹង​នៅឡើយ ។ មិន​ទាន់​ដឹង​ថា ជា​រឿង​គំនុំ ឬ​អំពើ​ប្លន់​ណា​មួ​ួ​យ​នៅឡើយ​ទេ ៕