វី ជីវ័ន្ត ផ្ដើម​ពី​​គ្មាន​សង្ឃឹម​ ទៅ​មាន​សង្ឃឹម​វិញ

តារា​សម្ដែង វី ជីវ័ន្ត ដែល​ទើប​ទទួល​ដំណឹង​ល្អ​បាន​​ទៅ​សម្ដែង​នៅ​អាមេរិក​ពេល​ខាង​មុខ​​នេះជា​លើក​ទី​១ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយលោក​គ្មាន​សង្ឃឹម​បាន​ ទៅ​ទឹកដី​ប្រទេស​មហា​អំណាច​មួយ​នោះ​ទេ តែ​បែរ​ជា​មាន​សំណាង​​ល្អ​អាច​សម្ភាសន៍ជាប់​ទៅ​វិញ។

 

 

វី ជីវ័ន្ត ផ្ដើម​ពី​​គ្មាន​សង្ឃឹម​ ទៅ​មាន​សង្ឃឹម​វិញ

រូប វី ជីវ័ន្ត និង​អ្នកគ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ

 

ជីវ័ន្ត បន្ត​ថា ដំណើរ​ទៅ​សហរដ្ឋអាមេរិក​លើក​ដំបូង​របស់​​លោក គឺ​​តាម​រយៈ​អង្គការ IKARE និង សារមន្ទីរ​មរតក​ខ្មែរ។ “ពេល​ទៅ​សម្ភាសន៍​នឹង​ បង​អត់​រំពឹង​ថា​បង​ជាប់​ទេ ព្រោះ​តាម​បង​ដឹង​ មាន​អ្នក​ទៅ​សម្ភាសន៍​តាម​អង្គការ​នោះ​ បី​បួន​នាក់​តែ​ធ្លាក់​ទាំងអស់​គ្នា​ នេះ​ជា​មូលហេតុ​ដែល​បង​គ្មាន​សង្ឃឹម។ តែ​​​មិន​នឹក​ស្មាន​ថា​ បែរ​ជា​បាន​ជាប់​ទៅ​វិញ​សោះ។”

 

តារា​ប្រុស​វ័យ ៣១ ឆ្នាំ​ខាង​លើ​បន្ថែម ការ​ចេញ​ទៅ​ទឹកដី​សម្បូរ​ដុល្លារ​នេះ​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ចម្រៀង​ស្រី​ម្នាក់​ទៀត។ “បង​ទៅ​លើក​នេះ​ជាមួយ​កញ្ញា ចំរើន សុភា ដែល​ត្រូវ​ជា​បងស្រី​បង្កើត​កញ្ញា ចំរើន សុភ័ក្រ្ត ​ហើយ​ពេល​ទៅ​សម្ភាសន៍​តែ​ពីរ​នាក់​គាត់ ហើយ​ក៏បាន​ជាប់​ទាំងពីរ​នាក់​តែម្ដង”។ លោក​បន្ថែម​ទៀត​ថា សម្រាប់​សំណួរ​ដែល​ខាង​កុងស៊ុល​សួរ​ គឺ​មាន​មិន​ច្រើន​ទេ រួច​គេ​ក៏​ប្រគល់​វីសា​ជូន​ពួក​លោក។

 

វី ជីវ័ន្ត បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​របស់​លោក ភាគច្រើន​នឹង​យក​ទៅ​ជួយ​កុមារ​កំព្រា​ក្នុង អង្គការ IKARE ។ ​តន្ត្រី​ករ​​​រូប​នេះ ចេញ​ដំណើរ​នៅ​ថ្ងៃ ០៧ ឬ ០៨ ខែ វិច្ឆិកា និង​មក​វិញ​ថ្ងៃ ០៦ ខែ មករា ឆ្នាំ ២០១៧។ សម្រាប់​ការ​សម្ដែង​មាន​រដ្ឋ មីនីសូតា វ៉ាស៊ីនតោន និង​ទីក្រុង ឡូវ៉េ និង​មាន​ច្រៀនរដ្ឋ និង​ក្រុង​​ផ្សេង​ទៀត៕

 

 

ចុចអាន៖ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត

 

អត្ថបទ៖ទ្រី រ៉ាវី