ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

រាជធានីភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានខិតជិតមកដល់ទៀតហើយ គឺនៅចន្លោះតែពីរថ្ងៃទៀតប៉ុណ្ណោះ ប្រជាពុទ្ធបរិស័ទតាមវត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្ដើមចាក់ភ្លេងទំនួញប្រេត បោះបាយបិណ្ឌ និងនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនចំពោះសាច់ញាតិដែលបានស្លាប់នាពេលកន្លងមក ដែលមានរយៈពេលរហូតដល់១៥ថ្ងៃ ដូច្នេះតើធ្លាប់គិតទេថា ចង់ទៅធ្វើបុណ្យវត្តណាមួយដែលមានតំបន់ទេសចរណ៍នៅក្បែរនោះ ដើម្បីបានដើរលេងផង?

ដើម្បីចូលរួមអបអរនៅពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦នេះ ម្យ៉ាងទៀតជាការអរគុណដល់មិត្តអានដែលបានគាំទ្រនៅគេហទំព័រព័ត៌មាន Kqube.net គេហទំព័រយើងខ្ញុំសូមណែនាំនៅទីអារាមមួយចំនួននៅជុំវិញទីក្រុងភ្នំពេញ នៅជិតងាយស្រួលទៅមកធ្វើបុណ្យ ហើយមានកន្លែងទេសចរណ៍អាចជួបជុំក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយថែមទៀត ដោយតំបន់ទេសចរណ៍ទាំងនោះលក្ខណៈជាទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍វប្បធម៌។

១.វត្តព្រែកថ្លឹង៖ ទីអារាមមួយនេះ ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ ខាងលិចព្រែកហូរក្រុងតាខ្មៅ ភាគច្រើនមិត្តអ្នកអានធ្លាប់ស្គាល់ហើយ ព្រោះវត្តព្រែកថ្លឹងនេះ ធ្លាប់ប្រារព្ធនៅពិធីបុណ្យភូមិ កាលពីពីរឆ្នាំមុនកន្លងទៅនេះ។ សព្វថ្ងៃព្រះសង្ឃគង់នៅចាំព្រះវស្សាមានចំនួន២៤អង្គរ ភាគច្រើនជាសាមណេរតូចៗទើបបួសថ្មី។

ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

ចំណុចពិសេសដែលមិត្តអ្នកអានបានឱកាសទៅធ្វើបុណ្យកាន់បិណ្ឌនៅទីអារាមខាងលើនោះ ប្រាកដណាស់ មិត្តអ្នកអានបានទាំងទៅធ្វើបុណ្យផង និងដើរលេងផង ព្រោះថា នៅខាងជើងវត្ត ហួសគល់ស្ពានបន្តិចមានកន្លែងទេសចរណ៍កែច្នៃមួយទើបបង្កើតថ្មី ទីនោះមានឈ្មោះថា សួនទឹកស៊ីននី កន្លែងសម្រាប់លេងទឹក បានទាំងកុមារតូចៗ និងមនុស្សធំ ហើយក៏មានខ្ចុះសម្រាប់សម្រាកទទួលទានអាហារយ៉ាងត្រជាក់ចិត្តទៀតផង។

២.វត្តកៀនស្វាយក្រៅ៖ ទីអារាមនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ហួសខណ្ឌច្បារអំពៅបន្តិច ផ្លូវឆ្ពោះទៅកាន់ស្ពានអ្នកលឿង ដោយមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃទីក្រុងភ្នំពេញ។

ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

សូមបញ្ជាក់ថា នៅតាមបណ្ដោយផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់វត្តកៀនស្វាយក្រៅនេះ មានទីអារាមនានាជាច្រើនទៀត ដែលស្ថិតនៅជាប់ៗគ្នានោះ ប៉ុន្តែគេហទំព័រ Kqube.net សូមណែនាំតែវត្តកៀនស្វាយក្រៅ ដោយសារនៅក្បែរនោះ មានរមណីយដ្ឋានដ៏ល្បី ដែលអ្នកភ្នំពេញតែងតែទៅលំហែកាយ ទទួលទានអាហារជួបជុំគ្រួសារ ឬមិត្តភ័ក្ដិ តាមខ្ចុះលើទឹកយ៉ាងរីករាយផងដែរ។

៣.វត្តព្រែកលៀប ឬហៅវត្តវារិន្ទ៖ ទីអារាមនេះដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចុះពីស្ពានជ្រោយចង្វារប្រមាណជា ៤-៥គីឡូម៉ែត្រប៉ុណ្ណោះ។ នៅតាមបណ្ដោយផ្លូវនេះ ក៏មានវត្តផ្សេងៗជាច្រើនទៀត ដែលមិត្តអ្នកអានអាចទៅធ្វើបុណ្យកាន់បិណ្ឌនៅថ្ងៃខាងមុខនេះ ដោយសេចក្ដីជ្រះថ្លា ដូចជាវត្តកៀនឃ្លាំងជាដើម អាចធ្វើបុណ្យតាមធនធានរបស់លោកអ្នកទៀតផង។

ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

ចំណុចដ៏សំខាន់ក្នុងឱកាសបុណ្យទាននោះ លោក លោកស្រី មានពេលជួបជុំក្រុមគ្រួសារលំហែកាយញាំអាហារនៅស្របមាត់ទន្លេមេគង្គដ៏សែនធំល្វឹងល្វើយ លាយឡំជាមួយជំនោរខែភទ្របទ កាន់តែបង្កើតបរិយាកាសស្រស់ស្រាយបន្ថែមទៀត បន្ទាប់ពីមិត្តអ្នកអានបានបំពេញបុណ្យកុសលរួចរាល់ផងដែរ។

៤.វត្តភ្នំប្រសិទ្ធិត្រ័យត្រិង្ស និងវត្តសុវណ្ណធម្មរាជ ឬវត្តភ្នំរាបក៏បាន
នៅផ្នែកខាងលិចឆៀងខាងជើង នៃទីក្រុងភ្នំពេញ មានកន្លែងទេសចរណ៍បែបវប្បធម៌ជាច្រើន ដែលសុទ្ធសឹងតែជាកន្លែងគួរជាទីចាប់អារម្មណ៍ទៅដើរលេងកម្សាន្តផង និងទៅធ្វើបុណ្យកុសលបានផង ព្រោះនៅប៉ែកខាងនោះ ក៏សម្បូរវត្តអារាមសម្រាប់ធ្វើបុណ្យផងដែរ។ ប៉ុន្តែក្នុងប្រធានបទនេះ គេហទំព័រ Kqube.net សូមណែនាំមិត្តអ្នកអានទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ ព្រោះទីកន្លែងនេះវានៅជិតជាងគេ ងាយស្រួលទៅមក។

ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

រមណីយដ្ឋានភ្នំប្រសិទ្ធិ មិត្តអ្នកអានអាចធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ហួសស្ពានអាកាសលីយ៉ុងផាត់ព្រែកព្នៅបន្តដំណើរទៅមុខបន្តិចទៀត នឹងទៅដល់ផ្សារព្រែកព្នៅ នៅទីនោះមានផ្លូវចូលបត់ឆ្វេងមួយ រួចទៅត្រង់រហូត មិនដល់១០គីឡូម៉ែត្រទេ លោកអ្នកនឹងទៅដល់តំបន់ភ្នំប្រសិទ្ធិនោះហើយ។

ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?

ផ្លូវទៅកាន់តំបន់ភ្នំប្រសិទ្ធិក៏មានទីអារាមច្រើនផងដែរ លោក លោកស្រី មិនខ្សត់កន្លែងធ្វើបុណ្យកុសលនោះទេ ហើយនៅតាមដងផ្លូវមានបឹងដ៏សែនធំល្វឹងល្វើយ នៅអមសង្ខាងទៀតផង។ បើមិត្តអ្នកអានមានគម្រោងទៅធ្វើបុណ្យកាន់នៅតំបន់ភ្នំប្រសិទ្ធិ គឺមានវត្តសុវណ្ណធម្មរាជ និងវត្តភ្នំរាប មានសំណង់ប្រាសាទជាច្រើន ដែលបង្ហាញនៅប្រពៃណី និងវប្បធម៌របស់ខ្មែរយើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមដងផ្លូវត្រលប់មកវិញ លោកអ្នកក៏មកលំហែកាយទទួលទានចំណីចំណុកធម្មជាតិ ជាពិសេសខ្យល់ទឹកប្រហុកដ៏ឆ្ងាញ់ពិសាទៀតផង។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌសម្រាប់ឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះហើយ ដោយត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដូច្នេះសូមជូនពរមិត្តអ្នកអានគេហទំព័រព័ត៌មាន Kqube.net ទាំងអស់ និងពុទ្ធបរិស័ទទូទាំងប្រទេសធ្វើដំណើរទីជិតឆ្ងាយ សូមបានសុខសុវត្ថិភាពគ្រប់ៗគ្នា និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ kqube

  • ជុំវិញ​ភ្នំពេញ​​​វត្ត​ណា​ខ្លះ​​ នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ទៅ​ដាក់​បិណ្ឌ​ផង ​បាន​ដើរ​លេង​ផង​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: