កសិករ​ខក​ចិត្ត​នឹង​អាជ្ញាធរ​​ខេត្ត​បាត់ដំបង​រឿង​​មិន​អាច​​ដោះស្រាយ​តម្លៃ​ស្រូវ​ចុះ​ថោក

ប្រជាកសិករ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខកចិត្ត​ជា​ខ្លាំង​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​​​នៅ​ក្នុង​ខេត្ត​នេះ​ថា មិន​គោរព​តាម​ការ​សន្យា​​រក​ទីផ្សារ​លក់​ទិន្នផល​ស្រូវ​តម្លៃ ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​ជូន​ពួកគាត់។ ការ​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​ពួកគាត់​រក​​ទីផ្សារ​លក់​ស្រូវ​ពុំ​បាន ហើយ​​​ពលរដ្ឋ​​ខ្លះ​​​បាន​បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប។

​​​​​​​​​​ប្រជា​កសិករ​នៅ​ស្រុក​សង្កែ មួយ​ចំនួន​​ដឹក​​ទិន្នផល​ស្រូវ​របស់​ខ្លួន​យក​ទៅ​ដាក់​បញ្ឈរ​​នៅ​ក្រោម​ដើម​ឈើ អម​ដង​​ផ្លូវ​ជាតិ​លេខ​៥ ជាពិសេស​នៅ​ម្ដុំ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ដើម្បី​រង់ចាំ​ឲ្យ​ឈ្មួញ​មក​ទិញ​ស្រូវ​​របស់​ពួកគាត់។

​​​​ប្រជាកសិករ​នៅ​ភូមិ​អូសទូក ឃុំ​កំពង់ព្រៀង ម្នាក់ លោក យ៉ាង ធី ប្រាប់​អាស៊ីសេរី ខណៈ​រង់ចាំ​ឈ្មួញ​មក​ទិញ​ស្រូវ​នៅ​មុន​សាលា​ឃុំ​កំពង់ព្រៀង នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា ទិន្នផល​ស្រូវ​របស់​ពួកគាត់​ជា​ច្រើន​តោន​​ គ្មាន​ឈ្មួញ​ណា​ហ៊ាន​ទិញ​ឲ្យ​តម្លៃ​ខ្ពស់​ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់​ គឺ​តម្លៃ ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ​ឡើយ។

លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង​ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រឹមតែ​​សន្យា​ខ្យល់​ជា​មួយ​ពួកគាត់​ដែល​ធ្វើ​ឲ្យ​​ពួកគាត់​រក​ទីផ្សារ​លក់​ស្រូវ​ដោយ​ខ្លួន​ឯង​ ក្នុង​​តម្លៃ​ទាប៖ «ស្រូវ​មួយ​គីឡូក្រាម ៦៦០​រៀល ហើយ​អត់​មាន​អ្នក​ទិញ​ បើ​ទោះ​ជា​មាន​ទាល់​តែ​យើង​អង្វរ​គេ​ឲ្យ​​ទិញ។ ស្រូវ​នៅ​សល់​ក្នុង​ស្រែ​ច្រើន​ណាស់ ដល់​គ្មាន​អ្នក​ទិញ​អ៊ីចឹង ទុំ​ក្រហម​រក​ខូច​ហើយ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា កន្លង​ទៅ​ ប្រជា​កសិករ​ប្រមាណ ១​ពាន់​នាក់​ នាំ​គ្នា​ចាក់​ស្រូវ​កណ្ដាល​ផ្លូវ​ជាតិ​លេខ​៥ ​តវ៉ា​នៅ​មុខ​សាលា​ឃុំ​កំពង់ព្រៀង ​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ទីផ្សារ​លក់​ទិន្នផល​ស្រូវ​ជូន​ពួកគាត់។ ការ​តវ៉ា​នេះ​បាន​កកស្ទះ​ចរាចរណ៍​ជាង ១០​គីឡូម៉ែត្រ។ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​ដោះស្រាយ​ដល់​ទី​កន្លង និង​បាន​​​សន្យា​ជួយ​រក​ទីផ្សារ​ជូន​​ពួកគាត់ ដោយ​​កំណត់​តម្លៃ​ប្រភេទ​ស្រូវ​លេខ​មួយ ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា​ តម្លៃ​នេះ​ឈ្មួញ​ចុះ​ប្រមូល​ទិញ​បាន​តែ​មួយ​ថ្ងៃ​ក៏​ស្ងាត់​ទៅ​វិញ ហើយ​តម្លៃ​ស្រូវ​បាន​​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង​ លោក ចាន់ សុផល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​លើក​ឡើង​របស់​កសិករ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។ ប៉ុន្តែ​អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ទាក់ទង​​ទៅ​តាម​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​កន្លែង​រួច​មក​ហើយ​ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ឈ្មួញ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​មិន​​អស់ ដោយសារ​ទិន្នផល​ស្រូវ​ច្រើន​លើសលប់​ដែល​​រោង​ម៉ាស៊ីន​កិន​ស្រូវ​​មិន​អាច​សម្ងួត​ទាន់​ស្រូវ​របស់​កសិករ៖ «បាទ! កសិករ​យើង​យក​លក់​ច្រើន​ពេក​ទៅ ហើយ​រោង​ម៉ាស៊ីន​គ្នា​ទទួល​អត់​រួច ព្រោះ​លើស​សមត្ថភាព​របស់​រោង​ម៉ាស៊ីន​ដល់​ពេល​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​លំបាក​ដល់​កសិករ​ដែល​ច្រូត​កាត់​ហើយ​ជួប​បញ្ហា​នេះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​គោរព​តាម​ការ​សន្យា​ គឺ​ជំរុញ​ឲ្យ​ប្រជា​កសិករ​​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​​ពួកគាត់​គ្មាន​ប្រាក់​សង​​បំណុល​គេ​នៅ​ថ្ងៃ​អនាគត៖ «ហើយ​យើង​ក៏​ឃើញ​មាន​ការ​បញ្ចេញ​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ និង​ពី​ធនាគារ​អភិវឌ្ឍន៍​ផង​ តែ​បញ្ហា​នៅ​ដដែល គឺ​មិន​អាច​ដោះស្រាយ​បាន។ អ៊ីចឹង​អាជ្ញាធរ​ត្រូវ​តែ​ពន្យល់​ប្រជាកសិករ​ដើម្បី​កុំ​ឲ្យ​ពួកគាត់​អស់​ជំនឿ»

​​​​​​​​​​​​​​​​​​​​​​​​តម្លៃ​ស្រូវ​ប្រភេទ​លេខ​១ ដែល​កសិករ​លក់​ឲ្យ​ឈ្មួញ​នៅ​មុខ​សាលា​ឃុំ​កំពង់ព្រៀង ចន្លោះ​ពី ៦០០ ទៅ ៦៦០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ប្រជាកសិករ​បញ្ជាក់​ថា តម្លៃ​នេះ​ពួកគាត់​លក់​មិន​បាន​ប្រាក់​កម្រៃ​ឡើយ ក៏ប៉ុន្តែ​ប្រសើរ​ជាង​ទុក​ស្រូវ​ចោល​ដោយ​គ្មាន​អ្នក​ទិញ។

កាល​ពី​ដើម​ខែ​កញ្ញា​ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​ប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទី​ផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។ រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​ស្រូវ​សែន​ក្រអូប​ប្រភេទ​លេខ​១ ចំនួន ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ទោះ​ជា​យ៉ាង​ណា​ ប្រជា​កសិករ​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ អះអាង​ថា តម្លៃ​ស្រូវ​​មិន​បាន​ដូច​ការ​កំណត់​របស់​រដ្ឋាភិបាល​ឡើយ។ របាយការណ៍​អភិបាល​ស្រុក​សង្កែ ឲ្យ​ដឹង​ថា ស្រូវ​សែន​ក្រអូប​ដែល​កសិករ​ដាំដុះ​​នៅ​ក្នុង​ស្រុក​នេះ​ មាន​ជាង ៩​ពាន់​ហិកតារ នៅ​ក្នុង​នោះ​ប្រមាណ ៣៥​ភាគរយ​ប្រមូល​ផល​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។