អាជ្ញាធរខេត្ត​ប៉ៃលិន បណ្ដោយ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីភ្នំ​តាម​អំពើ​ចិត្ត​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រិះគន់ថា​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ និង​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បណ្ដែតបណ្ដោយ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីភ្នំ​ក្នុងភូមិ​របស់​ពួកគាត់​តាម​អំពើ​ចិត្ត​។ អ្នកភូមិ​ផ្សារ​ព្រំ​ជើង​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា អ្នកមាន​លុយ អ្នកមានអំណាច​ទន្ទ្រាន​កាន់កាប់​ដីភ្នំ​របស់​រដ្ឋ​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ បើទោះបី​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​និង​បំផ្លាញ​ភ្នំ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាងណាក៏ដោយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ជាច្រើន​គ្រួសារ​បាន​ឲ្យ​ដឹងថា តំបន់​ព្រៃភ្នំ​វប្បធម៌​ជាតិ​នៅក្បែរ​ផ្លូវជាតិ​លេខ​៥៧​ខាងក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ត្រូវ​ឈ្មួញ​មាន​លុយ​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរជំនាញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ សកម្មភាព​បានកើត​ឡើង​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ និង​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ បើទោះបី​ប្រជាពលរដ្ឋ​រាយការណ៍​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ មិនតែប៉ុណ្ណោះ​លោក សំ សារ៉េត ក្នុងនាម​ជា​អភិបាលស្រុក​សាលា​ក្រៅ បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ចំណែក​លោក គឹម សុខា បាន​ឆ្លើយ​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​អាជ្ញាធរខេត្ត​ប៉ៃលិន​។

សកម្មភាព​អ្នកមាន​លុយ អ្នកមានអំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីភ្នំ​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការ​រលាយបាត់​រូបរាង​នៅ​ព្រៃភ្នំ​វប្បធម៌​ធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ការដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​បែបនេះ​គឺ​ដោយសារ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក សុទ្ធតែ​ឆ្លើយ​យករួចខ្លួន​ហើយ​សូម្បីតែ​លោក អ៊ី ហឿន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ក៏​ព្យាយាម​គេចវេះ​ពី​ការទទួលខុសត្រូវ​យ៉ាង​ស្ងៀមស្ងាត់​ដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងមក​នៅពេល​ប្រជាពលរដ្ឋ​រុករាន​ដីព្រៃ​ជើងភ្នំ​បន្តិចបន្តួច​ដើម្បី​យក​ដី​ដាំ​ដំណាំ តែងតែ​ត្រូវ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏ដូចជា​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​តាមច្បាប់​យ៉ាង​តឹងតែង​បំផុត​។ ប៉ុន្តែ​នៅពេលដែល​អ្នកមាន​លុយ អ្នកមានអំណាច​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីភ្នំ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង បែរជា​លោក គឹម សុខា និង​មន្ត្រី​អាជ្ញាធរ ធ្វើ​ព្រងើយ​ទៅវិញ​៕

pailin-2-1 pailin-3-1 pailin-1-1