លោក កឹម សុខា បញ្ជាក់ថា ត្រូវតែមាន​ដំណោះស្រាយ​នយោបាយ​មិនយូរ​មិនឆាប់​

ក្នុងពេលដែល​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ​ដោយមាន​របៀបវារៈ​សំខាន់ៗ​មួយចំនួន​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ដែរថា ត្រូវតែមាន​ដំណោះស្រាយ​នយោបាយ​មិនយូរ​មិនឆាប់ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ស្វែងរក​ការចរចា​នយោបាយ​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ពន្យល់ថា ការចរចា​គឺ​អាស្រ័យទៅលើ​ភាគី​ម្ខាង​ទៀត​។ ដូចនេះ​លោក​ជឿថា​ត្រូវតែមាន​ដំណោះស្រាយ​នយោបាយ​មិនយូរ​មិនឆាប់​។ វា​អាស្រ័យទៅលើ​ជំនាញ​ប្រាស្រ័យ​ទាក់ទង​របស់​យើង​ថា​តើ​យើង​អាច​ស្វែងរក​ដំណោះស្រាយ​និង​វិធី​ចេញរួច​ពី​បញ្ហា​ហើយ​លោក​ជឿថា​នឹងមាន​ដំណោះស្រាយ​មិន​ខាន​។​

លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែងរក​ដំណោះស្រាយ និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​មានការ​ដោះលែង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នកដទៃៗ​ទៀត​ដែល​ជាប់ពន្ធនាគារ​រួមទាំង​បុគ្គលិក ៤​រូប​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក នី ចរិយា ផងដែរ​។​

ចំណែក​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច បើទោះជា​បាន​ព្រមាន​ថា​នឹង​បង្ក្រាប​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ទៅលើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ក៏ដោយ​ក៏​លោក​បាន​ព្រលយ​ពាក្យ​ដែរ​ថា​ការចរចា​នានា​និង​ដំណោះស្រាយ​គឺ​មានតែ​នៅក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា បើ​ស្ថានភាព​នយោបាយ​នៅតែ​អូសបន្លាយ​គណបក្សកាន់អំណាច និង​គណបក្សជំទាស់ នឹង​គ្មាន​បាន​ផលចំណេញ​អ្វី​ក្រៅពី​ការបាត់បង់​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​។ ដូចនេះ​ស្ថានភាព​នេះ​នឹង​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ធំ​ទាំងពីរ ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដើម្បី​ចរចា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​៕

fn-2016-09-28-09-09-53-0 fn-2016-09-28-09-09-53-1