លោក​ថាច់ សេដ្ឋា គាំទ្រ​សារាចរ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការថែរក្សា​ការពារ​បង្គោល​ព្រំដែន​ចាស់​

ភ្នំពេញ:
លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​នូវ​ការគាំទ្រ យ៉ាង​ពេញទំហឹង​ចំពោះ​ សារាចរ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២0 ខែកញ្ញា ឆ្នាំ​២០១៦ ស្តីពី​ការថែរក្សា ការពារ​បង្គោល​ព្រំដែន​ចាស់ បោះ​ដោយ​គណៈកម្មការ កំណត់ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​កូសាំងស៊ីន នៅមុន និង​ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៨៧០ ។​

​នៅក្នុង​លិខិត​របស់លោក ថាច់ សេដ្ឋា ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៦ ខែកញ្ញា បាន​ឲ្យ​ដឹងថា សារាចរ​ណែនាំ ដែលមាន​លក្ខណៈ​ការពារ និង​ថែរក្សា​មរតក ប្រវត្តិសាស្ត្រ​នៃ ប្រជាជាតិ​ខ្មែរ​បែបនេះ គឺមាន​សារៈសំខាន់​ណាស់ គឺ​៖ ទី​១-​ការពារ​ភស្តុតាង​ប្រវត្តិសាស្ត្រ របស់ខ្លួន មិន​ឲ្យ​បាត់បង់​។ ទី​២-​សំរាប់​សិស្ស និស្សិត សិក្សា​ស្រាវជ្រាវ នូវ​ប្រវត្តិសាស្ត្រ ពិត​របស់ខ្លួន​។ ទី​៣-​កុំ​ឲ្យ​ប្រទេស​វៀតណាម កាឡៃ​ប្រវត្តិសាស្ត្រ តាម​អំពើ​ចិត្ត​៕N​/S