សង្គម​ស៊ីវិល​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​និង​បញ្ហា​ប្រឈម

តំណាង​អាជ្ញាធរ​មូលដ្ឋាន សង្គម​ស៊ីវិល និង​តំណាង​សហគមន៍ បាន​ជួប​ពិគ្រោះ​យោបល់​គ្នា និង​លើក​ពី​បញ្ហា​ប្រឈម​ទាំង​ឡាយ​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ផ្ដល់​អនុសាស​ជូន​រដ្ឋាភិបាល​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ។ អ្នក​ពិគ្រោះ​យោបល់​បាន​លើក​ពី​បញ្ហា និង​សំណូមពរ​ជា​ច្រើន​ជូន​រដ្ឋាភិបាល​តាម​រយៈ​អ្នក​រៀបចំ​សិក្ខាសាលា ហើយ​សង្ឃឹម​រដ្ឋាភិបាល​ពិនិត្យ​ដោះស្រាយ។

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​បញ្ហា​ប្រឈម​ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្រ្វែល (COMFREL) និង​អង្គការ​ហ្វែក (FACT) នៅ​ទីស្នាក់ការ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៧ ខែ​កញ្ញា ត្រូវ​បាន​សាទរ​ពី​សិក្ខាកាម។

សិក្ខាកាម​មក​ពី​បី​ខេត្ត គឺ​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ចង់​ឃើញ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ការ​អនុវត្ត​ខុស​ឆ្គង​មួយ​ចំនួន។

តំណាង​សហគមន៍​ព្រៃឈើ​មក​ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោកស្រី ឡោន ស៊ីវី មាន​ប្រសាសន៍​ថា បញ្ហា​អាជ្ញាធរ​រំលោភ​សិទ្ធិ និង​រឹបអូស​ដីធ្លី​របស់​ពលរដ្ឋ​ទៅ​ដាក់​ជា​ព្រៃ​សហគមន៍ គឺ​ជា​រឿងរ៉ាវ​ឈឺ​ចាប់​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់​លោកស្រី​ជួប​ប្រទះ។

លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ថ្នាក់​ជាតិ​កុំ​ជឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​ពេក ហើយ​ពិនិត្យ​រក​ឫសគល់​នៃ​បញ្ហា​ដើម្បី​ដោះស្រាយ៖ «គោលបំណង​របស់​ខ្ញុំ! ទី​មួយ​ចង់​បង្ហាញ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ​ឲ្យ​សហគមន៍​ផ្សេង​បាន​ដឹង ហើយ​ក៏​ចង់​បាន​អនុសាសន៍​ពី​សហគមន៍​ផ្សេងៗ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍​ខ្ញុំ​ដែរ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ក្រោយ​ពី​ពួក​ខ្ញុំ​ដាក់​អនុសាសន៍​នេះ គឺ​មិនមែន​តែ​អនុសាស​សម្រាប់​ខ្ញុំ​ម្នាក់​ឯង​ទេ គឺ​ទូទៅ​ទាំង​អស់​គ្នា រដ្ឋាភិបាល​នឹង​មាន​ការ​កែប្រែ ឬ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ»

ចំណែក​សិក្ខាកាម​ម្នាក់​ដែល​ជា​ជំទប់​ទី​១ ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង លោក ឈុន ហាន សង្កេត​ឃើញ​ថា អាជ្ញាធរ​ដែល​ជា​មន្ត្រី​គណបក្ស​កាន់​អំណាច​តែងតែ​រក​រឿង​រារាំង ឬ​តាមដាន​សកម្មភាព​ជួបជុំ​ពិគ្រោះ​យោបល់ និង​សម្ដែង​មតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ។

លោក​ថា បើ​ពេល​ឃោសនា ការ​ចុះ​ឈ្មោះ ឬ​បោះ​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​លោក​គឺ​មាន​ការ​រំខាន​ច្រើន៖ «ខ្ញុំ​គ្រាន់​តែ​មាន​សំណូមពរ​ថា ការ​បញ្ចេញ​មតិ ជួបជុំ​គ្នា​បញ្ចេញ​មតិ តស៊ូ​មតិ​នៅ​តាម​បណ្ដាញ​សហគមន៍ ក៏​ដូចជា​ឃោសនា​បោះឆ្នោត​សូម​កុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ភូមិ​មក​ឈរ​ចាំ​ពិនិត្យ និង​រាប់​កម្លាំង​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ក្រៅ​ពី​គណបក្ស​កាន់​អំណាច»

តំណាង​អង្គការ​ខុមហ្រ្វែល លោក លាភ ប៊ុនលាង និង​អង្គការ​ហ្វែក លោក ឯក ចំរើន ដែល​រៀបចំ​សិក្ខាសាលា​នេះ​បញ្ជាក់​ស្រដៀង​គ្នា​ថា ការ​លើក​ពី​បញ្ហា និង​ពិគ្រោះ​យោបល់​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​មាន​បំណង​ប្រមូល​នូវ​បញ្ហា ឬ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​មុន​ដាក់​ជូន​រដ្ឋាភិបាល​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។

ប្រធាន​សម្របសម្រួល​គម្រោង​ប្រចាំ​តំបន់​មេគង្គ នៃ​អង្គការ​ហ្វែក លោក ឯក ចំរើន ថ្លែង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ​មាន​រំលោភបំពាន និង​កើត​មាន​អំពើ​ហិង្សា ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​ចំណុច​ខ្លះ គឺ​មាន​ភាព​ប្រសើរ។

លោក​ថា សំឡេង​របស់​តំណាង​សហគមន៍ សង្គម​ស៊ីវិល និង​តំណាង​អាជ្ញាធរ​មូលដ្ឋាន​តាម​រយៈ​សិក្ខាសាលា​នេះ គឺ​មាន​សារសំខាន់​ក្នុង​ការ​គោរព និង​លើក​កម្ពស់​សិទ្ធិមនុស្ស៖ «ខ្ញុំ​គិត​ថា សិក្ខាសាលា​នេះ​មាន​សារសំខាន់​ណាស់ ដោយសារ​យើង​បាន​រំលឹក​ឡើង​វិញ​អំពី​ការ​គោរព និង​លើក​ស្ទួយ​សិទ្ធិមនុស្ស ជា​ពិសេស​យើង​បញ្ចូល​ប្រធាន​បទ​មួយ​ទាក់ទង​នឹង​ការ​កសាង​សន្តិភាព ដើម្បី​សុខដុមរមនា​បំបាត់​អា​​ភាព​ហិង្សា​ហ្នឹង​ទៅ​វិញ»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រៀបចំ​សិក្ខាសាលា​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ពិគ្រោះ​យោបល់​បាន​ធ្វើ​រយៈ​ពេល​មួយ​ថ្ងៃ​ដូច​គ្នា​នៅ​បី​តំបន់ គឺ​តំបន់​ទី​១ មាន​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ តំបន់​ទី​២ គឺ​មាន​សៀមរាប ព្រះវិហារ ខេត្ត​កំពង់ធំ និង​តំបន់​ទី​៣ មាន​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ។ ក្នុង​នោះ​តំបន់​ទី​២ បាន​ធ្វើ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។