បញ្ហា​​ធំ​ៗ​ដែល Trump និង Clinton មិន​បាន​លើក​ឡើង​ពេល​តស៊ូ​មតិ​លើក​ដំបូង

បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ស្រី ហ៊ីលឡារី គ្លីនតុន និង​លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​នូវ​បញ្ហា​ជា​ច្រើន​កំឡុង​ពេល​ការ​តស៊ូ​មតិ​លើក​ដំបូង​ជាមួយ​គ្នា​តាម​ទូរទស្សន៍​ កាល​ពី​ម្សិលមិញ។

 

បញ្ហា​​ធំ​ៗ​ដែល Trump និង Clinton មិន​បាន​លើក​ឡើង​ពេល​តស៊ូ​មតិ​លើក​ដំបូង

រូបថតផ្ដល់សិទ្ធិដោយ Reuters

 

រាប់​ចាប់​ពី​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​ជំនួញ​សកល រហូត​ដល់​អំពើ​ហិង្សា​​ប៉ូលិស​ចំពោះ​ជនជាតិ​អាហ្វ្រិក-អាម៉េរិកាំង ឧក្រិដ្ឋកម្ម​អនឡាញ និង​គោលនយោបាយ​ពន្ធដារ បេក្ខជន​ទាំង​ពីរ​រូប​បាន​សួរ​ដេញដោល​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល ៩០នាទី។ ជា​លទ្ធផល​លោក​ស្រី ហ៊ីលឡារី ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​សម្រាប់​ការ​តស៊ូ​មតិ​លើក​ដំបូង​នេះ។

 

យ៉ាង​ណា​ក្ដី​ សារព័ត៌មាន BBC បាន​សរសេរ​ថា​នៅ​មាន​បញ្ហា​ធំ​ៗ​មួយ​ចំនួន​ទៀត ដែល​អ្នក​ទាំង​ពីរ​មិន​បាន​លើកឡើង។

 

១. ប្រទេស​ស៊ីរី

 

ខណៈ​ដែល​បេក្ខភាព​ទាំង​ពីរ​កំពុង​ជជែក​គ្នា ប្រជាជន​ស៊ីរី​ជាង​ ២៥ម៉ឺន​នាក់​កំពុង​ជាប់​គាំង​ក្នុង​ការ​វាយប្រហារ​​ផ្លូវ​អាកាស​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​អាឡេប៉ូ។ រដ្ឋាភិបាល​អាមេរិក​បាន​ដើរ​តួនាទី​នាំ​មុខ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ស៊ីរី និង​រុស្ស៊ី ក្នុង​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ​មិន​មាន​បេក្ខជន​ណា​មួយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ឡើយ។ ទោះ​យ៉ាង​ណា​ប្រធានបទ​ផ្សេង​ៗ​ដូច​ជា ក្រុម​រដ្ឋ​ឥស្លាម កិច្ចព្រមព្រៀង​​សម្រាប់​សង្គ្រាម​នៅ​អ៊ីរ៉ង់ និង​ដៃ​គូ​សន្តិសុខ​របស់​អាមេរិក គឺ​ត្រូវ​បាន​លើក​ឡើង។ ការ​មិន​លើក​ឡើង​អំពី​រឿង​នៅ​ស៊ីរី​នេះ​អាច​បង្ហាញ​បាន​ថា​បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​សំខាន់​ឡើយ​សម្រាប់​ប្រជាជន​អាមេរិក​ភាគ​ច្រើន។

 

២. ជញ្ជាំង​របស់ ត្រាំ

 

បើ​ទោះ​នេះ​ជា​គោលនយោបាយ​សំខាន់​មួយ​ដែល​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​កំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត ប៉ុន្តែ​លោក ដូណាល់ ត្រាំ មិន​បាន​និយាយ​ពី​គម្រោង​របស់​លោក​ក្នុង​ការ​សាងសង់​ជញ្ជាំង​ប្រវែង​ជាង ៣០០០គីឡូម៉ែត្រ​នៅ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ីកូ​ឡើយ។

 

លោក ត្រាំ​ ធ្លាប់​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ម៉ិកស៊ីកូ​ចំណាយ​លុយ​ពី​៥​ទៅ​១០ប៊ីលាន​ដុល្លារ​សម្រាប់​ជញ្ជាំង​នេះ​ប្រសិន​បើ​លោក​ក្លាយ​ជា​ប្រធានាធិបតី។

 

បើ​ទោះ​ជា​បញ្ហា​អន្តោប្រវេសន៍​គឺ​ជា​យុទ្ធនាការ​សំខាន់ ជា​ពិសេស​សម្រាប់ ត្រាំ តែ​បញ្ហា​នេះ​ត្រូវ​បាន​លើក​មក​និយាយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​មិន​មាន​ការ​ពិភាក្សា​​ច្រើន​រវាង​បេក្ខជន​ទាំង​ពីរ​លើ​គោលនយោបាយ​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ឡើយ។

 

បញ្ហា​​ធំ​ៗ​ដែល Trump និង Clinton មិន​បាន​លើក​ឡើង​ពេល​តស៊ូ​មតិ​លើក​ដំបូង

រូបថតផ្ដល់សិទ្ធិដោយ Reuters

 

៣. ការ​វាយ​ប្រហារ​នៅ​ទីក្រុង Benghazi

 

អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ​ជា​ច្រើន​សង្ឃឹម​ថា​លោក ត្រាំ នឹង​លើកឡើង​ពី​​ការ​វាយប្រហារ​លើ​ស្ថានកុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង​ Benghazi ប្រទេស​លីប៊ី នៅ​ពេល​ដែល​អ្នក​ស្រី គ្លីនតុន គឺ​ជា​រដ្ឋលេខាធិការ។

 

កន្លង​មក​លោក ត្រាំ ធ្លាប់​និយាយ​ថា​ឯកអគ្គរដ្ឋទូត Chris Stevens “ត្រូវ​គេ​ទុក​ឲ្យ​ស្លាប់​ដោយ​គ្មាន​អ្នក​ជួយ ខណៈ​ដែល​អ្នក​ស្រី ហ៊ីលឡារី គ្លីនតុន ហាក់​កំពុង​គេង​លក់​នៅ​លើ​គ្រែ”។ អ្នក​ស្រី គ្លីនតុន បាន​និយាយ​ថា​អ្នក​ស្រី​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​វាយ​ប្រហារ​នេះ។

 

ក្រោយ​ចប់​ការ​តស៊ូ​មតិ លោក ត្រាំ បាន​ត្អូញត្អែរ​តាម​រយៈ​បណ្ដាញ Twitter ដោយ​បន្ទោស​លោក Lester Holt ជា​អ្នក​សម្របសម្រួល​ថា​មិន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ។
​​

 

៤. រឿង​មូលនិធិ

 

រឿង​ចម្រូងចម្រាស​ជុំវិញ​មូលនិធិ​គ្លីនតុន (Clinton Foundation) បាន​ក្លាយ​ជា​ប្រភព​បញ្ហា​មួយ​សម្រាប់​យុទ្ធនាការ​របស់​អ្នក​ស្រី គ្លីនតុន និង​ជា​ឱកាស​សម្រាប់​លោក ដូណាល់ ត្រាំ ក្នុង​ការ​ចោទ​ប្រកាន់​លោក​ស្រី​ពី​បទ​ពុក​រលួយ​អំឡុង​ពេល​ធ្វើ​ជា​រដ្ឋលេខាធិការ​អាមេរិក។

 

លោក Holt ជា​អ្នក​សម្របសម្រួល​មិន​បាន​សួរ​លោក​ស្រី​ពី​បញ្ហា​នេះ​ឡើយ​កំឡុង​ពេល​តស៊ូ​មតិ ហើយ លោក ត្រាំ​ក៏​មិន​បាន​លើក​ឡើង​ដូច​គ្នា។ នេះ​គឺ​ជា​បញ្ហា​មួយ​ទៀត​ដែល​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រិះគន់​អ្នក​សម្របសម្រួល​ដែល​មិន​បាន​លើក​ឡើង។

 

ក៏​ប៉ុន្តែ លោក Holt ក៏​មិន​បាន​សួរ​ ដូណាល់ ត្រាំ អំពី​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​លោក និង​រឿង​ក្លែង​បន្លំ​របស់​សាកលវិទ្យាល័យ Trump ដូច​គ្នា ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖bbc