អ្នក​ធ្វើ​ការ​ចេញ​ទៅ​​​ស្រុក​​​មុន​ថ្ងៃ​ភ្ជុំ​ធំ​បណ្ដើរ​​ៗ​ហើយ ចុះ​ថ្លៃ​​ឈ្នួល​ឡាន​​​​ឡើង​​​ឬ​ទេ​​?

នៅ​រដូវ​បុណ្យ​​ទាន​​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ រៀង​រាល់​ឆ្នាំ​គេ​តែង​សង្កេត​ឃើញ​តម្លៃ​ឈ្នួល​ឡាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​​ធ្វើ​ដំណើរ​ទៅ​ស្រុក​មាន​ការ​ប្រែ​ប្រួល​​កើន​ឡើង​​​​​​តិច​តួច​ឬ​ច្រើន។ ដោយ​ឡែក​ តម្លៃ​​​​ឡាន​ឈ្នួល និង​តម្លៃ​​សំបុត្រ​ឡាន​ក្រុង​ពី​ភ្នំពេញ​ទៅ​​ខេត្ត សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​​​ប្រែ​ប្រួល​​ខុស​ពី​ថ្ងៃ​ធម្មតា​ឬ​​យ៉ាង​ណា​?

 

អ្នក​ធ្វើ​ការ​ចេញ​ទៅ​​​ស្រុក​​​មុន​ថ្ងៃ​ភ្ជុំ​ធំ​បណ្ដើរ​​ៗ​ហើយ ចុះ​ថ្លៃ​​ឈ្នួល​ឡាន​​​​ឡើង​​​ឬ​ទេ​​?

 

លោក ម៉េង​ ស្រ៊ាង​អ្នក​​រត់​តាក់​ស៊ី​​​​ នៅ​បេន​ឡាន​ខាង​លិច​​ផ្សារ​ថ្មី​​ បាន​ប្រាប់​ថា ​ឡាន​​របស់​លោក​រត់​ភ្នំពេញ​ ទៅ​ស្ទឹង​ត្រែង និង​​​ដឹក​​​​​​​​ភ្ញៀវ​​​ជិះ​តែ​ពី​​ភ្នំពេញ​ទៅ​ប៉ុណ្ណោះ (​ទៅ​​តែ​មួយ​ជើង​ពី​ភ្នំពេញ​​)​​។ សម្រាប់​តម្លៃ​ឈ្នួល​ អ្នក​ប្រកប​របរ​​រត់​​ឡាន​ឈ្នួល​ជាង​៨​ឆ្នាំ​រូប​​នេះ​បាន​និយាយ​ថា ​មិន​ថា​ថ្ងៃ​ធម្មតា​ ឬ​ថ្ងៃ​​បុណ្យ​ទាន​​​នោះ​ទេ គឺ​ដឹង​តែ​​​​យក​ថ្លៃ​ឈ្នួល​​ ៤​ម៉ឺន​រៀល។

 

“តម្លៃ​គឺ​យក​ធម្មតា​​៤​ម៉ឺន ភ្ជុំ​ក៏​យក​៤​ម៉ឺន​ដែរ។ បើ​យើង​ឈប់​​នៅ​​ត្រឹម​ឆ្លូង (ស្រុក​ឆ្លូង​ ខេត្ត​​ក្រចេះ) ឬ​ទី​រួម​ខេត្ត​ក្រចេះ អា​ហ្នឹង​ខ្ញុំ​​យក​២​ម៉ឺន​។ តែ​បើ​​ជិះ​ពី​ក្រចេះ​ផុត​ទៅ​ ដល់​ទី​រួម​ខេត្ត​(ស្ទឹង​ត្រែង)​ហ្មង​ អាហ្នឹង​ខ្ញុំ​យក​​៤​ម៉ឺន​ “។ នេះ​បើ​តាម​លោក​ ម៉េង​ ស្រ៊ាង​ប្រាប់។

 

ងាក​ទៅ​ស្ដាប់​លោក​ នាត វ័យ​៥០​ឆ្នាំ ជា​អ្នក​រត់​​​ឡាន​ឈ្នួល​​ពី​ភ្នំពេញ​​ ទៅ​ទី​រួម​​ខេត្ត​​កំពង់​ធំ នៅ​​បេន​ឡាន​ខាង​លិច​​ផ្សារ​ថ្មី​ដែរ​បាន​ប្រាប់​ពី​ថ្លៃ​ឈ្នួល​ឡាន​​ថា “១​នាក់​តម្លៃ​២​ម៉ឺន​៥​ (២៥០០០​រៀល​) ដដែល​ អត់​​ឡើង​ទេ “។ លោក​បាន​ប្រាប់​ថា​ ​ក៏​ព្រោះ​តែ​​​លោក​​​ជា​អ្នក​ស្រុក​កំណើត​នៅ​​កំពង់​ធំ ដូច​​​នេះ​ថ្លៃ​ឡាន​ឈ្នួល​របស់​លោក​មិន​ឡើង​ទេ​​ទោះ​​នៅ​ក្នុង​រដូវ​​បុណ្យ​ភ្ជុំ​​​ ឬ​បុណ្យ​ធំ​ៗ​​ផ្សេង​ទៀត​ក៏​ដោយ ក៏​​យក​ថ្លៃ​ដូច​នៅ​​ថ្ងៃ​ធម្មតា​​​​​។

 

អ្នក​ធ្វើ​ការ​ចេញ​ទៅ​​​ស្រុក​​​មុន​ថ្ងៃ​ភ្ជុំ​ធំ​បណ្ដើរ​​ៗ​ហើយ ចុះ​ថ្លៃ​​ឈ្នួល​ឡាន​​​​ឡើង​​​ឬ​ទេ​​?

 

ដោយ​ឡែក​ ​ក្រឡេក​ទៅ​​​​​​​ដឹង​ពី​​តម្លៃ​សំបុត្រ​ឡាន​ក្រុង​របស់​ក្រុម​ហ៊ុន​​​ដឹក​អ្នក​ដំណើរ​​​​​​​ទៅ​តាម​ខេត្ត​​មួយ​ចំនួន​​វិញ ថា​តើ​​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ​មាន​ការ​​ប្រែ​ប្រួល​ឬ​យ៉ាង​ណា?

 

លោក​ អឿន ព្រីនេ ប្រធាន​សាខា​​ក្រុមហ៊ុន​ថោង​ ស៊ីង​​​ ដឹក​អ្នក​ដំណើរ​​ នៅ​ភ្នំពេញ​បាន​ប្រាប់​ថា​ខាង​ក្រុមហ៊ុន​របស់​លោក​​​​ មាន​គោល​ការណ៍​ច្បាស់​លាស់​​គឺ​​គ្រប់​​បុណ្យ​​​ប្រពៃណី​ជាតិ​ខ្មែរ​​ធំ​ៗ​​​ទាំង​អស់​​តម្លៃ​សំបុត្រ​​គឺ​មិន​ឡើង​ថ្លៃ​​​​​នោះ​ទេ។ ជាក់​ស្ដែង​ លោក​បាន​​បន្ត​ថា សម្រាប់​​រដូវ​បុណ្យ​ភ្ជុំ​នេះ ក្រុមហ៊ុន​យក​ថ្លៃ​​​ថ្លៃ​សំបុត្រ​​​​ពី​ភ្នំពេញ​ទៅ​តាម​​គ្រប់​បណ្ដា​​ខេត្ត​​ ​​​​គឺ​​​យក​​ដូច​តម្លៃ​ថ្ងៃ​ធម្មតា។

 

ចំណែក​​ លោក វ៉ា ណារិន្ទ​ ប្រធាន​ផ្នែក​បើក​បរ​ នៅ​​​ក្រុមហ៊ុន​​​​ ភ្នំពេញ សូរិយា ដឹក​ជញ្ជូន​អ្នក​ដំណើរ បាន​ប្រាប់​ថា​ ខាង​ក្រុមហ៊ុន​របស់​លោក នា​រដូវ​បុណ្យ​ភ្ជុំ​នេះ​ គឺ​​​​ថ្លៃ​សំបុត្រ​​​ឡើង​​ថ្លៃ​បន្តិច​បន្តួច​ ​តែ​មិន​លើស​ពី​៤​ពាន់​រៀល​ឡើយ។ លោក​ ណារិន្ទ​បាន​បន្ថែម​ថា សម្រាប់​​សំបុត្រ​ឡើង​ថ្លៃ​នោះ​គឺ​សម្រាប់​តែ​ឡាន​មួយ​ចំនួន​ដែល​ត្រូវ​ចេញ​ទៅ​ខេត្ត​​​​ច្រើន​​​ជើង​ខុស​ពី​ម៉ោង​ធម្មតា​ ហើយ​​​​ការ​​ឡើង​ថ្លៃ​នោះ​គឺ​ដើម្បី​​ជា​​ការ​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​​បើកបរ​​​​ដែល​ចេញ​ដំណើរ​ច្រើន​ជើង​។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​​ថ្ងៃ​​ទី​២២​ ខែ​កញ្ញា​​កន្លង​ទៅ​ នៅ​ក្នុង​កិច្ច​ប្រជុំ​​​​ស្ដី​ពី​​ការ​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​​​សាធារណការ​ និង​ដឹក​ជញ្ជូន​​​​ ​​មាន​វត្តមាន​​​​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​​​ជា​ច្រើន​ ​​​បាន​ចូល​រួម​។ ឆ្លៀត​​ក្នុង​ឱកាស​នោះ ឯក​ឧត្តម​​ ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល បាន​ស្នើ​សុំ​ឲ្យ​​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ អ្នក​ដំណើរ​ទាំង​អស់​ កុំ​តម្លើង​ថ្លៃ​ឈ្នួល​ក្នុង​ឱកាស​ ពិធី​បុណ្យ​ភ្ជុំ​បិណ្យ។

ជា​ការ​ឆ្លើយ​តប​​ភ្លាម​ៗ​នឹង​សំណើ​​នោះ​ ក្រុម​​ហ៊ុន​​ដឹក​ជញ្ជូន​ អ្នក​ដំណើរ​​ចំនួន​១៤​​បាន​ប្ដេជ្ញា​ មិន​តម្លើង​ថ្លៃ​ឈ្នួល ដែល​ក្នុង​នោះ​មាន ១. ក្រុមហ៊ុន ថុង សម្បត្តិ ២.ក្រុមហ៊ុន ម៉ី ហុង ​ដឹក​អ្នក​ដំណើរ ៣.ក្រុមហ៊ុន​ ផល​បូ ប៉ាន់ ត្រេន​ស្ព័ត ខូអិលធីឌី ៤.ក្រុមហ៊ុន នាគ​ក្រហម ៥. ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ឡារីតា​ ៦. ក្រុមហ៊ុន​ វ៉ាង រ៉ិច ៧. ក្រុមហ៊ុន Giant IBIS Transport ៨. ក្រុមហ៊ុន​ហ្គោលដេន​បាយ័ន អេច​ប្រេស ៩. ក្រុមហ៊ុន រិទ្ធិ មុនី ដឹក​អ្នក​ដំណើរ ១០. ក្រុមហ៊ុន​ កាពីតូល ១១​. ក្រុមហ៊ុន​ ពន្លឺ​អង្គរ​ខ្មែរ​ដឹក​ជញ្ជូន ១២. ក្រុមហ៊ុន​ណាហ្គា​ត្រេន​ស្ព័ត ១៣. ក្រុមហ៊ុន​វីរៈ​ប៊ន​ថាំ ១៤. ក្រុមហ៊ុន NATTANKAN Cambodia Co. Ltd ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឆ្លង​ដែន៕
​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ មាន រតនា