ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​អង្កេត​ករណី​វាយ​បុរស​វិកល​ច​រិត​នៅ​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-28-2016, 11:18 am         216

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​អង្កេត​ករណី​វាយ​បុរស​វិកល​ច​រិត​នៅ​អង្គរ​ជនរងគ្រោះដែល​រងការវាយដំ និងត្រូវ​បាន​ចង​ស្លាបសេក។ រូបថត ហ្វេសប៊ុក​សៀមរាប​៖ ទោះជា​ពុំទាន់​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ដែល​រង​ការវាយដំ​នៅ​តំបន់​អង្គរ ក៏ដោយ ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្តសៀមរាប អះអាងថា​ខ្លួន​កំពុងបើក​ការស៊ើបអង្កេត ដើម្បី​ជួយ​ផ្លូវច្បាប់​ដល់​ជនរងគ្រោះ​។ ការស៊ើបអង្កេត​របស់​សង្គម​ស៊ីវិល គឺ​ក្រោយ​ពេលដែល​ជនរងគ្រោះ ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ បាន​បាត់​ដំណឹង​ឈឹង ក្រោយពេល​រង​ការវាយដំ​។​

​អំពើហិង្សា​មួយ បានកើត​ឡើង​នៅ​ថ្ងៃទី​២៣ កញ្ញា ទៅលើ​បុរស​វិកល​ច​រិត​ម្នាក់ នៅក្នុង​តំបន់​អង្គរ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​វត្ត​អង្គរ​ខាងត្បូង ហើយ​ជនរងគ្រោះ​ត្រូវគេ​ព្រួត​វាយ​ដល់​សន្លប់ និង​ចងស្លាបសេក​។​

​លោក សួស ណារិន អ្នកស៊ើប​អង្កេត​អង្គការ​អាដហុក​ប្រចាំខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ពុំទាន់​ទទួល​ពាក្យ​ដំណឹង​ពី​ជនរងគ្រោះ​នៅឡើយ​។ លោក ណារិន បញ្ជាក់ថា ទោះជា​យ៉ាងនេះ​ក្តី តែ​អង្គការ​របស់លោក បាន​សហការ​និង​អង្គការ​ដៃគូ ដើម្បី​ស៊ើបអង្កេត​ករណី​អំពើហិង្សា​មួយ​នេះហើយ​។ លោក​បន្ថែមថា​៖« ក្នុងខណៈ​នេះ យើង​ពុំ​អាច​ប្រាប់​អ្វី​លម្អិត​បានទេ​។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា យើង​កំពុងធ្វើការ​ជាមួយ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នោះ​ហើយ​»​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក នូ ពុទ្ធិ អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រួសារ​ជនរងគ្រោះ ដាក់ពាក្យ​បណ្តឹង​ផងដែរ​។ លោក នូ ពុទ្ធិ បាន​ហៅ​អំពើហិង្សា​ទៅលើ​បុរស​ដែលមាន​សតិ​មិន​គ្រប់​នោះ​ថា​មិន​ត្រឹមត្រូវ ព្រោះ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច ឫ​អាជ្ញាធរ​ប្រើ​ហិង្សា​ទៅលើ​មនុស្ស​ប្រភេទ​នោះឡើយ​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា សុំ​មិន​អត្ថាធិប្បាយ​ទៀត​ទេ ជុំវិញ​រឿងរ៉ាវ​នេះ​។ តែ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​២៥ កញ្ញា លោក ឡុង កុសល ពន្យល់ថា បុរស​វិកល​ច​រិត​នោះ បាន​ចូលទៅ​ឆាឆៅ​ក្នុង​វត្ត​អង្គរ​ខាងត្បូង ហើយ​ត្រូវ​ក្រុម​ក្មេង​វត្ត​ដេញ​វាយ មិនមែន​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឡើយ​។​

​ទាក់ទង​នឹង​បញ្ហា​នេះដែរ នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏បាន​ច្រានចោល លើ​ការចោទប្រកាន់​ទៅលើ​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ តាម​ការបំភ្លឺ​របស់​ន​គរ​បាល គឺ​គេ​បានឃើញ​យុវជន​វិកល​ច​រឹត​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​តាំងពី​ថ្ងៃទី​២២ កញ្ញា​មក​ម្លេះ ដោយ​គេ​បាន​ស្លៀក​ក្រមា​ចូលទៅ​បរិវេណ​វត្ត​អង្គរ​ខាងត្បូង​។ លុះដល់​ថ្ងៃទី​២៣ ក៏​លេច​វត្តមាន​បុរស​ខាងដើម​ជាថ្មី ហើយ​គេ​បាន​ស្រែក​ឡូឡា ដោយសារ​ក្រុមប៉ូលិស​បេតិកភណ្ឌ និង​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សរា ហាម​មិន​ឲ្យ​ចូលក្នុង​ប្រាសាទ​។​

​ការស្រាវជ្រាវ​របស់​ន​គរ​បាន​ព្រហ្មទណ្ឌ​បាន​លម្អិត​ទៀតថា ក្រោយមក​បន្តិច បុរស​វិកល​ច​រឹត​នោះ បាន​លោត​ចូលក្នុង​ទឹក​កសិណ​អង្គរ និង​បាន​ហែល​ឆ្លង​ចូលទៅ​ដល់​វត្ត​អង្គរ​ខាងត្បូង​។ ក្រោយមក​បុរស​វិកល​ច​រឹត​នោះ បាន​បញ្ចេញ​កាយវិកា​យ​មិន​សមរម្យ​មួយចំនួន ដូចជា​រុះរើ​របស់របរ​លើ​សាលាឆាន់ និង​បាន​ហែក​ថង់​រក​ម្ហូប​មក​ហូប ក្រោយ​គេ​ធ្វើ​ឲ្យ​របស់របរ​នៅ​ទីនោះ រប៉ាត់រប៉ាយ​។​

​ប្រភពពី​នគរបាល​ព្រហ្មទណ្ឌ​បានបញ្ជាក់​ទៀតថា ឃើញ​ដូច​នោះ​កូន​សិស្សវត្ត ក៏​នាំ​គ្នីគ្នា​ដេញ ដោយ​មិនបាន​វាយតប់​នោះទេ តែ​គេ​ត្រូវ​បុរស​វិកល​ច​រឹត​នោះ​វិញ​ទេ គប់​នឹង​ដំបង​ឈើ​ទៅលើ​ពួកគេ​។ បុរស​វិកល​ច​រឹត​នោះ បាន​រត់​សំដៅទៅ​អាស្រម​តារា​ជ្យ តែ​ត្រូវបាន​បាន​ឆ្មាំ​ប្រាសាទ​ហាម​មិន​ឲ្យ​ចូល ដោយ​បារម្ភ​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​។ ក្នុង​សភាព​បែបនេះ បុរស​ដែល​ប្រភព​បញ្ជាក់ថា​មាន​សតិ​មិន​គ្រប់ បាន​គប់​ដំបង​ទៅលើ​ឆ្មាំ​ប្រាសាទ និង​បាន​ប្រើ​ហិង្សា​លើ​ក្រុមចម្រុះ ដែល​បំណង​ស្ទាក់ចាប់​គេ​នោះ​។​

​អាជ្ញាធរ​បញ្ជាក់ថា ខ្លួន​គ្រាន់តែ​ចាប់​ផ្តួល និង​ចងដៃ​បុរស​វិកល​ច​រឹត​នោះ​ទៅក្រោយ​តែប៉ុណ្ណោះ ដោយ​ពុំបាន​ប្រើ​ហិង្សា​វាយតប់ រហូតដល់​សន្លប់​នោះទេ​។ ក្រោយមក បុរស​ដដែល ត្រូវបាន​ដឹក​ចេញពី​តំបន់​អង្គរ ក្នុង​ហេតុផល​កុំ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ភ្ញាក់ផ្អើល លុះដល់​ទៅ​វ​ង្វ​ង់​មូល​មុខ​គ្រុឌ​សង្កាត់​ទឹក​វិល បុរស​នោះ​ស្នើសុំ​ថវិកា​ពី​សមត្ថកិច្ច ដើម្បី​ធ្វើ​សោហ៊ុយ​ទៅ​ខេត្តបាត់ដំបង​។ នគរបាល​បញ្ជាក់ថា ខ្លួន​គ្រាន់តែ​សម្រួល​ឲ្យ​គេ​ឡើង​ឡាន​តាក់ស៊ី​តែប៉ុណ្ណោះ ដោយ​ពុំមាន​ឲ្យ​ថវិកា​ទៅ​បុរស​វិកល​ច​រឹត​នោះទេ​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នោះ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។ តែ​ប្រភពពី​ក្មេងៗ​ក្នុង​តំបន់​អង្គរ​បាន​និយាយថា គេ​បានឃើញ​បុរស​វិកល​ច​រឹត​នោះ​ចេញពី​វត្ត ដោយមាន​ក្មេង​វត្ត និង​ឆ្មាំ​ប្រាសាទ​តាម​ពីក្រោយ​។ ក្មេង​វត្ត​ដែល​វិទ្យុ​អាស៊ីសេរី​បាន​សម្ភាស​នោះ បាន​និយាយទៀតថា បុរស​ខ្សោយ​បញ្ញា​នោះ បាន​រង​ការ​វាយ​ដុំ និង​ត្រូវបាន​ចាប់​ជាប់ ហើយ​ត្រូវ​ក្មេង​វត្ត​ម្នាក់ យក​ដុំថ្ម​វាយ​ចំក្បាល​បណ្តាល​ឲ្យ​សន្លប់​។​

​បញ្ហា​នេះ បានកើត​ឲ្យ​មាន​មន្ទិលសង្ស័យ​ផ្សេងៗ ទៅដល់​មហាជន​ដែល​ចង់ដឹង​រឿងរ៉ាវ​ទាំងនោះ​។ ខ្លះ​និយាយថា ជា​កំហុស​ភ្នាក់ងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប៉ូលិស រួម​និង​ក្មេង​វត្ត​ជាដើម ខណៈ​ដែរ​គេ​មិនអាច​រក​សំដី​ពី​ជនរងគ្រោះ​ដោយផ្ទាល់​បានឡើយ​។ ក្រោយ​ហេតុការណ៍​នេះ ជនរងគ្រោះ​បាន​បាត់​ដំណឹង​៕