រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

ប្រទេសរ៉ូស្ស៊ី និងអៀរ៉ង់ អាចនឹងក្លាយជា«គូកន» នៅក្នុង«ឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងប្រទេសស៊ីរី ជាពិសេស​នៅ​ក្រុង​អាឡិប (Alep) ប្រសិនជាប្រទេសទាំងពីរនេះ មិនផ្លាស់ប្ដូរជំហររបស់ខ្លួន ទាក់ទងនឹង​វិបត្តិ​នៅ​ស៊ីរី​នោះ​ទេ។ នេះ​ជា​ការ​ថ្លែង​ឡើង ដោយ​ចំៗ របស់តំណាង​ប្រទេសធំៗ នៅលោកខាងលិច ជាពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​តែ​ម្ដង នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​បន្ទាន់ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហ​ប្រជាជាតិ។
រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

ឪពុកនាំកូនទាំងទ្វេរត់ ក្រោយពីមាន​ការ​ទម្លាក់​គ្រាប់បែក នៅលើសង្កាត់មួយ នៃក្រុងអាឡិប ដែលសម្បូរឲ្យ​ក្រុមប្រឆាំងស៊ីរី។ (រូបថត AFP)

«របបដឹកនាំ របស់លោក បាឆារ អាល់-អាសាធ (Bachar Al-Assad - ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) បាន​ធ្វើជា​បន្ត​បន្ទាប់ នូវជម្រើសដើម្បីកំទេច តាមផ្លូវយោធា ខណៈពេលដែលគ្រប់គ្នា បានដឹងរួចហើយថា នឹងមិនមាន​ដំណោះ​ស្រាយ​ណាផ្សេង ក្រៅដំណោះស្រាយតាមផ្លូវនយោបាយនោះ» នេះជាការថ្លែងឡើង របស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក ហ្សង់ម៉ាក អារ៉ូលត៍ (Jean-Marc Ayrault) នៅចំពោះកិច្ចប្រជុំបន្ទាន់ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ នៅទីក្រុងញ៉ូយក ដើម្បីពិភាក្សាពីស្ថានភាព នៅ​ក្រុង អាឡិប (Alep - ភាគពាយ័ព្យ នៃប្រទេសស៊ីរី)។

ទីក្រុង អាឡិប ដែលត្រូវបានក្រុមប្រឆាំង របស់របបលោក អាល-អាសាធ ដណ្ដើមកាន់កាប់បាន តាំងពីថ្ងៃ​ដំបូង​នៃវបត្តិនៅស៊ីរីនោះ កំពុងរងនូវការទម្លាក់​គ្រាប់បែក​យ៉ាង​រង្គាល តាំងពីប៉ុន្មានថ្ងៃមកហើយ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី បានបរិហារប្រទេសរ៉ូស្ស៊ី ជាអ្នកបញ្ចេញយន្ដហោះរបស់ខ្លួន ដើម្បីទម្លាក់​គ្រាប់​បែក នៅក្នុងទីក្រុង និងដើម្បីជាជំនួយ ទៅដល់កងទ័ពដែលស្មោះស្ម័គ្រ នឹងលោក បាឆារ អាល់-​អាសាធ។ ស្ថានភាពនេះ បានជំរុញប្រទេសធំៗទាំងបី មានបារាំង អង់គ្លេស និងអាមេរិក ស្នើឲ្យកោះ​ប្រជុំ​ជា​បន្ទាន់ នូវ​ក្រុម​ប្រឹក្សា​សន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងការបរទេសបារាំង ដែលចេញផ្សាយ នៅពេលបន្ទាប់មក លោក អារ៉ូលត៍ បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសូមអំពាវនាវ ទៅក្រុមប្រទេស ដែលគាំទ្ររបបលោក អាល់-​អាសាធ គឺប្រទេសរ៉ុស្ស៊ី និងប្រទេសអៀរ៉ង់ ឲ្យពិចារណាឡើងវិញ និងបង្ហាញឲ្យឃើញ អំពីការទទួលខុសត្រូវ ដោយដាក់ឲ្យបញ្ចប់ នូវយុទ្ធសាស្ត្រដូចនេះ ដែលធ្វើឲ្យស្ថានការណ៍ ឈានទៅកាន់ភាពទាល់ច្រក។ បើ​មិន​ដូច្នេះ​ទេ ប្រទេសរ៉ូស្ស៊ី និងប្រទេសអៀរ៉ង់ នឹងក្លាយជា"គូកន" នៃឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងប្រព្រឹត្តិ​នៅ​ក្រុង អាឡិប។»។

ប្រមុខការទូតបារាំង បានសង្កត់ធ្ងន់ឡើងថា៖ «នៅចំពោះសភាពធ្ងន់ធ្ងរ ដែលកំពុងកើតមាន​នៅទីនោះ គេ​មិន​ត្រូវ​ឲ្យ​បាត់បង់ពេលវេលា បន្តទៅទៀតទេ ក្នុងការជួយសង្គ្រោះប្រជាជន ដែលកំពុងភាពខ្លោចផ្សារ នៅ​នឹង​កន្លែង។ វាចាំបាច់ណាស់ សម្រាប់សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវយល់ និងនិយាយ​ពី​ការ​ពិត។ បំណងដ៏ល្អរបស់ខ្ញុំ គឺស្នើសុំឲ្យគ្រប់គ្នា ចាំបាច់ត្រូវមាន​ការ​ទទួល​ខុសត្រូវ របស់ខ្លួន។»។

រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

ការថ្លែងឡើងនេះ មិនមែនមានតែបារាំងទេ តែអាមេរិក និងអង់គ្លេស តាមរយៈប្រមុខការទូតរបស់ផងខ្លួន សុទ្ធ​តែបានថ្លែងចោទប្រកាន់ប្រទេសរ៉ូស្ស៊ី ថាបានកំពុងប្រព្រឹត្តិអំពើ ដ៏«សាហាវព្រៃផ្សៃ» ទៅលើបណ្ដាជន​ស្លូត​ត្រង់។ លោក បូរីស ចនសុន (Boris Johnson) រដ្ឋមន្ត្រីការបរទេសអង់គ្លេស ថែមទាំងបានចង្អុលប្រទេសរ៉ូស្ស៊ី ថា​ជា​អ្នក​បង្កឲ្យមានសង្គ្រាមបន្ត នៅក្នុងប្រទេសស៊ីរីទៀតផង។

សម្រាប់ប្រទេសរ៉ូស្ស៊ីវិញ មិនបានបង្អង់ទុកយូរ ក្នុងការតបតរមកវិញឡើយ។ លោក ឌមីទ្រី ប៉េស្កូវ (Dmitri Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ូស្ស៊ី) បានឆ្លើយបរិហារការលើកឡើង របស់បណ្ដាប្រទេស​លោកខាងលិច ថាកំពុងបង្កើតឲ្យមានបញ្ហា ដល់ចំណងទាក់ទង រវាងប្រទសទាំងនោះ ជាមួយប្រទេសរ៉ូស្ស៊ី និងបានធ្វើឡើង ខុសពីនីតិវិធីច្បាប់។ លោកបានវាយតម្លៃស្ថានភាព នៅក្នុងប្រទេសស៊ីរី ថាមាន​សភាព​ស្មុគ្រ​ស្មាញ និងបានចោទក្រុមប្រឆាំង ថាយកឱកាស នៃការប្រកាសបទឈប់បាញ់ ដើម្បីប្រមូលផ្ដុំកម្លាំង និង​រៀបចំ​អាវុធ។

អ្នកនាំពាក្យរដ្ឋាភិបាលរ៉ូស្ស៊ី បានថ្លែងឡើងថា៖ «យើងបានមើលឃើញ ដោយមិនលំអៀងថា មិនមានការ​បំបែក​ជួរ រវាងក្រុមប្រឆាំង និងក្រុមភេរវនិយមនោះឡើយ ហើយបញ្ហានេះ បានបង្កស្ថានភាព ឲ្យកាន់តែ​មាន​ភាព​តឹង​តែង និងស្មុគ្រស្មាញឡើង»៕