គ្លីនតុន-ត្រាំ បន្ត​«ឌឺ​ដង» បន្ទាប់​ពី​ត​ទល់​មុខ​គ្នា​លើក​ទី១

ការជជែកតទល់មុខគ្នា កាលពីយប់ថ្ងៃចន្ទកន្លងមកនេះ (ព្រឹកថ្ងៃអង្គារ នៅកម្ពុជា) បានប្រមូលទស្សនិកជន ប្រមាណ​ជាង​៨៤លាន​នាក់ ឲ្យអង្គុយតាមដាន នៅពីមុខកញ្ចក់ទូរទស្សន៍។ ជាចំនួនមួយ ដែលមិនដែល​ធ្លាប់​មាន ឬ​អាច​និយាយ​ថា ការជជែកតទល់ រវាងអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) និងលោក ដូណាល់ ត្រាំ (Donald Trump) បាន​បំបែក​ឯកត្តកម្ម ពីរាល់ការជជែកតទលគ្នា នៃបណ្ដា​បេក្ខជន​ប្រធានាធិបតី​អាមេរិក លើក​មុនៗ។
គ្លីនតុន-ត្រាំ បន្ត​«ឌឺ​ដង» បន្ទាប់​ពី​ត​ទល់​មុខ​គ្នា​លើក​ទី១

ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ និងអ្នកស្រី ហ៊ីឡារី គ្លីនតុន។ (រូបថត AP)

ប៉ុន្តែការជជែកគ្នា ដែលអ្នកផងមើលឃើញថា អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានគ្របសង្កត់​ទៅ​លើ​​លោក ដូណាល់ ត្រាំ (Donald Trump) នេះ គ្រាន់តែជាភាគដំបូង នៃការ«ឌឺដង» ពី​សំណាក់​អ្នកស្រី គ្លីនតុន និង​​ការវាយប្រហារ ពីសំណាក់លោក ត្រាំ ប៉ុណ្ណោះ។ អ្នកទាំងពីរ​បានបន្តការផ្ដោះផ្ដងគ្នា យ៉ាង​ខ្លាំង​បន្ថែម​ទៀត នៅ​ថ្ងៃ​អង្គារនេះ នៅក្នុងអង្គប្រជុំដ៏ធំសម្បើម ជាមួយអ្នកគាំទ្ររៀងៗខ្លួន។

បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានបន្តបរិហារមហាសេដ្ឋី ខាង​អចលនវត្ថុ ថាគ្មានបុគ្គលិកលក្ខណៈ និងសមត្ថភាព ក្នុងការបន្តតំណែង ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក ជិតផុតអណត្តិសព្វថ្ងៃនេះទេ។ អ្នកស្រីបានរំលឹក ពីការបន្ទោស ទៅ​លើ​មីក្រូ​ចាប់​សម្លេង របស់លោក ដូណាល់ ត្រាំ នោះថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ពិតជាមានបញ្ហា មក​ពី​ខ្លួន​ឯង​ផ្ទាល់ ពេញមួយរាត្រីតែម្ដង។

ថ្លែងនៅចំពោះអ្នកគាំទ្រ ជាង១៤០០នាក់ នៅក្នុងវិទ្យស្ថានគរុកោសល្យ នាក្រុង «Raleigh» នៃរដ្ឋការ៉ូលីន​ខាង​ជើង (ភាគខាងកើតអាមេរិក) បេក្ខនារីប្រធានាធិបី បានបន្ត«ចាក់ចង្កេះ»លោក ត្រាំ ទាក់ទងនឹង​សំនុំ​រឿង​បង់​ពន្ធ​ដូច្នេះ​ថា៖ «គាត់បានអួតអាង ពីការឆ្លៀតឱកាស លើប្រព័ន្ធដឹកនាំប្រទេស ដើម្បីមិនបង់ពន្ធដារ ដែល​គាត់​ត្រូវ​ជាប់កាតព្វកិច្ច។ តាមទំនងមើលទៅ គាត់មិនដែលបានបង់អ្វីទាំងអស់ សូម្បីតែមួយសេន ដើម្បី​ជួយ​ដល់​កងទ័ព អតីត​យុទ្ធជន និងដល់សាលារៀនរបស់យើង។»

បើទោះជាបានដឹង ពីការគ្របសង្កត់របស់អ្នកស្រី គ្លីនតុន មកលើលោក ក្នុងការជជែកតទល់គ្នានោះ តែ​សម្រាប់​លោក ដូណាល់ ត្រាំ វិញ បានខិតខំព្យាយាម លើកកម្លាំងចិត្តឲ្យក្រុមអ្នកគាំទ្ររបស់លោកវិញ នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ ដោយបញ្ជាក់ថា លោកនឹងត្រៀមវាយបកវិញ នៅក្នុងការជជែកតទល់លើកទីពីរ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី៩ ខែតុលាខាងមុខ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅយប់ថ្ងៃចន្ទ (បន្ទាប់ពីការជជែកតទល់គ្នារួច) បេក្ខជនមហាសេដ្ឋី បាន​រិះគន់​អ្នកស្រី គ្លីនតុន ថាគ្មាននរណាសម្បូរ ដោយល្បិចកលឧបាយ ស្មើនឹងអ្នកស្រីអតីតស្ត្រីទីមួយ របស់​អាមេរិក​រូប​នេះ​ឡើយ។ លោកបានថ្លែងថា៖ «ខ្ញុំបានទប់ចិត្ត ដោយមិនចង់ធ្វើអ្វីទាំងអស់ ដើម្បីរំខានគាត់។ ប៉ុន្តែខ្ញុំ​បាន​សង្កេត​ឃើញ ថាគាត់បានជាប់ផុង តែជាមួយរឿងអតីតកាល។»

នៅក្នុងការជជែកតទល់គ្នានោះ លោក ត្រាំ បាននិយាយថា អ្នកស្រី គ្លីនតុន ជាបេក្ខនារីនៃអតីតកាល ខណៈ​ឯ​រូប​លោក ជាបេក្ខជននៃអនាគតកាល។ ប៉ុន្តែការលើក​ឡើង​ជ្រុលពេក ពីករណី«អតីតកាល» និង«អនាគតកាល» បាន​ធ្វើ​ឲ្យ​លោក ត្រាំ ភ្លេចលើក​ឡើង ពីរឿង​«ជញ្ជាំង»​ខណ្ឌ​ព្រំដែន រវាង​អាមេរិក និងម៉ិកសិក ដែលជា​​គោល​​​នយោបាយ​ដ៏ចម្បង​មួយ របស់លោក នៅក្នុងការឃោសនាបោះឆ្នោតនេះ។

ការស្ទង់មតិ​មួយ របស់គេហទំព័រ «Real Clear Politics» បន្ទាប់ពីការជជែកតទល់ កាលពីយប់ថ្ងៃចន្ទ បានឲ្យ​ដឹង​ថា អ្នកស្រី គ្លីនតុន បានទាក់ទាញ​សម្លេង​ឆ្នោត បានប្រមាណជា ៤៣% ខណៈលោក ត្រាំ បាន៤១.៥%។ ប៉ុន្តែ​អ្វីៗ នៅមិនទាន់សម្រេចនៅឡើយ ដោយសារការឃោសនា នៅសល់រយៈពេលវែង ហើយការ​​ជជែក​​ត​ទល់​​មុខ​​គ្នា នឹងត្រូវធ្វើយ៉ាងហោច ២ដងទៀត៕