ខ្មែរ​ចំណាកស្រុក​ជាប់​ពន្ធនាគា​រ ថៃ រហូតដល់​ជិត​(៣ ពាន់​នាក់​) ពិត​ជា​គួរឲ្យ​សង្វេគ​ណាស់​ ​

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ប្រទេសថៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំអនុវត្តន៍ទោសនៅពន្ធនាគារក្នុងប្រទេសថៃ មានចំនួន (២៧១៨នាក់) ដោយអ្នកខ្លះជាប់ទោសអស់មួយជីវិត និងអ្នកខ្លះបានអនុវត្តទោសជិត២០ឆ្នាំហើយ។
ការបញ្ជាក់ទាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាដឹកនាំដោយលោក ឈន សាណាត និងលោកស៊ុច សុផាណ្ណារ៉ា អគ្គនាយករងក្រសួងយុត្តិធម៌ ជាមួយអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ។
ក្នុងជំនួប ខាងភាគីក្រសួងយុត្តិធម៌ថៃបានជម្រាបជូនគណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាថា ចំនួនពលរដ្ឋកម្ពុជាដែលកំពុងជាប់ឃុំអនុវត្តទោសនៅពន្ធនាគារក្នុងប្រទេសថៃ មានចំនួន ២៧១៨នាក់ ដោយអ្នកខ្លះជាប់ទោសអស់មួយជីវិត និងអ្នកខ្លះបានអនុវត្តន៍ទោសជិត២០ឆ្នាំហើយ ។
នៅក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជា ក៏បានជួបសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅតាមជាយទីក្រុងបាងកក និងបានផ្តល់ជូននូវថវិកាមួយចំនួនផងដែរដល់ពលរដ្ឋទាំងអស់នោះ ។
ជាមួយគ្នានេះ គណៈប្រតិភូអគ្គពន្ធនាគារកម្ពុជាបានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គួរកុំលួចធ្វើចំណាកស្រុកដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការជាប់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញផ្សេងៗនៅក្នុងប្រទេសថៃ និងម្យ៉ាងទៀត សូមពលរដ្ឋ កម្ពុជា ដែលមានការបាត់សាច់ញាតិយូរមិនឃើញត្រឡប់ទៅស្រុកកំណើតវិញ សូមកុំ អាលអស់សង្ឃឹម ព្រោះអាចជាប់ពន្ធនាគារនៅប្រទេសថៃ ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលកំពុងជាប់ឃុំចំនួន ២៧១៨នាក់ ៕
ខ្មែរ​ចំណាកស្រុក​ជាប់​ពន្ធនាគា​រ ថៃ រហូតដល់​ជិត​(៣ ពាន់​នាក់​) ពិត​ជា​គួរឲ្យ​សង្វេគ​ណាស់​ ​