រដ្ឋសភា​ច្រាន​ចោល​សំណើ​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​២​រូប

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ច្រាន​ចោល​សំណើ​របស់​ក្រសួង​យុត្តិធម៌ ដែល​ស្នើ​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ ២​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។

អគ្គលេខាធិការ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ លោក ឡេង ប៉េងឡុង ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រក​មិន​ឃើញ​ការ​ពាក់ព័ន្ធ​របស់​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​នោះ លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដូច​នឹង​ការ​ស្នើ​របស់​ក្រសួង​យុត្តិធម៌​ឡើយ។

កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ស្នើ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន អោយ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។

សំណើ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ថា អ្នក​តំណាងរាស្ត្រ​ទាំង ២​រូប​កំពុង​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ។

តំណាងរាស្ត្រ​ទាំង​២​រូប​នេះ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។