៥៣​ឆ្នាំ​កន្លង​មក​ នេះ​ជា​លើក​ទី​មួយ​ហើយ​​ដែល​មីយ៉ាន់ម៉ា​មាន​ប្រធានាធិបតី​ជា​ជន​ស៊ីវិល​

នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​រដ្ឋសភា​ គណបក្ស​របស់​លោកស្រី​អង់សានស៊ូជី​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ដែល​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភា​ បាន​បោះឆ្នោត​ជ្រើស​រើស​លោក​ ទីន​ ច (Htin Kyaw) អាយុ​៦៩​ឆ្នាំ​​ជា​ប្រធានាធិបតី​របស់​មីយ៉ាន់ម៉ា​។ គេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ​ ព្រោះ​ថា​នេះ​ជា​លើក​ទី​មួយ​ដែល​​ប្រទេស​មីយ៉ាន់ម៉ា​មាន​ប្រធានាធិបតី​ជា​ជន​ស៊ីវិល​ ចាប់​តាំង​ពី​យោធា​របស់​ប្រទេស​នេះ​បាន​ឡើង​កាន់​អំណាច​ចាប់​ពី​ឆ្នាំ​១៩៦២​មក​។

លោក Htin Kyaw គឺ​ជា​ទីប្រឹក្សា​ជិតស្និទ្ធ​ និង​ជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​លោកស្រី​ អង់សានស៊ូជី​ ហើយ​លោក​ត្រូវ​បាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អង់សានស៊ូជី​ តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​ និង​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតី​ដោយ​សម្លេង​៣៦០ លើ​៦៥២​នៅ​​​រដ្ឋសភា​នា​ថ្ងៃ​អង្គារ​ទី​១៥ ​ខែ​ មិនា​ ឆ្នាំ​ ២០១៦។ ចំណែក​បេក្ខជន​ពីរ​នាក់​ទៀត​​ គឺ​លោក​ Myint Swe មក​ពី​ខាង​យោធា​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​ទី១ ហើយ​លោក​ Henry Van Thio មក​ពី​ក្រុម​ជនជាតិ​ភាគ​តិចChin នឹង​ក្លាយ​ជា​អនុ ប្រធានាធិបតី​ទី​២។

ការណ៍​ដែល​លោក​ស្រី​ អង់សានស៊ូជី​ មិន​អាច​ធ្វើ​ជា​ប្រធានាធិបតី​ដោយ​ខ្លួន​លោកស្រី​ផ្ទាល់​ ព្រោះ​ថា​​​រដ្ឋធម្មនុញ្ញ​មីយ៉ាន់ម៉ា​ ហាម​មិន​អោយ​អ្នក​ដែល​មាន​គ្រួសារ​ជា​ជនបរទេស​កាន់​តំណែង​សំខាន់​ដូចជា​ប្រធានាធិបតី​ នោះ​ទេ​ ប៉ុន្តែ​លោកស្រី​មាន​ស្វាមី និង​កូនប្រុស​ពីរ​នាក់​​ជា​ជនជាតិ​អង់គ្លេស។ ម្យ៉ាងទៀត​ រដ្ឋធម្មនុញ្ញ​នេះ​មិន​អាច​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​បាន​ ត្បិត​ថា​របប​យោធា​ដែល​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ​នោះ​បាន​កំណត់​ពី​សិទ្ធិ​វេតូ​របស់​យោធា​ដែល​នៅ​មាន​អាសនៈ​២៥%​ក្នុង​សភា​ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាងណា​ គេ​ដឹង​យ៉ាង​ច្បាស់​ថា​ លោកស្រី​អង់សានស៊ូជី​ នៅ​ពី​លើ​ប្រធានាធិបតី ហើយ​លោក​Htin Kyaw គ្រាន់​តែ​ជា​តំណាង​របស់​លោកស្រី​ប៉ុណ្ណោះ​។

លោក​ Htin Kyaw រៀន​នៅ​សាលា​ក្នុង​ទីក្រុង​Yangon ជាមួយ​លោកស្រី​អង់សានស៊ូជី​ មុន​ពេល​ដែល​លោក​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​។ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៤ខែ​កាល​ពី​ឆ្នាំ​២០០០ ដោយ​សារ​ព្យាយាម​ជួយ​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតី​ចេញ​ពី​ទីក្រុង​Yangon។ លោក​ក៏​ជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​សប្បុរសធម៌​ ដែល​យក​ឈ្មោះ​តាម​ម្ដាយ​របស់​លោក​ស្រី​អង់សានស៊ូជី​ផង​ដែរ​ និង​ជា​កូន​ប្រុស​របស់​លោក​ Min Thu Wun ដែល​ជា​អ្នក​និពន្ធ​ និង​កវី​ដែល​​ទទួល​បាន​ការ​គោរព​ក្នុង​សង្គម​។​​

គួរ​បញ្ជាក់​ថា​ បន្ទាប់​​ពី​​របប​យោធា​ដែល​មាន​លោក​​ ថេន សេន ជា​ប្រធានាធិបតី​បាន​ធ្វើ​កំណែ​ទម្រង់​នាំ​ប្រទេស​ចេញ​ពី​របប​ផ្ដាច់​ការ កាល​ពី​ឆ្នាំ​២០១១​មក​ ​​ប្រទេស​មីយ៉ាន់ម៉ា​បាន​រៀបចំ​ការ​បោះឆ្នោត​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​​​ ដោយ​ក្នុង​នោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​ជា​បក្ស​ប្រឆាំង​របស់​លោក​ស្រី​ អង់សានស៊ូជី​ បាន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់​។

ប្រែ​សម្រួល៖ Sophany
ប្រភព៖



  • ៥៣​ឆ្នាំ​កន្លង​មក​ នេះ​ជា​លើក​ទី​មួយ​ហើយ​​ដែល​មីយ៉ាន់ម៉ា​មាន​ប្រធានាធិបតី​ជា​ជន​ស៊ីវិល​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: