ប្រដាល់​នារី​នឹង​នៅ​តែ​ខ្វះ​ដោយសារ​ធនធាន​ចំណូល​ថ្មី​មាន​កម្រិត

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ប៉ុស្ដិ៍​លេខ​៥​បាន​ផ្ដើម​ឱ្យ​មានការ​ប្រដាល់​នារី និង​បាន​ប្រកាស​ថា ការ​សម្រេច​របស់​ខ្លួន​គឺ​មិន​ភ័យ​រឿង​ខ្វះ​កីឡាការិនី ក៏​អ្នក​រៀបចំ​នៅ​តែ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​រឿង​មិន​មាន​ចំនួន​អ្នក​ប្រដាល់​នារី​សម្រាប់​ដំណើរការ​កម្មវិធី​នេះ​ឱ្យ​បាន​យូរអង្វែង​ដែរ ។ លោក​ថា បញ្ហា​សំខាន់​គឺ​នារី​ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនសូវ​មាន​ចំណាប់អារម្មណ៍​ចង់​ហាត់​ប្រដាល់​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​អាជីព​ដែល​ធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​ភាគច្រើន​មិន​ហ៊ាន​រៀបចំ​ការ​ប្រដាល់​ផ្នែក​នារី​។ នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ក្ដី​បារម្ភ​ដែល​បាន​កើតឡើង​នៅ​តាម​បណ្ដា​ក្លិប​មួយ​ចំនួន ដោយសារ​តែ​ចំនួន​អ្នក​ហាត់​កីឡា​មិនសូវ​មាន​នារី​ជា​សិស្ស​ចំណូល​ថ្មី​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ដោយសារ​តែ​កត់សម្គាល់​ឃើញ​ថា​ប្រដាល់​នារី​ស្ទើរតែ​ត្រូវ​ស្លាប់​បាត់ លោក​ក៏​បាន​ស្នើ​ទៅ​ក្លិប​ប្រដាល់​ឱ្យ​ជ្រើសរើស​កីឡាការិនី​ក្នុង​អាជីព​ប្រដាល់​ឡើង​វិញ ។ ដោយ​ទទួលបាន​ចម្លើយ​វិជ្ជមាន​ពី​ក្លិប​ប្រដាល់ ទើប​ប៉ុស្ដិ៍​លេខ​៥​សម្រេច​បើក​ឱ្យ​ប្រដាល់​តែ​ម្ដង​កាលពីស​ប្ដា​ហ៍​មុន​នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out  Series ដែល​ទើបនឹង​ឈាន​ដល់​វគ្គ​៨​នាក់​ប្រកួត​យក​៤​នាក់​ជា​ផ្លូវការ ។ លោក​ថា ការ​ប្រដាល់​អាជីព​នារី​គឺជា​ចំណី​អារម្មណ៍​ថ្មី​មួយ សម្រាប់​ការ​ប្រដាល់ ដែល​ប៉ុស្ដិ៍​លេខ​៥​សម្រេច​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ឱ្យ​មាន​នារី​ក្មេង​ៗ​ដែល​ធ្វើការ​ប្រើ​កម្លាំង និង​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ចូល​ហ្វឹកហាត់​ប្រដាល់​ដើម្បី​កេរ្តិ៍ឈ្មោះ​ផង និង​ដើម្បី​រក​ចំណូល​ផង ។ លោក​ថា ការ​ប្រដាល់​នារី មិន​មាន​គ្រោះថ្នាក់​គួរ​ឱ្យ​បារម្ភ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​នារី​ប៉ះ​នារី​មិន​មាន​ទម្ងន់ដៃ​ណាមួយ​ដែល​បង្ក​ឱ្យ​ក្លាយជា​រឿង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ។ លោក​ថា នារី​សព្វថ្ងៃ​កាន់តែ​ចូល​ចិត្ត​កីឡា​ទើប​លោក​សម្រេច​រៀបចំ​ការ​ប្រដាល់​នារី​ដែល​បាន​ស្លាប់​បាត់​យូរហើយ​ឱ្យ​រស់​ឡើង​វិញ​។ បន្ទាប់​ពី​បុណ្យ​ភ្ជុំ​ត្រូវ​បាន​បញ្ចប់ កីឡាការិនី​ក្មេង​ៗ​នឹង​ត្រូវ​បង្ហាញខ្លួន​ឡើង​រេញ​ប្រកួត​គ្នា​កាន់តែ​ច្រើន​ថែម​ទៀត ដោយ​កីឡាការិនី​មួយ​ចំនួន​គឺជា​សមាសភាព​ក្មេង​ៗ និង​មាន​សមត្ថភាព​ប្រចាំ​នៅ​ក្លិប​នីមួយ​ៗ​នោះ​ផង ។

លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​រៀបចំ​របស់​លោក​នឹង​អស់​កីឡាការិនី​ឡើង​វាយ​ក្នុង​ពេល​ដែល​ការ​ប្រកួត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​យូរអង្វែង​ច្រើន​ទៀត​ដោយ​គ្មាន​ទី​បញ្ចប់ ។ លោក​ថា បើ​សមាសភាព​កីឡាការិនី​មាន​ច្រើន នោះ​ប៉ុស្ដិ៍​លេខ​៥​នឹង​បង្កើត​ជា​ការ​ប្រកួត​ដណ្ដើម​ពាន​តែ​ម្ដង ដើម្បី​លើកទឹកចិត្ត​ឱ្យ​យុវតី​ក្មេង​ៗ​ដែល​មាន​ទឹកចិត្ត​ស្រឡាញ់​កីឡា និង​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​អាជីព ។ លោក​ថា ជំហរ​របស់​លោក​គឺ​ចង់បាន​គូ​ប្រដាល់​ជានា​រី​ច្រើន​ជាង​បុរស ហើយដោយ​សារ​តែ​ខ្លាច​មិន​គ្រប់​សម្រាប់​សមាសភាព​របស់​គូ​នារី​នេះ​ហើយ ដែល​លោក​សម្រេច​ដាក់​នារី​ត្រឹមតែ​២​ស​ប្ដា​ហ៍​ម្ដង​។ លោក​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​នារី​ក្មេង​ៗ​នៅ​ក្នុង​វិស័យ​ប្រដាល់​ឱ្យ​បាន​ច្រើន​ដើម្បី​ពង្រីក​ធនធាន​អ្នក​ប្រកួត​ជានា​រី​ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​ក្នុង​វិស័យ​ប្រដាល់ ។  លោក​យល់​ថា ការ​បំផុស​ឱ្យ​មានការ​ប្រដាល់​សាកល​អាជីព​ជា​ពិសេស​គឺ​ការ​ប្រដាល់​របស់​នារី មិន​ខុស​ពី​បណ្ដុះ​ឱ្យ​មាន​ធនធាន​កីឡាករ​-​កីឡាការិនី​ប្រដាល់​សាកល​អាជីព​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវការ​សមាសភាព​កីឡាករ និង​កីឡាការិនី​ក្នុង​ចំនួន​ច្រើន​ដើម្បី​បើក​ឆាក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ខាង​មុខ ។

លោក​ថា ប្រទេស​កម្ពុជា​មិន​អាច​ទាល់តែ​ដល់​កៀក​ឆ្នាំ​២០២៣​ទើប​បណ្ដុះ​នូវ​ប្រភេទ​កីឡា​ដែល​នឹង​ក្លាយជា​វិញ្ញាសា​សម្រាប់​ប្រកួត​ជា​អន្តរជាតិ​បាន​ទេ គឺ​ត្រូវ​តែ​មានការ​ត្រៀមខ្លួន​ជា​មុន ទើប​ប៉ុស្ដិ៍​លេខ​៥​ត្រូវ​តែ​បើក​ការ​ប្រកួត​ប្រដាល់​សាកល​អាជីព​ពី​ឥឡូវ ហើយ​ផ្ដោត​ការ​បំផុស​លើ​នារី​ជា​សំខាន់ ។ លោក​ថា​ប្រដាល់​សាកល​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ​ពាក់​មុខ និង​លើ​ពោះ និង​ការ​ប្រដាល់​សាកល​អាជីព​ដែល​ដូច​គ្នា​នឹង​ការ​ប្រដាល់​បែប​ចំហ​មុខ​ចំហ​ខ្លួន​ដូច​ប្រដាល់សេរី​ដែរ ប៉ុន្តែ​មិន​ឱ្យ​ប្រើ​កែង និង​ជើងទេ ។ លោក​និយាយ​ថា ក្នុង​ពេល​ខាង​មុខ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​នឹង​បំផុស​ឱ្យ​មានការ​ប្រដាល់​សាកល​ឱ្យ​កាន់តែ​ខ្លាំង​ក្នុង​ពេល​ដែល​បណ្ដា​ទូរទស្សន៍​ស្ទើរ​ទាំងអស់​ចាប់អារម្មណ៍​តែ​ប្រដាល់សេរី ៕